ជាតិ
សេដ្ឋកិច្ច
កម្ពុជា-ចិន សម្រេចធ្វើប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
22, Nov 2023 , 9:59 pm        
រូបភាព
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា សម្រេចលើកិច្ចសហប្រតិបត្តិការចំនួន២  ជាមួយលោក Pan Gongsheng ទេសាភិបាល ធនាគារកណ្តាលចិន នៅទីក្រុងប៉េកាំង នាថ្ងៃទី២១វិច្ឆិកា។ រូបថត៖ NBC
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា សម្រេចលើកិច្ចសហប្រតិបត្តិការចំនួន២ ជាមួយលោក Pan Gongsheng ទេសាភិបាល ធនាគារកណ្តាលចិន នៅទីក្រុងប៉េកាំង នាថ្ងៃទី២១វិច្ឆិកា។ រូបថត៖ NBC
ធនាគារកណ្តាលរបស់ចិន បានឯកភាពជាមួយធនាគាជាតិនៃកម្ពុជា​ លើកិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់។ លើសពីនេះ ចិនក៏សម្រេចបង្កើតកិច្ចសម្របសម្រួលក្នុងការទូទាត់​ និងផាត់ទាត់(បូកបោះទូទាត់ឲ្យឃើញដោយឡែក ឬឱ្យលែងមានទាក់ទិនតទៅទៀត ) នៅកម្ពុជាផងដែរ។ កិច្ចសហប្រតិបត្តិការទាំងពីរនេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MoU) ដោយលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ ជាមួយលោក Pan Gongsheng ទេសាភិបាល ធនាគារកណ្តាលចិន នៅទីក្រុងប៉េកាំង នាថ្ងៃទី២១ វិច្ឆិកា។​

 
កិច្ចសហប្រតិបត្តិការទាំងពីរខាងលើនេះ មានគោលដៅជំរុញនវានុវត្តន៍ក្នុងវិស័យធនាគារនិងប្រព័ន្ធទូទាត់សងប្រាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា​ ដោយបានបន្តរៀបរាប់យ៉ាងដូច្នេះ ៖ « ជាពិសេស គឺដើម្បីលើកកម្ពស់សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការទូទាត់ឆ្លងដែនរវាងកម្ពុជា-ចិន និងកសាងសមត្ថភាព វិស័យធនាគារនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃពាណិជ្ជកម្ម ការវិនិយោគ និងលំហូរហិរញ្ញវត្ថុទ្វេភាគីរវាងប្រទេសទាំងពីរ»។​
 
កិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែនរវាងកម្ពុជា​ និងចិន នឹងត្រូវធ្វើឡើង​តាមរយៈ ប្រព័ន្ធស្កេន QR Code ដើម្បីទូទាត់លើថ្លៃទំនិញ និងសេវាកម្ម​សេវាកម្មណាមួយ។ កន្លងមក លោកស្រី ជា សិរី បានបញ្ជាក់​ថា ដើម្បីទូទាត់ថ្លៃទំនិញ ឬសេវាណាមួយនៅប្រទេសចិនបាន លុះត្រាពលរដ្ឋមានគណនីធនាគារ ឬកាបូបលុយអេឡិចត្រូនិក(e-Wallet)ជាប្រាក់រៀល។​ ដូច្នេះ នៅពលរដ្ឋកម្ពុជា​ធ្វើដំណើរទៅកាន់នប្រទេសចិន គឺអាច​ស្កេ​ន​ទូទាត់​តាម​QR code នៅ​ចិន​បាន រួមទាំង​QR របស់ UnionPay, Alipay​និង Wechat ជាដើម។​
 
ដូចគ្នាដែរ នៅពេលពលរដ្ឋចិនមកកម្ពុជា ក៏​អាច​ទូទាត់​លើចំការណាយផ្សេងៗតាមរយៈការស្កេននូវប្រព័ន្ធKHQR របស់ប្រព័ន្ធបាគង​បាន ផងដែរ។  កិច្ចសហប្រត្តិបត្តិការនេះ នឹងជួយ​ជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​របស់​កម្ពុជា និង​ប្រាក់​យ័នរ​បស់​ចិន​ ឱ្យមាន​លក្ខណៈកាន់តែ​ទូលំ​ទូលាយ​ នៅ​ក្នុង​ប្រទេសទាំងពីរ។  
 
កាលពីថ្ងៃទី១៥វិច្ឆិកា ធនាគារជាតិនៃកម្ពុជា​បានចុះអនុស្សរណៈយោគយល់គ្នា លើ«កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត» ជាមួយក្រុមហ៊ុន AliPay Connect Pte. Ltd. របស់ចិន​ នៅក្នុងព្រឹត្តិការណ៍បចេ្ចកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី។ កិច្ចសហប្រតិបត្តិការនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធបាគង អាចទូទាត់ប្រាក់លើថ្លៃទំនិញឬសេវា ជាមួយអាជីវករដែលមានប្រព័ន្ធ AliPay ចំនួន៨៣លានអាជីវករនៅទូទាំងពិភពលោក។
 
ក្រៅពីភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូទាត់សង់ប្រាក់ជាមួយ AliPay នេះ ធនាគារជាតិ ក៏មានតភ្ជាប់ប្រព័ន្ធនេះជាមួយប្រទេសក្នុងតំបន់ ដូចជា​ ថៃ វៀតណាម ម៉ាឡេស៊ី ឡាវ ផងដែរ។ ធនាគារជាតិ ធ្វើបែបនេះ ដើម្បីសម្រួលដល់ការទូទាត់ឆ្លងដែនឱ្យមានតែមានប្រសិទ្ធភាព ព្រមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ។ 
 
គិតត្រឹម ឆមាសទី១ ឆ្នាំ២០២៣ ប្រព័ន្ធបាគងមានសមាជិក ៧០ ដោយក្នុងនោះ មានគ្រឹះស្ថានចំនួន៤៨ ដាក់ឱ្យដំណើរជាផ្លូវការ​ដែលមានអតិថិជនចុះឈ្មោះប្រើប្រាស់តាមរយៈកម្មវិធីបាគងចំនួន៥៥០ពាន់គណនី ខណៈចំនួនគណនីអ៊ីវ៉ាឡេត (e-Wallet) បានកើនដល់ ៨៩,៧ពាន់លានដុល្លារអាម៉េរិក ស្មើនឹងជាង៣ដងនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលមានចំនួនប្រតិបត្តិការប្រមាណ ៣០,៣លានប្រតិបត្តិការ៕

Tag:
 ពាណិជ្ជកម្ម
  ហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com