ជាតិ
សេដ្ឋកិច្ច
ជាប់បាក់ឌុបហើយគ្មានលទ្ធភាពបង់ថ្លៃសិក្សា! អាចសុំកម្ចីពីក្រសួងប្រៃសណីយ៍​​ រៀនលើជំនាញបច្ចេកវិទ្យាឌីជីថល
24, Nov 2023 , 9:45 am        
រូបភាព
សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ហើយ តែគ្មានលទ្ធភាពបង់ថ្លៃសិក្សា គឺអាចស្នើសុំហិរញ្ញប្បទានគ្មានការប្រាក់ សម្រាប់ការសិក្សាថ្នាក់បរិញ្ញបត្រ លើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាធំៗចំនួន៦ នៅរាជធានីភ្នំពេញ។ សិស្សដែលចាប់អារម្មណ៍អាចស្នើសុំកម្ចីនេះ ពីកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល(Digital Skill Development Program / DSDP) របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់ពីពេលនេះទៅ។

 
បើតាមលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ មិនត្រឹមផ្តល់កម្ចីលើការសិក្សាគ្មានការប្រាក់ប៉ុណ្ណោះទេ តែថែមទាំងជួយប្រឹក្សាយោបល់ដល់សិស្សនិស្សិត ជួយសម្របសម្រួលការសិក្សា និងផ្តល់ការស្នាក់នៅឥតគិតថ្លៃសម្រាប់សិស្សមកពីខេត្តទៀត។ 
 
សំឡេងលោក ជា វ៉ាន់ ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ 



 
«ខ្ញុំគិតទៅក្នុងមួយឆ្នាំយើងអាចផ្តល់[កម្ចីឱ្យសិស្ស]បានរហូតដល់៥០០០នាក់ សម្រាប់អ្នកនិទ្ទេស A B និងC» ។ លោក ជា វ៉ាន់ដេត ថ្លែងបែបនេះ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច នាល្ងាចថ្ងៃទី២៣ វិច្ឆិកា​។ 
 

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបថត៖ ពត សែមតារារដ្ឋ (MPTC)

លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បន្តរៀបរាប់ថា​ នៅពេលដែលសិស្សរៀនចប់ ហើយមានការងារធ្វើត្រឹមត្រូវ ដោយទទួលបានប្រាក់ខែចាប់ពី៥០០ដុល្លារឡើង សិស្សបង់វិភាគទានចូលកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះវិញ ត្រឹម២០ភាគរយ​នៃបៀវត្សប្រចាំខែ ដើម្បីទ្រទ្រង់និរន្តរភាពនៃកម្មវិធីសម្រាប់សិស្ស-និស្សិតជំនាន់ក្រោយ។​ លោក ជា វ៉ាន់ដេត បានបញ្ជាក់ដូច្នេះ៖ «​ខ្ញុំបង្កើតកម្មវិធីនេះឡើងមិនត្រឹមដើម្បីកសាងពលរដ្ឋឌីជីថលប៉ុណ្ណោះទេ។ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺខ្ញុំចង់ផ្តល់ឱកាសដល់កូនខ្មែរយើងដែលគ្មានលទ្ធភាពបន្តការសិក្សា។ កូនខ្លះរៀនពូកែណាស់ ប៉ុន្តែឪពុកម្តាយខ្វះលទ្ធភាពឱ្យរៀនបន្ត ក៏បោះបង់ការសិក្សា​។ អ៊ីចឹងហើយបានខ្ញុំបង្កើតកម្មវិធីនេះឡើង ដើម្បីជួយដល់កូនខ្មែរយើង ជាពិសេសអ្នកខេត្តបានរៀនសូត្រ»។
 
ដោយឡែក គ្រឹះស្ថានឧត្តមសិក្សាដែលជាដៃគូអប់រំជាមួយក្រសួងប្រៃសណីយ៍លើកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ គឺមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល,​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​, សាកលវិទ្យាល័យអាម៉េរិកកាំងភ្នំពេញ និងសាកលវិទ្យាល័យផ៉ារ៉ាហ្គន។ 
 
កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ ត្រូវបានក្រសួងប្រៃសណីយ៍ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២តុលា ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់ការការអប់រំលើជំនាញបច្ចេកវិទ្យាឌីជីថល ប្រកបដោយគុណភាព។​ លោក ជា វ៉ាន់ដេត ជឿជាក់ថា  ការអនុវត្តកម្មវិធីនេះ នឹងទទួលជោគជ័យក្នុងការបង្កើតធនធានមនុស្សឌីជីថល​ ដែលជាកម្លាំងយ៉ាងសកម្មក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល​ ដើម្បីនាំកម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ 
 
លទ្ធផលនៃប្រការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ប្រចាំឆ្នាំ​២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសមានបេក្ខជនប្រឡងជាប់ចំនួន៩៨ ៤៦០នាក់ ស្មើ ៧២,៨៩ភាគរយ ក្នុងចំណោម​បេក្ខជន​សរុប។ សិស្ស​ដែល​ទទួលបាននិទ្ទេស A មាន​១៦៧៣នាក់, និទ្ទេស B មាន ៦៩៦៤នាក់, និទ្ទេស C មាន​១៨ ៣០៨នាក់, និទ្ទេស D មាន៣៤ ២៤៦នាក់ និងនិទ្ទេស E មាន​៣៧ ២៦៩នាក់៕ 

Tag:
 បាក់ឌុប
  ឌីជីថល
  លោក ជា វ៉ាន់ដេត
© រក្សាសិទ្ធិដោយ thmeythmey.com