ជាតិ
បុណ្យអុំទូក
ចម្លាក់ប្រាសាទបាយ័ន រឿងរ៉ាវទាក់ទងនឹងប្រវត្តិព្រះរាជពិធីបុណ្យអុំទូក
28, Nov 2023 , 7:59 am        
រូបភាព
សៀមរាប៖ ចម្បាំងរវាងទ័ពខ្មែរ-ចាម ត្រូវបានឆ្លាក់យ៉ាងរស់រវើកនៅលើជញ្ជាំងថែវខាងត្បូង​ប្រាសាទបាយ័ន។ ចម្លាក់នេះត្រូវបានអ្នកស្រាវជ្រាវពន្យល់ថា គឺព្រះបាទជ័យវរ្ម័នទី៧ឆ្លាក់ឡើងដើម្បីរំឭក ពីជ័យជំនះលើទ័ពចាមដែលចូលមកលុកលុយនៅក្រុងអង្គរនាសម័យនោះ។

 
ព័ត៌មានពិស្ដារជុំវិញរឿងរ៉ាវទាំងនេះ សូមទស្សនា និងអានបទសម្ភាសរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ និងមគ្គុទ្ទេសក៍ទេសចរណ៍ភាសាបារាំង លោក យូ ខេមរៈ ដូចតទៅ៖ 
 
អ៊ីសា រ៉ហានី៖ គេដឹងថា រូបចម្លាក់នៅជញ្ជាំងប្រាសាទបាយ័នគឺជាតឹងតាងរឿងរ៉ាវទាក់ទងព្រះរាជពិធី បុណ្យអុំដែលជាបុណ្យជាតិសំខាន់សម្រាប់កម្ពុជា។ តើលោក យូ ខេមរៈ អាចជួយរៀបរាប់ពីដំណើរ​តាមទងនៃចម្លាក់ទាំងបានដែរទេ?
 
យូ ខេមរៈ៖ ចម្លាក់នៅប្រាសាទបាយ័នដែលជាចម្បាំងទូករវាងខ្មែរចាមនេះ មិនបានទាក់ទង​ទៅ​ព្រះរាជពិធី​បុណ្យអុំទូកទេ ប៉ុន្តែពិធីបុណ្យអុំទូកទេដែលទាក់ទងនឹងចម្លាក់នេះ។ ដោយសារពិធីបុណ្យ​អុំទូកនេះក្លាយជាពិធីបុណ្យ ក្លាយជាប្រពៃណី ហើយធម្មតាពិធីបុណ្យ ប្រពៃណី កើតឡើងក្រោយ​ពីមានភាពរីករាយ ទទួលបានជោគជ័យក្រោយចម្បាំង។ អ៊ីចឹងរឿងទម្លាប់ការប្រើប្រាស់ទូក កើតមានយូរលង់​មកហើយ ព្រោះដីយើងជាដីលិចទឹក អ៊ីចឹងសហព័ន្ធ កុលសម្ព័ន្ធ​ឬក៏សង្គមខ្មែរបុរាណចាប់ពីសតវត្សទី១រហូតដល់សតវត្សទី៧ មានការប្រើប្រាស់ទូក។ ហើយធម្មតាក្នុងសង្គមមនុស្ស កាលណាមានគូរបដិបក្ខសង្គមខុសគ្នា លទ្ធិខុសគ្នា នាំឱ្យកើតចម្បាំង។ អ៊ីចឹងដោយសារស្ថានភាពភូមិសាស្រ្តនេះគឺជាតំបន់លិចទឹក គេត្រូវការប្រើទូកដើម្បីចម្បាំង។ ការប្រើប្រាស់ក្នុងចម្បាំងវាកើតមានមុនពិធីបុណ្យអុំទូក។ ហើយដោយសារខ្មែរមានបទពិសោធន៍​ការប្រើប្រាស់ទូកហើយធ្លាប់ជោគជ័យនៅលើចម្បាំងតាមផ្លូវទឹក ការជោគជ័យនេះធ្វើឱ្យយើង​ធ្វើពិធីជប់លៀងលក្ខណៈរាជា លក្ខណៈទ្រង់ទ្រាយធំ ក៏ក្លាយជាប្រពៃណីទំនៀមទម្លាប់ បង្កើតជាពិធីបុណ្យអុំទូក​ដែលរំឭកអនុស្សាវរីយ៍នៃភាពជោគជ័យលើផ្លូវទឹក ដែលមានភស្ដុតាងលើចម្លាក់ បាយ័ន ដែលឆ្លាក់ពីចម្បាំងរវាងទ័ពខ្មែរ និងទ័ពចាមនៅបឹងទន្លេសាប។
 
