ជាតិ
រកឃើញស្នាដៃ​ឯក ​ជយលាភី​ព្រះ​នាង​ឥន្ទ្រទេវីឆ្នាំ​២០២៣​ហើយ​
20, Nov 2023 , 6:01 pm        
រូបភាព
ជយលាភីផ្នែក​ប្រលោមលោកខ្លី
ជយលាភីផ្នែក​ប្រលោមលោកខ្លី
ភ្នំពេញ៖ ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រទេវី ឆ្នាំ​២០២៣ បាន​រក​ឃើ​ញ​​ម្ចាស់​ជយ​លាភី​ទាំង​១០​រូប​ហើយ​។ ជយលាភី​ប្រលោម​លោក​ខ្លី​​លេខ​១ បាន​ទៅ​លើ​រឿង “​​ព្រលឹង​គុហនគរ”។ ចំណែក​ជយលាភី​លេខ​១​ ផ្នែក​កំណាព្យ​រឿង​វិញ បាន​ទៅ​លើ​រឿង “​វណ្ណៈ​ស្នេហ៍​ប្រែ​ពណ៌​”​។



លោក ចំរើន សុភ័ក្រ្ត មកពីខេត្តកំពត ម្ចាស់កំណាព្យ​​រឿង“វណ្ណៈស្នេហ៍ប្រែពណ៌” ដែល​ទទួល​បាន​ពាន​មាស

នៅ​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​នេះ ​ពិធី​ប្រកាស​និង​ប្រគល់​ពាន​រង្វាន់ ​ព្រះ​នាង​ឥន្ទ្រទេវី បាន​ធ្វើ​ឡើង​​នៅ​សាល​អង្គរ​ ក្នុង​ក្រសួង​វប្បធម៌​ និងវិចិត្រ​សិល្បៈ​។ 
 
​​ផ្នែក​​​ប្រលោម​លោ​កខ្លី ជយលាភី​លេខ​១​ ពាន​មាស បាន​ទៅ​លើ​រឿង “ព្រលឹង​គុហនគរ” និពន្ធ​ដោយ​លោក ផាត ភឿក មក​ពី​ខេត្ត​កំពង់​ចាម​។ ជយ​លាភី​លេខ​២​​ ពាន​ប្រាក់​ បាន​ទៅ​លើ​រឿង “រចនា” និពន្ធ​ដោយ​អ្នក​ស្រី ធា សុភី មក​ពី​រាជធានី​ភ្នំពេញ​។ ជយ​លាភី​លេខ​៣ ពាន​សំរឹទ្ធ បាន​ទៅ​លើ​រឿង​ “​រាជិនីល្បុក្កតោ” និពន្ធ​ដោយ​លោក​ វង្ស សុភាជ​ មក​ពី​ខេត្ត​​ព្រៃ​វែង​។ ជយ​លាភី​លេខ​៤ បាន​ទៅ​លើ​រឿង “​ភ្លើង​ឆេះ​រោង​របាំ​” និពន្ធ​ដោយ​លោក ចាន់ ថា​ភារុន​ មក​ពី​ខេត្តកំពង់​ចាម​។ និង​ជយ​លាភី​លេខ​៥ បាន​ទៅ​លើ​រឿង​ “មេ” និពន្ធ​ដោយ​កញ្ញា ជា សុលីនី មក​ពី​រាជធានី​ភ្នំពេញ​។

លោក ផាត ភឿក ម្ចាស់រឿង “ព្រលឹងគុហនគរ” ជយលាភី​លេខ​១ ផ្នែក​ប្រលោម​លោក​ខ្លី មកពីខេត្តកំពង់ចាម

