ជាតិ
សេដ្ឋកិច្ច
អ្នកមានគណនីជាប្រាក់រៀល អាចទូទាត់ប្រាក់ជាមួយ AliPay នៅជុំវិញពិភពលោក តាម QR Code
16, Nov 2023 , 11:19 am        
រូបភាព
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចាប់ដៃ ជាមួយ លោក Douglas Feagin អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Ant Group (AliPay) បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី «កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត» នៅសិង្ហបុរី នាថ្ងៃទី១៥វិច្ឆិកា។ រូបថត៖ Chea Serey
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចាប់ដៃ ជាមួយ លោក Douglas Feagin អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Ant Group (AliPay) បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី «កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត» នៅសិង្ហបុរី នាថ្ងៃទី១៥វិច្ឆិកា។ រូបថត៖ Chea Serey
ពលរដ្ឋដែលអ្នកមានគណនីធនាគារ ជាប្រាក់រៀល អាចទូទាត់សងប្រាក់ឆ្លងដែនលើថ្លៃទំនិញ-សេវាកម្ម ជាមួយ AliPay បាននៅជុំវិញពិភពលោក តាមរយៈការស្កេនឃ្យូអរកូត(QR Code)។ ធនាគារជាតិនៃកម្ពុជា​បានចុះអនុស្សរណៈយោគយល់គ្នាលើ«កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត» ជាមួយក្រុមហ៊ុន AliPay Connect Pte. Ltd. នាក្នុងអំឡុងពេលចូលរួមព្រឹត្តិការណ៍បចេ្ចកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី នៅថ្ងៃទី១៥វិច្ឆិកា។​

 
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា កិច្ចសហប្រតិបត្តិការនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធបាគង អាចទូទាត់ប្រាក់លើថ្លៃទំនិញឬសេវា ជាមួយអាជីវករដែលមានប្រព័ន្ធ AliPay ចំនួន៨៣លានអាជីវករនៅទូទាំងពិភពលោក។
 
បើតាមលោកស្រីទេសាភិបាលធនាគារជាតិ កិច្ចសហប្រតិបត្តិការនេះ ក៏អនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនានៅកម្ពុជា អាចទូទាត់តាមរយៈប្រព័ន្ធ KHQR បានដោយភាពងាយស្រួល​ និងរហ័ស ផងដែរ។ លោកស្រី ជា សិរី បានអះអាងយ៉ាងដូច្នេះ៖ «កិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ការទូទាត់របស់កម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់បទពិសោធន៍ក្នុងការទូទាត់ប្រាក់របស់អ្នកទេសចរឱ្យកាន់តែប្រសើរឡើងនៅកម្ពុជា សំដៅដល់ការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
 
ដើម្បីទទួលបានការទូទាត់ឆ្លងដែនជាមួយ AliPay ពលរដ្ឋដែលជាអាជីវករក្តី ជាអ្នកទេសចរក្តី ឬជាអ្នកធុរកិច្ចក្តី គឺត្រូវតែមានគណនីធនាគារជាប្រាក់រៀល និងទទួលយកប្រាក់រៀល។ នេះជាការរំឭករបស់លោកស្រី ជា សិរី ដោយស្នើដល់ធនាគារក្នុងស្រុក ត្រូវជូនដំណឹង និងលើកទឹកចិត្តឱ្យពាណិជ្ជករ ដែលជាអតិថិជនរបស់ខ្លួនបើកគណនីប្រាក់រៀល ហើយចាប់ផ្តើមទទួលយកការទូទាត់ជាប្រាក់រៀល។ លោកស្រី​បានបញ្ជាក់ថា ៖ « ព្រោះយន្តការនេះ គឺធ្វើឡើងតែដើម្បីលើកទឹកចិត្តការប្រើប្រាស់ប្រាក់រៀល ប៉ុណ្ណោះ»។
 
ក្រៅពីភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូទាត់សង់ប្រាក់ជាមួយ AliPay នេះ ធនាគារជាតិកន្លងមក ក៏បានតភ្ជាប់ប្រព័ន្ធនេះជាមួយប្រទេសក្នុងតំបន់ ដូចជា​ ថៃ វៀតណាម ម៉ាឡេស៊ី ឡាវ ផងដែរ។ ធនាគារជាតិ ធ្វើបែបនេះ ដើម្បីសម្រួលដល់ការទូទាត់ឆ្លងដែនឱ្យមានតែមានប្រសិទ្ធភាព ព្រមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ។ 
 
គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៣ ប្រព័ន្ធបាគងមានសមាជិក ៧០ ដោយក្នុងនោះ មានគ្រឹះស្ថានចំនួន៤៨ ដាក់ឱ្យដំណើរជាផ្លូវការ​ដែលមានអតិថិជនចុះឈ្មោះប្រើប្រាស់តាមរយៈកម្មវិធីបាគងចំនួន៥៥០ពាន់គណនី ខណៈចំនួនគណនីអ៊ីវ៉ាឡេត (e-Wallet) បានកើនដល់ ៨៩,៧ពាន់លានដុល្លារអាម៉េរិក ស្មើនឹងជាង៣ដងនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលមានចំនួនប្រតិបត្តិការប្រមាណ ៣០,៣លានប្រតិបត្តិការ៕ 

Tag:
 ហិរញ្ញវត្ថុ
  បាគង​
  លោកស្រី ជា សិរី
© រក្សាសិទ្ធិដោយ thmeythmey.com