អ៊ីសា រ៉ហានី៖ តើយើងមានដឹងជាក់លាក់ទេ ថាតើព្រះរាជពិធីបុណ្យអុំទូកនេះយើងចាប់ផ្តើម​នៅពេលណាដែរ?
 
យូ ខេមរៈ៖ ព្រះរាជពិធីបុណ្យអុំទូកនេះរកពេលរកខែឆ្នាំដែលបង្កើតមិនបាន មិនមានភស្ដុតាង ប៉ុន្តែយើងអាចផ្តល់ជាសម្មតិកម្មដោយយកភស្តុតាងចម្លាក់នៅប្រាសាទបាយ័នមកសន្និដ្ឋាន។ ត្រង់ថា ប្រាសាទបាយ័នបានបង្ហាញចម្លាក់ចម្បាំងផ្លូវទឹករវាងទ័ពខ្មែរនិងទ័ពចាម។ ខ្មែរបានទទួលជោគជ័យ​ទៅលើទ័ពចាមតាមរយៈចម្បាំងផ្លូវទឹកនេះ។ អ៊ីចឹងដោយសារមានភាពជោគជ័យ ការប្រើប្រាស់ទូកនៃចម្បាំងផ្លូវទឹក ទើបយើងបានប្រារព្ធពិធីជោគជ័យក្លាយជាពិធីបុណ្យអុំទូកដើម្បីរំឭក អនុស្សាវរីយ៍។ អ៊ីចឹងយើងអាចសន្និដ្ឋានបានថា ពិធីបុណ្យអុំទូកនេះអាចកើតឡើងនៅក្នុងរាជ្យ ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ ហើយស្ដេចក្រោយៗទៀតក៏បានប្រារព្ធពិធីជោគជ័យនេះ រៀងរហូតដល់បច្ចុប្បន្ន ក្លាយជាពិធីបុណ្យអុំទូក ដែលផ្សំជាមួយពិធីសាសនា ហើយនិងពិធីផ្សេងៗទៀត កើតជាទំនៀមទម្លាប់។ 
 
អ៊ីសា រ៉ហានី៖ ឃើញថាចាមក៏ជាអ្នកចម្បាំងផ្លូវទឹកដ៏ខ្លាំងមួយដែរ ប៉ុន្តែតើលោកគ្រូមានការស្រាវជ្រាវ​ដឹងទេ ថាតើព្រះបាទជ័យវរ្ម័នទី៧ទ្រង់មានយុទ្ធសាស្រ្តចម្បាំងបែបណាបានយកជ័យជំនះ​លើទ័ពចាមបាន?
 