ចំណែក​ផ្នែក​កំណាព្យ​រឿងវិញ​ ជយលាភី​លេខ​១​ ពាន​មាស បាន​ទៅ​លើកំណាព្យ​រឿង “វណ្ណៈស្នេហ៍​ប្រែពណ៌” និពន្ធ​ដោយ​លោក ចំរើន សុភ័ក្រ្ត​ មក​ពី​ខេត្ត​កំពត។ ជយ​លាភី​លេខ​២ ពាន​ប្រាក់​ បាន​ទៅ​លើ​កំណាព្យ​រឿង “រំដួលវតី” និពន្ធ​ដោយ​លោក សុវណ្ណ សិរីវុឌ្ឍ មក​ពី​រាជធានី​ភ្នំពេញ​​។ ជយ​លាភី​លេខ​៣ ពាន​សំរឹទ្ធ​ បាន​ទៅ​លើ​កំណាព្យ​រឿង​ “សម្បាច់​នារី​” និពន្ធ​ដោយ​លោក ទៀង ធន មក​ពី​ខេត្ត​ព្រៃ​វែង​​។ ជយ​លាភី​លេខ​៤​ បាន​ទៅ​លើ​កំណាព្យ​រឿង “​វិមាន​ម៉ារ៉ានី” និពន្ធ​ដោយ​លោ​ក ស៊ឹម​ គឹម​សាត មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​។ និង​​ជយ​លាភី​លេខ​៥ បាន​ទៅ​លើ​កំណាព្យ​រឿង​ “​មាស​ទឹក​ដប់” និពន្ធ​ដោយ​កញ្ញា កាន​ ស្រី​នីត​ មក​ពី​ខេត្ត​ព្រៃ​វែង​។

ជយលាភីផ្នែកកំណាព្យរឿង

ក្រៅ​ពី​ជយ​លាភី​ទាំង​១០​រូបខាង​លើ ក៏​មាន​​ការផ្ដល់​បណ្ណ​កិត្តិយស ​​ដល់​​បេក្ខ​ជន​​ បេក្ខ​នារី​ចំនួន​៥​រូប​បន្ថែម​ទៀត ​​ផ្នែក​ប្រលោម​លោក​ខ្លី និង​៥​រូប​ផ្នែក​កំណាព្យ​រឿង​។
 
តាម​ការ​វាយ​តម្លៃ​ជា​រួម​ របស់​គណៈ​កម្ម​ការ​​ដាក់​ពិន្ទុ​ ស្នាដៃ​​របស់​បេក្ខ​ជន​ បេក្ខ​នារី​ ដែលបាន​​ដាក់​ចូល​រួម​ប្រកួត ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រទេវី​ ក្នុង​ឆ្នាំ​២០២៣​នេះ មាន​ភាព​ល្អ​ប្រសើ​រ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​។ ពិសេស​ជយ​លាភី​លេខ​១ឆ្នាំ​នេះ រឿង​មាន​គុណ​ភាព​ខ្ពស់​គ្រប់​ជ្រុង​ជ្រោយ​ ធ្វើ​ឱ្យ​គណៈ​កម្ម​ការ​ងាយស្រួយ​វាយ​តម្លៃ និង​ដាក់​ពិន្ទុ​។
 
ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រទេវីឆ្នាំ​២០២៣ ​មាន​អ្នក​ដាក់​ស្នាដៃ​សរុប​ចំនួន​ ១១៤​ស្នាដៃ ក្នុង​នោះ​​ផ្នែក​ប្រលោម​លោក​ខ្លី មាន​ចំនួន៨៦​ស្នាដៃ និង​កំណាព្យរឿង​មាន ២៨​ស្នាដៃ​។ ក្នុង​ចំណោម​ស្នាដៃ​ទាំង​អស់ ​ស្ត្រីចូល​រួម​​ចំនួន​៤៨​ស្នាដៃ​​។ អ្នក​និពន្ធ​រៀម​ច្បង ចូល​រួម​ប្រកួត​ប្រជែង​មាន​៤០​ភាគ​រយ និង​អ្នក​និពន្ធ​ជំនាន់​ថ្មី​ មាន​ចំនួន​៦០​ភាគ​រយ​ ដែល​មក​ពី​រាជធានី​ខេត្ត​ចំនួន​១៩ និង​​មក​ពី​បរទេស​​ចំនួន​២​ស្នាដៃ​។ 

 ម្ចាស់​ជយលាភី​ផ្សេង​ៗ​ ថត​រូប​អនុស្សាវរីយ៍

សូម​បញ្ជាក់​ថា ឆ្នាំ២០២៣​នេះ គឺ​ជា​ឆ្នាំ​​ទី​២៣​ នៃ​ការ​ប្រឡង​ស្នាដៃ​តែង​និពន្ធ​ប្រលោម​លោក និង​កំណាព្យ​​រឿង​ ដែល​​រៀប​ចំ​ឡើង​ដោយ​​​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ និង​ជា​ឆ្នាំ​ទី​៩​ នៃ​ការ​ប្រគល់​ពាន​រង្វាន់​អក្សរ​សិល្ប៍​ឥន្ទ្រ​ទេវី។
 
