ជាតិ
សេដ្ឋកិច្ច
លោក ជា វ៉ាន់ដេត ធ្វើឱ្យខេត្តតាកែវ​ មានសេវាទូរសព្ទគ្របដណ្តប់ពេញលេញ មុនគេ
25, Nov 2023 , 11:54 am        
រូបភាព
បន្ទាប់ពីភ្នំពេញ  ខេត្តតាកែវ ជាគោលដៅបន្ទាប់របស់ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអ៊ិនធឺណែត ​និងសង់បង្គោលអង់តែនទូរសព្ទ​ ដើម្បីឱ្យមានសេវាគ្របដណ្តប់ពេញលេញនៅក្នុងឆ្នាំ២០២៤។ បច្ចុប្បន្ន ក្រសួងប្រៃសណីយ៍​ កំពុងសង់បង្គោលអង់តែន ១៧៩កន្លែង​​ នៅក្នុងខេត្តតាកែវ ដោយមួយបង្គោលអង់តែនមានតម្លៃយ៉ាងតិច២០ម៉ឺនដុល្លារ។

 
ក្រសួងប្រៃសណីយ៍​ ចាប់ផ្តើមពីខេត្តតាកែវមុន​​គេ ក្នុងការរៀបចំប្រព័ន្ធសេវាទូរសព្ទ និងអ៊ិនធឺណែត តាមរយៈការសាងសង់បង្គោលអង់តែនរហូតដល់ ១៧៣កន្លែង។ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថា​៖ «៤ ឬ៥​ខែទៀត ការសាងសង់បង្គោលអង់តែន​ នឹងត្រូវបញ្ចប់ទាំងអស់»។  

សំឡេង លោក ជា​ វ៉ាន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ 

 

ចេញពីខេត្តតាកែវនេះ ក្រសួងប្រៃសណីយ៍នឹងសាងសង់បង្គោលអង់តែននៅក្នុងខេត្តផ្សេងៗទៀតបានសិក្សារួចរាល់។ ដោយសារ មានការចូលរួមពីប្រជាពលរដ្ឋមូលដ្ឋាន លោក ជា វ៉ាន់ដេត មិនបារម្ភក្នុងការសង់សាងបង្គោលអង់តែនយឺតយ៉ាវតាមផែនការឡើយ។ លោកបាននិយាយបែបនេះក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងអធិការកិច្ច នាល្ងាចថ្ងៃទី២៣ វិច្ឆិកា​។ 
 
លោកបន្តនិយាយដោយសង្ឃឹមយ៉ាងដូច្នេះ៖ «ឆ្នាំ២០២៤ ខេត្តទាំងអស់ត្រូវមានសេវាទូរសព្ទពេញ។ ដូច្នេះ នៅភ្នំពេញ តភ្ជាប់ទៅខេត្តបានទាំងអស់»។ នេះអ្វីដែលលោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ខិតខំធ្វើដើម្បីឱ្យកម្ពុជា សម្រេចបាននូវគោលរបស់កម្ពុជា ក្នុងការក្លាយជារដ្ឋាភិបាលឌីជីថល ធុរកិច្ចឌីជីថល និងពលរដ្ឋឌីជីថល នៅឆ្នាំ២០៣៥៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com