ជាតិ
យុវជន មួន ម៉ន ដាំតាសក់ផ្អែមឡើងវិញក្រោយទីផ្សារមានតម្លៃល្អ
19, Nov 2023 , 11:59 am        
រូបភាព
សៀមរាប៖ គ្រួសារយុវជន មួន ម៉ន កំពុងត្រៀមប្រមូលផលតាសក់ផ្អែម ដែលបានដាំលើដីចម្ការមួយកន្លែង ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។



សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
 
 
យុវជន មួន ម៉ន បានរៀបរាប់ថា គ្រួសារលោកបានចាប់ផ្តើមដាំតាសក់ផ្អែមនេះនៅក្នុងខែ កញ្ញា ដោយមាន៣ប្រភេទ គឺប្រភេទក្រឡាសំណាញ់ ស និងលឿង។ មានវ័យ២៧ឆ្នាំ យុវជន មួន ម៉ន បញ្ជាក់ថា គ្រួសារលោកធ្លាប់ដាំដំណាំតាសក់នេះម្ដងរួចមកហើយ តែបានឈប់មួយរយៈ និងចាប់ផ្តើមដាំឡើងវិញ បន្ទាប់ពីមើលឃើញទីផ្សារល្អ តម្លៃសមរម្យ និងឆាប់ប្រមូលផល។ 
 
កសិករនៅភូមិអញ្ចាញរូបនេះ បានដាំតាសក់ផ្អែម៣ពាន់ដើម ហើយការប្រមូលចាប់ផ្តើមពី​ពាក់កណ្ដាលខែ វិច្ឆិកានេះតទៅ។ ជាអ្នកមានបទពិសោធន៍ដាំមួយរូប មួន ម៉ន អះអាងថា ដាំតាសក់​ចំណេញជាងដាំដំណាំដទៃច្រើនដង តែដំណាំនេះទាមទារការថែទាំដិតដល់ និងជាប្រចាំ។ 
 


មួន ម៉ន រៀបរាប់ដូច្នេះថា៖« ប្រសិនអ្នកមិនធ្លាប់ដាំសោះគឺពិបាកខ្លាំង តែសម្រាប់អ្នកធ្លាប់ធ្វើវាអត់សូ​វពិបាកប៉ុន្មានទេ សំខាន់មានសមាជិកជួយគ្នាបានគឺលឿនទេ តែបើខ្វះខាតអ្នកជួយពិបាកដែរ ទីមួយទាក់ទងការកាត់ខ្នែង  បើធ្វើមិនទាន់វាតូច ការលូតលាស់របស់វាអត់សូវលឿនដែរ តែធ្វើទាន់ផ្លែក៏ធំ បានផលច្រើន»។ 
 
ដូចដំណាំផ្សេងទៀតដែរ មួន ម៉ន ប្រាប់ថា ការដាំតាសក់នៅខែវស្សាមានផលលំបាកបន្ដិច ក្នុងនោះស្មៅឆាប់ដុះ និងកើតជំងឺច្រើន។ ការដាំតាសក់ផ្អែមនេះទៀតសោត ទាមទារមានអ្នកថែទាំច្រើននាក់ ដូចចម្ការនៅភូមិអញ្ចាញនេះ យុវជន មួន ម៉ន ពោលថា សមាជិក៣នាក់នៃគ្រួសារខ្លួន ត្រូវចំណាយពេលស្ទើរទាំងអស់នៅលើចម្ការមួយនេះ ដោយសឹងគ្មានពេលសម្រាកឡើយ ចាប់ផ្តើមពីថ្ងៃដាំ រហូតដល់ដល់ប្រមូលផល។ ហើយដំណាំនេះ ក៏រើសជីផងដែរ គឺជាប្រភេទជីរលាយ ដូចជាជីកំប៉ុសសម្រាប់លាយទឹកស្រោចគល់ជាដើម។
 
ដ្បិតថា មានការលំបាកក្នុងការដាំដុះបន្ដិចក្ដី តែសម្រាប់កសិករ មួន ម៉ន លើកទឹកចិត្តឱ្យកសិករផ្សេងទៀត ងាកមកដាំតាសក់ផ្អែមកាន់តែច្រើន ដ្បិតជាដំណាំថ្មី ពិសេសមានទីផ្សារល្អ និងមានសមាគមប្រមូលទិញត្រឹមត្រូវប្រសិនដំណាំដាំដុះតាមស្ដង់ដាត្រឹមត្រូវ។ មួន ម៉ន បន្ថែមថា ប្រសិនចង់ដាំកសិករអាចសិក្សាបាន និងសួរនាំអ្នកធ្លាប់ដាំ ដើម្បីទទួលបានជោគជ័យ មិនត្រូវដាំតៗគ្នា ធ្វើឱ្យខាតបង់ទទេឡើយ៕








Tag:
 តាសក់ផ្អែម
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com