ជាតិ
សិល្បះ
លោក ម៉ាក្រុង សន្យាបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ណាប៉ូឡេអុង III
19, Nov 2023 , 6:10 pm        
រូបភាព
ស្ថិតក្នុងព្រះបរមរាជវាំងផ្នែកខាងត្បូងនៃព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះរាជដំណាក់ណាប៉ូឡេអុងទី៣ (Pavillon Napoleon III) ជាព្រះរាជអំណោយប្រវត្តិសាស្ត្ររបស់ព្រះចៅអធិរាជចុងក្រោយបារាំង ថ្វាយចំពោះព្រះមហាក្សត្រ ព្រះបាទ នរោត្តម។ នាព្រះរប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង សន្យាបញ្ជូនអ្នកបច្ចេកទេស មកសិក្សា និងជួសជុលសំណង់ដែក ដែលមានអាយុកាលជិត១៥០ឆ្នាំមួយនេះ។

 

ព្រះរាជសវនាការរវាងព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី និងលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅវិមាន Elysee កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ រូបថត AFP
 
«តបទៅនឹងព្រះរាជសំណើរបស់ព្រះករុណា ព្រះមហាក្សត្រ លោកប្រធានាធិបតីបារាំងបានសន្យានឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំង»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្តីពីលទ្ធផលនៃព្រះរាជសវនាការនៅវិមាន Elysee កាលពីថ្ងៃទី១៣ ខែវិច្ឆិកា រវាងព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ 
 
ការសន្យាបញ្ជូនអ្នកបច្ចេកទេស និងជួសជុលប្រាសាទ, វិមាន ឬព្រះរាជដំណាក់ណាប៉ូឡេអុងទី៣នេះ ជាផ្នែកមួយនៃការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំង ក្នុងការជួយដល់វិស័យវប្បធម៌ ដែលក្រៅពីនេះ រួមមានដូចជាគម្រោងជួសជុល និងការពង្រីកសារមន្ទីរជាតិ គម្រោងជួសជុលរូបព្រះវិស្ណុធ្វើពីសំរិទ្ធ ដើម្បីយកទៅតាំងនៅប្រទេសបារាំង ជាមួយនឹងវត្ថុបុរាណមួយចំនួនទៀត។
 
 
ព្រះចៅអធិរាជបាំង ណាប៉ូឡេអុងទី៣ នា​ឆ្នាំ១៨៦១។ រូបថតសារមន្ទីរសិល្បៈបារាំង
 
ជារចនាបថសម័យអាណានិគមនាសតវត្សរ៍ទី១៩ ប្រវត្តិប្រាសាទណាប៉ូឡេអុងនៅក្នុងព្រះបរមរាជវាំងខ្មែរ ត្រូវបានលើកឡើងផ្សេងៗគ្នា។ តាមសៀវភៅ «Le Palais du Roi du Cambodge» ដែលនិពន្ធដោយលោក Julio A. Jeldres ព្រះរាជដំណាក់នេះ ក៏អាចហៅម្យ៉ាងទៀតថា «Pavillon de Suez»។ Suez គឺសំដៅដល់ព្រែក «ជីកស៊ុយអេ» នៅប្រទេសអេហ្ស៊ីប។
 
ឯកសារបានបង្ហាញថា សំណង់អំពីដែកនេះ ត្រូវបានសាងសង់ឡើងធ្វើជាព្រះពន្លាសម្រាប់មហេសីអធិរាជណាប៉ូឡេអុងទី៣ គឺអធិរាជនីអឺហ្សេនី (Eugenie) ប្រើប្រាស់នៅពេលសម្ពោធព្រែកជីកស៊ុយអេ កាលពីឆ្នាំ១៨៦៩។ ប៉ុន្តែឯកសារមួយនាឆ្នាំ១៩០៧ បញ្ជាក់ថា ប្រាសាទដែកនេះ ត្រូវបានយកមកពីការតាំងពិព័រណ៌សកលស្តីពីសិល្បៈ និងឧស្សាហកម្ម (Exposition universelle d'art et d'industrie) នៅទីក្រុងប៉ារីសឆ្នាំ១៨៦៧។
 