ពាន​ព្រះនាងឥន្ទ្រ​ទេវី​ ​​ជា​ពាន​១​ មាន​វ័យ​ចំណាស់​ជាង​គេ​ គឺ​ចាប់​បដិសន្ធិ​ឡើង​ តាំង​ពី​ឆ្នាំ​១៩៦០​​ (ក្នុង​សម័យ​​សង្គម​រាស្ត្រ​និយម​ ដែល​បាន​រៀប​ចំ​ប្រឡង​ស្នាដៃ​និពន្ធ ចំនួន​៣​លើក​ កាល​ពេល​នោះ​ រៀប​ចំ​ដោយ​​សមាគម​អ្នក​និពន្ធ​ខ្មែរ។​ និង​សម័យ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ប្រឡង​បាន​​៦​លើ​ក​ ​គិត​ត្រឹម​ឆ្នាំ២០២៣​នេះ​។
 
ក្រៅ​ពី​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រទេវី​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​រៀ​ប​ចំ​ប្រឡង​ស្នាដៃ​ តែ​ង​និពន្ធ​ពាន​រង្វាន់​ចំនួន​១៧ផ្សេងទៀត ​ដូច​ជា ​​​ពាន​ព្រះ​បាទ​​សុរាម្រឹត ឆ្នាំ​២០០០។ ពាន​ព្រះ​នាង​ឥន្ទ្រទេវី ឆ្នាំ​២០០២​។ ពាន​សម្ដេច​​ ហ៊ុន សែន ឆ្នាំ​២០០៣​។ ពាន​ព្រះ​រាជ​សម្ភារ ឆ្នាំ​២០០៤-២០០៥។ 

ពិធីប្រកាសនិង​ប្រគល់​ពានរង្វាន់​ព្រះនាងឥន្ទ្រទេវី

ពាន​ព្រះ​បាទ​អង្គ​ដួង​ ឆ្នាំ​២០០៦។ ពាន​ឧកញ៉ា​សុត្តន្ត​ប្រីជាឥន្ទ ឆ្នាំ​២០០៧។ ពាន​សម្ដេច​​ព្រះ​សង្ឃ​រាជ​ ជួន ណាត ឆ្នាំ​២០០៨​។ ពាន​ឧកញ៉ាវិបុល​រាជ នូ កន ឆ្នាំ​២០០៩។ ពាន​ព្រះ​មុនី​កោសល​ សូរ ហាយ ឆ្នាំ​២០១០។ ពាន​ព្រះ​បទុម​ត្ថេរ សោម ឆ្នាំ​២០១១។ 
 
ពាន​នាយិកា សិទ្ធ ឆ្នាំ​២០១២​។ ពាន​សាស្ត្រាចារ្យ រឹម គិន ឆ្នាំ​២០១៣។ ពាន​លោក​ ហេង យ៉ាន់ ឆ្នាំ​២០១៤​។ ពាន​លោក ហែល ស៊ុំផា ឆ្នាំ​២០១៥​។ ពាន​លោក​ បាន​ តេង ឆ្នាំ​២០១៦​។ ពាន​លោក ហង្ស ធន់​ហាក់ ឆ្នាំ​២០១៧។ ពាន​លោក​ លី ធាម​តេង​ ឆ្នាំ​២០១៨​។ និង​​ចាប់​តាំង​ពី​ឆ្នាំ​២០១៩ រហូត​ដល់​បច្ចុប្បន្ន​ គឺ​ពាន​រង្វាន់​​ព្រះ​នាង​ឥន្ទ្រទេវី​​ទាំង​អស់​​៕

Tag:
 សិល្បៈ​
  អក្សរ​សិល្ប៍​
  វប្បធម៌​
  កំណាព្យ
  ប្រលោម​លោក​
  ជយលាភី​
 
© រក្សាសិទ្ធិដោយ thmeythmey.com