ជាតិ
មេប៉ុស្តិ៍ឃុំស្រែចារ ត្រូវ​បាន​ដកចេញពីតំណែង ក្រោយមាន​វិវាទជាមួយក្រុមល្ខោន
23, Nov 2023 , 3:54 pm        
រូបភាព
ភ្នំពេញ​៖ «អាជ្ញាធរ​ស្រុក និង​ស្នង​ការ​ដ្ឋានស្រុក​ ក៏​ដូច​ជា​គណៈ​មេបញ្ជាការឯកភាព​​ខេត្ត បាន​ឯក​ភាព​គ្នា ដក​មេប៉ុស្ដិ៍​ស្រុក​ស្នួល ចេញ​ពី​តំណែង​ហើយ»​។ នេះ​ជា​ការ​អះអាងរបស់លោក ទេព វាសនា ប្រធាន​មន្ទីរវប្បធម៌​ខេត្តក្រចេះ​។



​លោក ទេព វាសនា ប្រធាន​មន្ទីរវប្បធម៌​ខេត្តក្រចេះ​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ក្រោយ​ការ​ប្រជុំ​រវាង​ គណៈមេបញ្ជាការឯកភាព​ខេត្ត ​មន្ទីរវប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ក្រចេះ រួម​ទាំង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ៗ បាន​សម្រេច​ដក​លោក​មេប៉ុស្តិ៍​ឃុំ​ស្រែចារ ចេញ​ពី​តំណែង​ ក្រោយ​មាន​វិវាទ​ជា​មួយ​ក្រុម​ល្ខោន ដែល​កំពុង​សម្ដែង​នៅ​ក្នុងវត្តអូរលុង ស្ថិត​ក្នុងឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កាល​ពីយប់​ថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ​២០២៣។
 
«ខ្ញុំ​ទើបតែ​​បានប្រជុំ​ចប់​អម្បាញ់មិញ យើង​បាន​ឯក​ភាព​គ្នា​ ដក​មេប៉ុស្ដិ៍​ហ្នឹង​ចោល​ហើយ​»។ នេះ​ជា​ការ​បញ្ជាក់របស់​លោក ទេព វាសនា។
 
បើតាម​ឃ្លីបវីដេអូ ដែល​មានរយៈពេល​១៤:៤២​នាទី លោក យឹង សំអឿន ហៅ ដួង មេប៉ុស្ដិ៍​ឃុំស្រែចារ បាន​លើកឡើង​ថា លោកគ្រាន់តែ​ទៅសួរ​នាំ​រក​លិខិត​ ដែល​អនុញ្ញាត​ច្បាប់ប៉ុណ្ណោះ ព្រោះព្រះសង្ឃនិងគណៈកម្មការវត្ត​ ពុំបានជូនដំណឹង ពី​ការសម្ដែងល្ខោននេះ​ទៅលោក។ យ៉ាងណាក៏ដោយ លោកមេប៉ុស្ដិ៍អះអាងថា លោកគ្មានបំណងហាមឃាត់ការសម្ដែងឡើយ។
  


រីឯលោក​ ទេព វាសនា ថា​ការ​សួរ​នាំ​រកលិខិតសុំច្បាប់នោះ លោក​មិន​បដិសេធ​ឡើយ ប៉ុន្តែ​មិន​គួរ​សួរ​នាំ​នៅ​លើ​វេទិការ​ឡើយ​ គួរ​តែទៅ​សួរ​នៅ​កន្លែង​ស្ងាត់​ណាមួយ កុំ​ឱ្យ​រំខាន​ដល់​សកម្ម​ភាព​សម្ដែង​។ លោកថា ប៉ូលិស​ក៏​ត្រូវ​មាន​ក្រម​សីលធម៌​ដែរ។​ ​ 
 
«ឡើង​ទៅ​សួរ​គេ ពេល​គេ​កំពុង​លេង​លើ​ឆាក​នោះ ម្ដេច​កើត​។ ទៅ​ឃាត់​គេ​ធ្វើ​អី? ហើយ​ចុះ​គេ​លេង​២-៣​ថ្ងៃ​ទៅ​ហើយ​ ម្ដេច​មិន​ទៅឃាត់​គេ​? ម៉េច​ទៅ​ឃាត់​គេ ពេល​គេ​លេង​បាន​៣​ថ្ងៃ​ហើយ​?»។ នេះ​ជាចម្ងល់របស់លោកប្រធានមន្ទីរវប្បធម៌ខេត្ត​ក្រចេះ​។
 
នៅក្នុងឃ្លីបវីដេអូដដែល ក្រុម​អ្នក​សម្ដែង​ល្ខោន​ អះអាងថា លោកមេប៉ុស្ដិ៍ខាង​លើ បានគម្រាមដកទូរសព្ទ​របស់​ពួកគេផង​។ អ្នក​សម្ដែង​ល្ខោន​ម្នាក់ បាននិយាយនៅលើឆាកថា ក្រុមលោកមានតួនាទីតែសម្ដែង​ប៉ុណ្ណោះ រឿង​ការ​ងារ​សុំ​ច្បាប់ គឺជារឿងរបស់​ព្រះ​ចៅអធិការវត្ត និងគណៈកម្មការវត្ត មិន​គួរ​មក​សួរ​ពួកគាត់​ឡើយ។
 