 
ព្រះបាទ នរោត្តម ថតដោយ លោក Jonh Thomson នា​ឆ្នាំ១៨៦៦

ស្តេចណាប៉ូឡេអុងទី៣ (Charles-Louis Napoleon Bonaparte) ជាព្រះចៅអធិរាជចុងក្រោយរបស់បារាំង ដោយព្រះអង្គបានយាងសោយព្រះទិវង្គតនៅឆ្នាំ១៨៧៣ ក្នុងព្រះជន្ម៦៤ព្រះវស្សា។ ប៉ុន្តែបើតាមសៀវភៅ «Le Palais du Roi du Cambodge» ប្រាសាទដែក ដែលលំអដោយនាឡិកាដ៏ធំមួយនេះ ត្រូវបានបញ្ជូនមកភ្នំពេញជាបំណែកៗ តាមការសន្យារបស់ព្រះអង្គចំពោះព្រះបាទ នរោត្តម កាលពីឆ្នាំ១៨៧០ ក្នុងគោលដៅពង្រឹងចំណងមិត្តភាពបារាំង-ខ្មែរ។
 
សំណង់ត្រូវបានរចនាដោយក្រុមហ៊ុន Ducros នៅក្រុងប៉ារីស ដែលអាចរុះរើបានទាំងស្រុង ស្របតាមលក្ខណៈបច្ចេកទេសនាសម័យកាលនោះ។ វិមាននេះ ត្រូវបានផ្គុំឡើងវិញតាមក្បួនសំណង់មេកាណូ (Meccano)។ បង្អួច និងទ្វារ ត្រូវបានតុបតែងដោយបន្ទះកញ្ចក់ឆ្លាក់ដោយអក្សរ N ហើយត្រូវបានគេសន្និដ្ឋានថា ជាតំណាងនៃព្រះនាមព្រះមហាក្សត្រទាំងពីរព្រះអង្គ គឺ Napoleon និង Norodom។
 
 

ជាវិមានស្ថិតក្នុងស្ថាបត្យកម្មទំនើដែលខុសប្លែកពីគេក្នុងព្រះបរមរាជវាំង និងមានការទាក់ទាញច្រើន ដោយព្រះបាទ នរោត្តម ក៏បានប្រើប្រាស់ជាព្រះរាជដំណាក់ផ្ទាល់ផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មិនមានភស្តុតាងគ្រប់គ្រាន់ បញ្ជាក់នូវមុខងារដើមរបស់អគារដែលត្រូវបានប្រើប្រាស់ក្នុងរាជ្យព្រះបាទ នរោត្តម និងរជ្ជកាល បន្តបន្ទាប់នោះទេ។
 
អាគារនេះ មានសភាពទ្រុឌទ្រោម ជាពិសេសក្រោយសម័យប៉ុលពត។ រហូតដល់ឆ្នាំ១៩៩១ ជាពេលដែលព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ស្តេចយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ លោក Didier Repellin ប្រធានស្ថាបត្យរករនៃរមណីយដ្ឋានប្រវត្តិសាស្ត្រនៅទីក្រុងលីយ៉ុង បានដឹកនាំការជួសជុលរយៈពេល៨០ថ្ងៃ ដោយមានការចូលរួមពីកម្មសិក្សាការីបារាំង និងបរទេស២៧នាក់, និស្សិតស្ថាបត្យកម្មកម្ពុជា១៥០នាក់ រួមទាំងកម្មករ និងអ្នកជំនាញសិល្បៈខ្មែរ២៥០នាក់ទៀត។
 
 

នាខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះករុណាព្រះបរមរតនកោដ្ឋ បានរៀបចំព្រះរាជពិធីសម្ពោធដាក់ដំណើរការអគារដែលត្រូវបានជួសជុលឡើងវិញនេះ ហើយនាពេលនោះ រដ្ឋមន្ត្រីការបរទេសបារាំង បានថ្វាយព្រះអង្គនូវស្រា Moet-et-Chandon ជាស្រាសំប៉ាញដែលព្រះចៅអធិរាជ ណាប៉ូឡេអុងទី៣ ចូលចិត្តបំផុត។
 
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ប្រាសាទណាប៉ូឡេអុង ក៏ដូចជាប្រាសាទចន្ទច្ឆាយា ប្រាសាទព្រះទីនាំងទេវាវិនិច្ឆ័យ មណ្ឌបព្រះនរោត្តម សួនច្បារនៅព្រះរាជដំណាក់ខេត្តសៀមរាប និងបរិវេណនៃព្រះបរមរាជវាំង ស្ថិតនៅក្រោមការថែទាំ និងជួសជុលពីសំណាក់ស្ថាបត្យករ វិស្វករសំណង់ វិស្វករអគ្គិសនី វិចិត្រករ សិល្បករ មេការ ជាងជំនាញ និងកម្មករសំណង់នៃក្រុមការងារថែរក្សា ជួសជុល អភិរក្សបេតិកភណ្ឌក្នុងព្រះបរមរាជវាំង ចំនួន២៣៣នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com