ជាតិ
សេដ្ឋកិច្ច
វិនិយោគិនជប៉ុនជិត៣០ក្រុមហ៊ុន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
21, Nov 2023 , 7:18 pm        
រូបភាព
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា កំពុងដឹកនាំកិច្ចប្រជុំរវាងក្រុមធុរជនកម្ពុជា​ និងជប៉ុន នៅទីស្នាក់ការកណ្តាលរបស់ធនាគារអេស៊ីដា​ នាល្ងាចថ្ងៃទី២០វិច្ឆិកា ឆ្នាំ២០២៣។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា កំពុងដឹកនាំកិច្ចប្រជុំរវាងក្រុមធុរជនកម្ពុជា​ និងជប៉ុន នៅទីស្នាក់ការកណ្តាលរបស់ធនាគារអេស៊ីដា​ នាល្ងាចថ្ងៃទី២០វិច្ឆិកា ឆ្នាំ២០២៣។
ម្ចាស់អាជីវកម្ម និងវិនិយោគិនជនជាតិជប៉ុនប្រមាណ៣០ក្រុមហ៊ុន បានជួបតំណាងក្រុមហ៊ុននានារបស់កម្ពុជា​ ដើម្បីពិភាក្សាគ្នា និងស្វែងរកឱកាសវិនិយោគលើវិស័យសក្កានុពលនៅទឹកដីកម្ពុជា។ ជំនួបធុរកិច្ចនេះ​ ត្រូវបានរៀបចំដោយធនាគារអេស៊ីលីដា និងសមាគមជប៉ុន-កម្ពុជា​ នាល្ងាចថ្ងៃទី២០វិច្ឆិកា ឆ្នាំ២០២៣។​



ធុរជនដែលបានចូលរួមក្នុងជំនួបនេះភាគច្រើនជាធ្វើជំនួញក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម។ ក្នុងនោះមានផ្នែកជួសជុល និងថែទាំយានយន្ដ សាលារៀន បច្ចេកវិទ្យាព័ត៌មាន ក្រុមហ៊ុនទីផ្សារ និងសេវាផ្សព្វផ្សាយ រួមទាំងក្រុមហ៊ុនក្នុងវិស័យកសិកម្ម អចលនទ្រព្យ ហិរញ្ញវត្ថុ សុខាភិបាល និងទេសចរណ៍ ជាដើម។

បើតាមលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ជំនួបធុរកិច្ចនេះធ្វើឡើង ដើម្បីបង្កើតឱកាសសម្រាប់វិនិយោគិនកម្ពុជាអាចស្វែងរក ឬចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនជប៉ុន បានកាន់តែងាយស្រួល។ លោកបណ្ឌិតបានបញ្ជាក់ថា៖ «ជំនួបនេះជាឱកាសសម្រាប់យើងបើកបង្ហាញអំពីសក្ដានុពលវិនិយោគរបស់កម្ពុជា​ទៅកាន់វិនិយោគអន្តរជាតិ»។

ធនាគារអេស៊ីលីដា នឹងបន្ដរៀបចំកម្មវិធីនេះរាល់ឆ្នាំ ដើម្បីជំរុញការវិនិយោគនៅកម្ពុជា។ នេះជាលើកឡើងរបស់លោកបណ្ឌិត អ៊ិន ចាន់ ដោយបន្តនិយាយដូច្នេះ៖ ​«នៅប្រទេសជប៉ុនមានប្រមាណ៣លានក្រុមហ៊ុន ដែលក្នុងនោះមាន៩៩ភាគរយ ជាសហគ្រាសខ្នាតតូច-មធ្យម។  ដូច្នេះហើយ វាទីផ្សារវិនិយោគដ៏ធំ ប្រសិនបើកម្ពុជាអាចទាក់ទាញក្រុមហ៊ុនទាំងនោះឲ្យចូលមកវិនិយោគនៅកម្ពុជា»។​

តាមការរៀបរាប់របស់ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា  ក្នុងរយៈពេល៣ឆ្នាំមកនៃជំនួបផ្គូរផ្គងធុរកិច្ច មានក្រុមហ៊ុនជប៉ុនជាច្រើន បានសម្រេចបោះទុនបង្កើតអាជីវកម្មដោយផ្ទាល់នៅកម្ពុជា ខណៈក្រុមហ៊ុនចំនួនទៀតបានចាប់ដៃគូជាមួយក្រុមហ៊ុនវិនិយោគក្នុងស្រុក​​។ លើសពីនេះ សមាគមជប៉ុន-កម្ពុជា គ្រោងបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជានាបពេលឆាប់ៗនេះ ដើម្បីសម្រួលដល់ការងារវិនិយោគ និងពាណិជ្ជកម្មរវាងក្រុមហ៊ុននៃប្រទេសទាំងពីរ ផងដែរ។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជប៉ុនគឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៥របស់កម្ពុជា​ បន្ទាប់ពី ចិន អាមេរិក វៀតណាម និងថៃ។ ពោលក្នុងរយៈពេល១០ខែនៃ១ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន សម្រេចបានជាង១៥០០លានដុល្លារអាម៉េរិក ដោយក្នុងនោះ កម្ពុជានាំទំនិញទៅទីផ្សារប្រទេសជប៉ុនសម្រេចបាន៩៧៥ លានដុល្លារ ខណៈនាំចូលវិញមានជិត ៥៣០លានដុល្លារ៕

© រក្សាសិទ្ធិដោយ thmeythmey.com