ជាតិ
សេដ្ឋកិច្ច
មន្រ្តីធនាគារជាតិ ជំរុញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបញ្ជៀបចំណេះដឹងដល់អតិថិជនមុនឱ្យកម្ចី
24, Nov 2023 , 9:29 pm        
រូបភាព
លោក គិត សុវណ្ណារិទ្ធ ក្នុងសន្និសីទប្រចាំឆ្នាំ២០២៣របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ រូបភាពពី CMA
លោក គិត សុវណ្ណារិទ្ធ ក្នុងសន្និសីទប្រចាំឆ្នាំ២០២៣របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ រូបភាពពី CMA
សៀមរាប៖ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បញ្ជៀបចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជនឱ្យបានទូលំទូលាយ មុននឹងផ្តល់ប្រាក់កម្ចីដល់ពួកគេ ដើម្បីឱ្យពួកគេក្លាយជាអតិថិជន ដែលមានទំនួលខុសត្រូវក្នុងការសងត្រឡប់។

 
ថ្លែងក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២៤ ខែវិច្ឆិកា លោក គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានលើកឡើងពីភាពល្អប្រសើរនៃ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ដូចជាកំណើនឥណទាន និងទំហំឥណទានជាប្រចាំឆ្នាំជាដើម។ ក្រៅពីនេះ លោកក៏បានលើកពីបញ្ហាប្រឈមមួយចំនួនតូច ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគួរយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយ។ 
 
បញ្ហាប្រឈមដែលមន្រ្តីជាន់ខ្ពស់ធនាគារជាតិលើកឡើងនៅពេលនោះ រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះផ្តោតលើការជំរុញកំណើនឥណទាន ជាជាងការផ្តល់ឥណទានដែលមានការ ទទួលខុសត្រូវ និងសមធម៌។ លោក គិត សុវណ្ណារិទ្ធ ពន្យល់ថា ការ​ផ្តល់ឥណទានសម្រាប់​អតិថិជនម្នាក់ កើនឡើងពី៨ពាន់ដុល្លារនៅឆ្នាំ២០១៩ ដល់១ម៉ឺនដុល្លារនៅឆ្នាំ២០២៣ ស្របពេលដែលឥណប្រតិទាន ក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។ លោកពន្យល់ថា ៥៧ភាគរយនៃអតិថិជនមីក្រូហិរញ្ញវត្ថុ មានគណនីឥណទានតែ១គណនី, ៣០ភាគរយមានឥណទាន២គណនី, ១១ភាគរយមានគណនីឥណទានចំនួន៣គណនី និងប្រមាណ៣ភាគរយមានលើសពី៣គណនី។
 
លោក គិត សុវណ្ណារិទ្ធ បន្ថែមថា៖« នេះបង្ហាញថា មីក្រូហិរញ្ញវត្ថុបានបង្កើនទំហំឥណទានដល់អតិថិជន ពន្យារពេលឥណប្រតិទានដល់អតិថិជន ដើម្បីជំរុញឱ្យអតិថិជនទទួលយក​ឥណទានដែលមានទំហំធំ​ជាងមុន នៅពេលលទ្ធភាពសងរបស់គាត់ មិនមានការកើនឡើងប៉ុន្មានទេ ដែលជាកត្តាមួយជំរុញឱ្យគាត់​ជាប់​បំណុលច្រើនជាងមុន»។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុអតិថិជនមានកម្រិតទាប កិច្ចគាំពារអតិថិជននៅមានកម្រិត ការឃោសនា ផ្សាយពាណិជ្ជកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន មិនច្បាស់លាស់ និងលើសពីការពិតជាដើម សុទ្ធសឹងជាបញ្ហាប្រឈមដែលលោក គិត សុវណ្ណារិទ្ធ បានលើកទៅកាន់អ្នកចូលរួមប្រមាណ ៤០០នាក់។ បន្ថែមពីនេះ មន្រ្តីរូបនេះក៏លើកឡើងពីបុគ្គលិកឥណទានខ្លះដែលខ្វះខាតវិជ្ជាជីវៈ និងប្រើអប្បកិរិយាមិនសមរម្យ ពេលចុះទារប្រាក់អតិថិជន ក៏សុទ្ធសឹងប៉ះពាល់ដល់វិស័យមីក្រូហិរញ្ញវត្ថុផងដែរ។
 
ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើនេះ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ស្នើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវដោះស្រាយបញ្ហារួមគ្នា ដើម្បីការពារវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលធ្លាប់មានភាពលេចធ្លោ និងកេរ្តិ៍ឈ្មោះល្អនាពេលកន្លងមក។ គ្រឹះស្ថានទាំងអស់ត្រូវធ្វើជាគ្រឹះស្ថាន ដែលមានការទទួលខុសត្រូវ មានទំនួលខុសត្រូវ ផ្តល់ឥណទានប្រកបដោយទទួលខុសត្រូវ ហើយជំរុញកំណើនឥណទានដែលមានគុណភាព ប្រកួតប្រជែងដោយតម្លាភាព និងទទួលខុសត្រូវ។ បញ្ជៀបចំណេះដឹងហិរញ្ញវត្ថុទៅដល់អតិថិជន ពិសេសកាតព្វកិច្ចក្នុងកិច្ចសន្យាឥណទាន ដើម្បីជំរុញឱ្យអតិថិជនក្លាយជាអតិថិជនដែលមានការទទួលខុសត្រូវ។ នេះជាការលើកឡើងរបស់លោក គិត សុវណ្ណារិទ្ធ។
 
ជាមួយនឹងប្រធានបទនៃសន្និសីទ ស្ដីពី«បរិយាបន្នហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាពរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា» លោក គិត សុវណ្ណារិទ្ធ រំពឹងថា សមាគមមីក្រូហិរញ្ញវត្ថុ នឹងពិភាក្សា ផ្លាស់ប្ដូរយោបល់ ចែករំលែក ដើម្បីស្វែងរកយុទ្ធសាស្រ្ត និងផែនការសកម្មភាពថ្មីៗ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមលើវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា សំដៅអភិវឌ្ឍន៍វិស័យនេះ ប្រកបដោយបរិយាបន្ន។
 
ក្នុងសន្និសីទខាងលើនេះដែរ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា សន្និសីទនៅឆ្នាំនេះនឹងរួមចំណែកសំខាន់ក្នុងការពាំនាំនូវយុទ្ធសាស្រ្តសំខាន់ៗ និន្នាការ និងបទបញ្ញតិច្បាប់នានា ក៏ដូចជាការចែករំលែកបទពិសោធន៍ថ្មីៗរបស់វាគ្មិន រួមនិងបញ្ហាប្រឈម ដំណោះស្រាយលើវិស័យមីក្រូហិរញ្ញវត្ថុនេះ។ 
 
សូមបញ្ជាក់ថា តាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២៣ វិស័យនេះសមតុល្យឥណទានសរុបជាង ៥ពាន់លានដុល្លារអាមេរិក និងមានអតិថិជនឥណទានជាង ១,៥លាននាក់។ សមតុល្យប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទទួលប្រាក់បញ្ញើ មានជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក និងមានអតិថិជនដាក់ប្រាក់បញ្ញើសរុបជិត២លាននាក់។ ចំណែកការិយាល័យប្រតិបត្តិ មានសរុបជាង៩០០ការិយាល័យ និងមានបុគ្គលិកដែលកំពុងបម្រើការងារក្នុងវិស័យជាង២ម៉ឺននាក់។  ទិន្នន័យនេះ​មិនរាប់បញ្ចូលធនាគារដែលជាសមាជិករបស់សមាគមនោះទេ៕

Tag:
 សមាគមមីក្រូហិរញ្ញវត្ថុ
  គិត សុវណ្ណារិទ្ធ
  សុខ វឿន
© រក្សាសិទ្ធិដោយ thmeythmey.com