ជាតិ
សមាគមមីក្រូហិរញ្ញវត្ថុជំរុញសមាជិកពិនិត្យលទ្ធភាពជួយអតិថិជន តាមរយៈរៀបចំឥណទានឡើងវិញ
25, Nov 2023 , 4:20 pm        
រូបភាព
សន្និសីទប្រចាំឆ្នាំ២០២៣ របស់CMA នៅខេត្តសៀមរាបនាថ្ងៃទី២៤ ខែវិច្ឆិកា។ រូបភាព៖ CMA
សន្និសីទប្រចាំឆ្នាំ២០២៣ របស់CMA នៅខេត្តសៀមរាបនាថ្ងៃទី២៤ ខែវិច្ឆិកា។ រូបភាព៖ CMA
សៀមរាប៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានជំរុញដល់សមាជិកខ្លួន​ពិនិត្យលទ្ធភាពជួយអតិថិជនតាមរយៈការរៀបចំឥណទានឡើងវិញតាមករណីចាំបាច់ និងជាក់ស្ដែង នៅក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប វិស័យអចលនទ្រព្យ និងវិស័យដែលរងផលប៉ះពាល់ផ្សេងទៀត។ 
 
ក្នុងសេចក្ដីថ្លែងការណ៍រួម ក្រោយបញ្ចប់សន្និសីទប្រចាំឆ្នាំ២០២៣ នៅខេត្តសៀមរាបនារសៀលថ្ងៃទី២៤ ខែវិច្ឆិកា CMA សុំឱ្យសមាជិកខ្លួន ពិនិត្យលទ្ធភាពជួយរៀបចំឥណទានជូនអតិថិជនដែលរងផលប៉ះពាល់ សំដៅអតិថិជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ  ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ 
 
ជាមួយគ្នានេះ សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ត្រូវបានបញ្ចប់ដោយការប្ដេជ្ញាចិត្តពីអ្នកពាក់ព័ន្ធ ក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ កិច្ចការពារអតិថិជន និងការគាំពារអតិថិជនក្នុងពេលលំបាក តាមរយៈការរៀបចំឥណទានឡើងវិញ ក្នុងន័យដើម្បីចូលរួមអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ 
 
ក្នុងសន្និសីទប្រចាំឆ្នាំស្ដីពី បរិយាបន្នហរិញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ភាគីពាក់ព័ន្ធក៏បានលើកឡើងពីការខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមជាច្រើន ដើម្បីលើកកម្ពស់និងពង្រឹងបរិយាបន្នប្រកបដោយការទទួលខុសត្រូវ និងកិច្ចការពារអតិថិជន។ ជាមួយគ្នានោះ វិស័យមីក្រូហិរញ្ញវត្ថុ រៀបចំគំនិតផ្តួចផ្តើមជាច្រើនដើម្បី កិច្ចការទាំងនេះដូចជា ស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន, ក្រុមប្រតិបត្តិរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, គម្រោងសុវត្ថិភាពហិរញ្ញវត្ថុសហគមន៍, កម្មវិធីបណ្ដុះបណ្ដាលដល់អគ្គនាយក និងភាគទុនិក/ក្រុមប្រឹក្សាភិបាល, សិក្ខាសាលាថ្នាក់តំបន់លើការ ពង្រឹងសមត្ថភាពថ្នាក់គ្រប់គ្រងរបស់គ្រឹះស្ថានហិរញ្ញវត្ថុ, កម្មវិធីការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ និងវិធានផ្តល់ឥណទាន។ នេះបើតាមខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់ CMA នាថ្ងៃទី២៤ ខែវិច្ឆិកា។
 
គួរបញ្ជាក់ថា ការប្ដេជ្ញាចិត្តនេះធ្វើឡើងក្នុងបរិបទដែលរាជរដ្ឋាភិបាលកំពុងរឹតបន្ដឹងកិច្ចការពារអតិថិជន ក្នុងការទប់ស្កាត់សកម្មភាពកម្ចីខុសច្បាប់ និងការពង្រឹងនូវកិច្ចការពារអ្នកប្រើប្រាស់តាមរយៈ​គណៈកម្មការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្មជាដើម៕

Tag:
 CMA
  មីក្រូហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com