ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលឌីជីថល! ក្រសួងពាណិជ្ជកម្ម និងអធិការកិច្ច ប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh​
24, Nov 2023 , 6:59 pm        
រូបភាព
លោកស្រី ចម នម្មិល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះMOU ជាមួយ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ លើប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh
លោកស្រី ចម នម្មិល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះMOU ជាមួយ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ លើប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh
ក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច សម្រចប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh​ ដើម្បីបង្កើនល្បឿនប្រសិទ្ធភាពការងារ​ ដែលមានសុវត្ថិភាពខ្ពស់ និងលុបបំបាត់នូវការក្លែងបន្លំឯកសារសាធារណៈនានា។ ក្រសួងដែលសម្រេចប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារនេះ នឹងត្រូវបានរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឌីជីថល​​ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។​

 
ក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh​ ការរៀបចំប្រព័ន្ធតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលដ​ល់មន្ត្រី ជាមួយក្រសួងប្រៃសណីយ៍ នៅថ្ងៃទី២៣វិច្ឆិកា។  កិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍ នឹងជួយគាំទ្រដល់ក្រសួងទាំងពីរ ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ដើម្បីឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។
 
លោកស្រី ចម នម្មិល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh​ បានឆ្លើយតបចំគោលដៅនៃតម្រូវការជាក់ស្តែង ក្នុងការលុបបំបាត់ការក្លែងក្លាយឯកសារ, ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារ។ ជាពិសេស ជំរុញការធ្វើបបរិវត្តកម្មឌីជីថល ក្នុងការផ្តល់សេវាសាធារណៈ។ លោកស្រី បានបញ្ជាក់ថា ៖  «ថ្នាលផ្ទៀងផ្ទាត់ឯកសារនេះ នឹងបង្កើនជំនឿទុកចិត្តបន្ថែមទៀត ពីសាធារណជន ដែលជាពាណិជ្ជករ អាជីវករ ធុរជន និងសាធារណជនជាតិ និងអន្តរជាតិ ​មកលើប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម»។ 
 
ជាមួយគ្នានេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានចាត់ទុកថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh​ នេះ ជាការធ្វើសមាហរណកម្មប្រព័ន្ធរដ្ឋាភិបាលគ្រប់ក្រសួង-ស្ថាប័ន និងធានាបាននូវការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ​ដល់ប្រជាពលរដ្ឋ តាមគ្រប់រូបភាព គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។  
 
(ឆ្វេង) លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ចុះMOU ជាមួយ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ លើប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh .jpg

បន្ទាប់ពីចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នារួចរាល់ហើយ ក្រសួងប្រៃសណីយ៍ នឹងរៀបចំដាក់QR Codeស្តង់ដា លើឯកសាររបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច​ ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល Verify.gov.kh​។ លើសពីនេះ ក្រសួងប្រៃសណីយ នឹងរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិត ស្របតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង និងការកំណត់តម្រូវការនៃប្រើប្រាស់កុំព្យូទ័រ ឬ ឧបករណ៍ឌីជីថលជារបស់រដ្ឋ និងការប្រើប្រាស់Software ដែលមានអាជ្ញាបណ្ណក្នុងការងារ​ប្រចាំថ្ងៃ។
 
ជាមួយគ្នានេះ​ ក្រសួងប្រៃសណីយ៍ ក៏ដាក់កម្មវិធីកំណត់មុខសញ្ញាមន្ត្រីជំនាញ ដែលត្រូវទទួលបានការបណ្តុះបណ្តាល និងពិគ្រោះយោបល់រៀបចំផែនការសកម្មភាពការងារ ក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល រួមទាំងគិតគូរពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រាប់ការងារប្រចាំថ្ងៃ ដល់មន្ត្រីរបស់ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ផងដែរ។ 
 
លោក ជា វ៉ាន់ដេត​​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍  បានបញ្ជាក់ថា៖ «ការអនុវត្តនូវថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh គឺជាផ្នែកសំខាន់មួយក្នុងការជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងជួររដ្ឋាភិបាលទាំងមូល ដើម្បីប្រែក្លាយក្រសួង-ស្ថាប័នសាធារណៈ ទៅជារដ្ឋាភិបាលឌីជីថល ប្រជាពលរដ្ឋឌីជីថល ដែលសម្រេចឱ្យបាននៅឆ្នាំ២០៣៥»។
 
កិច្ចសហប្រតិបត្តិការខាងលើនេះ គឺជាលើកទី៧ហើយ ដែលក្រសួងប្រៃសណីយ៍ ដាក់ឱ្យប្រើប្រាស់នូវថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh​ និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សាបានចំនួន២៨ស្ថាប័ន ក្នុងដំណើរការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល។  ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh គឺជាថ្នាលរបស់រដ្ឋាភិបាល ដែលអភិវឌ្ឍឡើងដោយក្រសួងប្រៃសណីយ៍ និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ​ ជាពិសេសផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។
 
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានបន្ថែមថា ការផ្ទៀងផ្ទាត់ឯកសារតាមថ្នាល Verify.gov.kh​ ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ជូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន(Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកឯកសារនីមួយៗ។ ទន្ទឹមនេះ ការប្រើប្រាស់ឯកសារដែលមានដាក់QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕  

Tag:
 រដ្ឋាភិបាលឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com