«គេជួលខ្ញុំមកត្រឹមត្រូវ ទើបខ្ញុំមកលេង។ ហេតុអ្វីបានយប់ចុងក្រោយមកសួរនាំថាមានច្បាប់ឬអត់? គណៈកម្មការ និងព្រះចៅអធិការអញ្ជើញមក លោកគ្រូជួលខ្ញុំ ខ្ញុំ​មិនមែនចោប្លន់មកលួចលេងទេ។ សុទ្ធតែប្រឹងដកទូរសព្ទខ្ញុំ ទូរសព្ទខ្ញុំថោកទេ ត្រឹម៣០០ទេ បើសុំខ្ញុំឱ្យ»។ អ្នក​លេង​ល្ខោនម្នាក់ បាននិយាយដូច្នេះនៅលើឆាកសម្ដែង ដែលត្រូវ​បានផ្អាក។
 
លោក សាម ណាល់ អភិបាលស្រុកស្នួល បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ភាគីពាក់ព័ន្ធ​បាន​សម្រុះសម្រួលគ្នាអស់​ហើយ​។ ទោះ​ជាយ៉ាងណា ការអនុវត្តច្បាប់ សម្រាប់មេប៉ុស្ដិ៍ដែល​មានវិវាទជាមួយក្រុមល្ខោន លោក សាម ណាល់ ថា​ទាល់​តែ​សួរ​អធិការស្រុកស្នួល​ផ្ទាល់។
 
«ខ្ញុំ​បានចាត់ឱ្យការិយាល័យធម្មការ ទៅ​ទូលលោកអស់ហើយ ករណីដែលលោកមេប៉ុស្ដិ៍នោះទៅដោយខ្លួនឯង។ ខ្ញុំ​បាន​ឱ្យខាងអធិការគេអនុវត្ត វិន័យកងកម្លាំងអស់​ហើយ​។ រឿង​ដកមេប៉ុស្ដិ៍ចេញ​ពីដំណែង ទាល់​តែ​សួរ​ខាងស្នង​ការរបស់គេ ព្រោះ​គឺជាសមត្ថកិច្ចរបស់​ស្នងការ​។ ខ្ញុំ​បាន​សំណូមពរឱ្យគេអនុវត្តវិន័យរួចហើយ ត្រង់​គេ​អនុវត្តយ៉ាង​ណា ជាសមត្ថកិច្ចរបស់​គេ​»។ នេះ​ជា​ការបញ្ជាក់របស់លោក សាម ណាល់​។
 
សារព័ត៌​មាន​ថ្មីៗ ពុំ​អាច​សុំ​ការ​បញ្ជាក់​បន្ថែម ពី​លោក ចាន់ សុខគីម អធិការ​ស្រុក​ស្នួល បាន​នៅ​ឡើយ​ទេ ដោយ​ទូរសព្ទ​ចូលច្រើន​ដង​​ ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​។
 
ចំពោះការសុំច្បាប់សម្ដែងសិល្បៈ លោក ទេព វាសនា ប្រធានមន្ទីរវប្បធម៌ខេត្តក្រចេះ បាន​ប្រាប់សារព័ត៌មានថ្មីៗថា កន្លង​ទៅ​ការងារ​ទាក់​ទង​នឹង​វប្បធម៌ ក្រសួងមាន​សមត្ថកិច្ច ​មិន​សូវ​តឹង​រ៉ឹង ក្នុងការអនុញ្ញាតច្បាប់​ឡើង ដោយ​បង្កការងាយស្រួល ដល់​ក្រុមអ្នកសិល្បៈអាចបន្តអាជីព ពិសេសផ្នែកល្ខោន និងសិល្បៈបុរាណ ឱ្យរស់រានមានជីវិតយូរអង្វែង​។
 
លោក វាសនា ពន្យល់បន្ថែម៖«កន្លងទៅយើងមិនសូវតឹងរ៉ឹងទេ យើង​ធ្វើ​យ៉ាង​ណាឱ្យតែរោងល្ខោន រស់រានមានជីវិត។ ដូច្នេះពេលខ្លះមានសុំច្បាប់ ហើយខ្លះក៏មិនបានសុំ។ ការសុំច្បាប់ពាក់ព័ន្ធនឹងការសម្ដែង សិល្បៈវប្បធម៌ មិនមានគិតថវិកាឡើយ។ ប៉ុន្តែបើការប្រគុំតន្ត្រីទើបយក ប៉ុន្តែយកតិចតួចប៉ុណ្ណោះ។ គេឱ្យទៅសុំច្បាប់នៅឃុំ។ ឃុំស៊ីញេហើយ បញ្ជូនទៅស្រុក។ ឥឡូវស៊ីញេត្រឹម​ស្រុក។ ពីមុនស៊ីញេដល់មន្ទីរ​ ប៉ុន្តែឥឡូវគេធ្វើប្រតិភូកម្ម កុំឱ្យផ្ទេរពីស្រុក​មកមន្ទីរ ប្រើពេលវេលាយូរ»៕ 
 

Tag:
 វប្បធម៌​
  ល្ខោន​
  វិវាទ
  សិល្បៈ​
 
© រក្សាសិទ្ធិដោយ thmeythmey.com