អន្តរជាតិ
ក្រុងសេអ៊ូលព្យួរកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េមួយផ្នែក ក្រោយក្រុងព្យុងយ៉ាងបាញ់ផ្កាយរណប
22, Nov 2023 , 4:29 pm        
រូបភាព
លោក Han Duck-soo នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង និងសមាជិកគណៈរដ្ឋមន្រ្តី គោរពទង់ជាតិខ្លួន នៅថ្ងៃទី២២ ខែវិច្ឆិកា។ រូបភាព YNA
លោក Han Duck-soo នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង និងសមាជិកគណៈរដ្ឋមន្រ្តី គោរពទង់ជាតិខ្លួន នៅថ្ងៃទី២២ ខែវិច្ឆិកា។ រូបភាព YNA
រដ្ឋាភិបាលក្រុងសេអ៊ូល នៅថ្ងៃទី២២ ខែវិច្ឆិកា បានសម្រេចព្យួរកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ២០១៨ ដោយផ្នែក ដើម្បីឆ្លើយតបនឹងភាពជោគជ័យរបស់ក្រុងព្យុងយ៉ាង ក្នុងការបាញ់ផ្កាយរណបចារកិច្ចទៅក្នុងគន្លងរបស់ផែនដី។ កូរ៉េខាងត្បូង ចាប់ផ្តើមការឃ្លាំមើល និងឈ្លបការណ៍នៅតំបន់ព្រំដែនកូរ៉េទាំងពីរឡើងវិញ។

 
ប៉ុន្មានម៉ោងក្រោយកូរ៉េខាងជើងប្រកាសពីភាពជោគជ័យក្នុងការបាញ់ផ្កាយរណបចារកិច្ចទៅក្នុងគន្លងរបស់ផែនដី កូរ៉េខាងត្បូង បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីវិសាមញ្ញមួយ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Han Duck-soo។ ក្នុងកិច្ចប្រជុំនោះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានឯកភាពលើសំណើដែលអនុញ្ញាតឱ្យមានការស៊ើបការណ៍ និងឃ្លាំមើលស្ថានការណ៍នៅតាមព្រំដែនអន្តរកូរ៉េឡើងវិញ។ សំណើនេះ ត្រូវបានលោកប្រធានាធិបតី យូន សុកយ៉ល ដែលកំពុងបំពេញទស្សនកិច្ចនៅអង់គ្លេស បានឯកភាពតាមប្រព័ន្ធអេឡិចត្រូនិច។
 
ការឃ្លាំមើលឡើងវិញនេះ ជាការព្យួរមាត្រា១ នៃកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ២០១៨ ដែលហាមឃាត់ការឃ្លាំមើល និងឈ្លបការណ៍នៅតំបន់ខ្សែបន្ទាត់កម្រិតព្រំដែនយោធា (MDL)។ តាមការបញ្ជាក់របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ការព្យួរដោយផ្នែកនេះ ចូលជាធរមានចាប់ពីម៉ោង៣រសៀល ថ្ងៃទី២២ ខែវិច្ឆិកា តទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
បន្ថែមពីនេះ មាត្រាដដែល ក៏បានចែងពីការហាមឃាត់ឱ្យមានការហោះហើរលើតំបន់គ្មានយោធានោះផងដែរ។ 
 
«កូរ៉េខាងជើង បានបង្ហាញយ៉ាងច្បាស់ថា ខ្លួនគ្មានឆន្ទៈគោរពកិច្ចព្រមព្រៀងយោធាឆ្នាំ២០១៨ ដែលត្រូវបានធ្វើឡើង ដើម្បីកាត់បន្ថយភាពតានតឹងយោធានៅឧបទ្វីបកូរ៉េ ដើម្បីកសាងទំនុកចិត្តឡើយ»។ លោក Han បានសង្កត់ធ្ងន់បែបនេះ នៅក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តី បានប្តេជ្ញាពង្រឹងសមត្ថភាព និងជំហរយោធាកូរ៉េខាងត្បូង ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។ 
 
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ត្រូវបានសម្រេចឡើង ក្រោមរដ្ឋបាលរបស់លោកមូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងឆ្នាំ២០១៨ ដើម្បីកាត់បន្ថយសកម្មភាពយោធានៅតំបន់ព្រំដែន, បង្កើតតំបន់ទ្រនាប់នៅដែនសមុទ្រ និងជំរុញឱ្យតំបន់គ្មានយោធា ក្លាយជាតំបន់ប្រកបដោយសន្តិភាព៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com