យូ ខេមរៈ៖ ជោគជ័យនៅក្នុងសង្រ្គាមមិនអាស្រ័យលើកម្លាំងតែមួយមុខទេ អាស្រ័យលើយុទ្ធសាស្រ្ត។ ហើយក្នុងយុទ្ធសាស្រ្តចម្បាំងវាទាក់ទងទៅលើទីតាំងភូមិសាស្រ្ត ពេលវេលា ហើយនិងសមត្ថភាពក្នុងការប្រយុទ្ធ។ ជាការសន្និដ្ឋានផ្ទាល់ខ្លួនខ្ញុំ ជ័យជំនះរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលក្នុងការបង្រ្កាបទ័ពចាមដែលមកតាមផ្លូវទឹកហ្នឹង ដោយសារទីមួយវាជាទឹកដីរបស់យើង ដែលយើងជាម្ចាស់ស្រុកស្គាល់ទីតាំងភូមិសាស្រ្ត ស្គាល់ព្រៃលិចទឹកម្ដុំណា ស្គាល់ច្រកទឹកម្ដុំណាជាដើម។ ទី២ពេលវេលានៃចម្បាំងនោះអាចកើតនៅរដូវដែលផ្តល់អំណោយផលដល់ខ្មែរ ព្រោះយើងអ្នកស្រុក ហើយជះឥទ្ធិពលមិនល្អទៅដល់សត្រូវដែលមកពីទីឆ្ងាយចូលមកចម្បាំង។ មួយទៀតទាក់ទងនឹង​សមត្ថភាពចម្បាំង គឺខ្មែរមានប្រពៃណីទំនៀមទម្លាប់ហ្វឹកហាត់ផ្លូវអារម្មណ៍ ផ្លូវចិត្ត អាចចូលសមាធិក្នុងទឹក។ យើងមានគំនូនៅប្រាសាទបឹងមាលា ដែលបញ្ជាក់ថាដូនតាយើងមានវិធី​តបៈធម៌ដេកនៅក្នុងទឹក ដើម្បីឱ្យដង្ហើមទ្រាំបានយូរនៅក្នុងទឹក។ នេះក៏ជាភស្ដុតាងមួយ ដែលយើងអាចសន្និដ្ឋានបានថាទ័ពខ្មែរជំនាន់នោះក៏មានវិធីហាត់ទ្រាំអត់ដង្ហើមក្នុងទឹក ទើបអាចយកជ័យជំនះលើទ័ពចាមនៅបឹងទន្លេសាប។ អាចសន្និដ្ឋានបានថា ទ័ពខ្មែរអាចងើបពីទឹកមកហើយលើកទូកចាមឱ្យបះផ្ងារព្រមគ្នាដែរ។ 
 
អ៊ីសា រ៉ហានី៖ ចម្លាក់ទាក់ទងនឹងចម្បាំងផ្លូវទឹកនេះមានប៉ុន្មានផ្ទាំងដែរ?
 
យូ ខេមរៈ៖ ចម្លាក់រវាងទ័ពចាមនិងទ័ពខ្មែរឃើញតែមួយផ្ទាំងទេ ដែលបង្ហាញពីចម្បាំងផ្លូវទឹក ប៉ុន្តែចម្បាំងផ្លូវគោកមានច្រើនផ្ទាំង ច្រើនកន្លែង។ 
 
អ៊ីសា រ៉ហានី៖ លោកគ្រូអាចជួយសង្ខេបពីប្រវត្តិចម្បាំងខ្មែរចាមនេះបានឬទេ តើវាកើតឡើងនៅពេលណា ហេតុអ្វីមានចម្បាំងរាំងជល់កើតឡើងដូច្នេះ?
 
យូ ខេមរៈ៖ មូលហេតុរួមគឺកត្តាធម្មជាតិ មនុស្ស កាលណាមានការរីកចម្រើនតែងមានអំនួត ហើយតែងអួតថាខ្លួនឯងខ្លាំងជាងនគរមួយៗ ហើយបង្កើតជាចម្បាំង។ ជាក់ស្ដែងកាលជំនាន់នោះ នគរចាម និងនគរខ្មែរក៏គោរពព្រហ្មញ្ញសាសនាដូចគ្នា អ៊ីចឹងព្រហ្មញ្ញសាសនាជាប្រភេទសាសនាដែលមាន ការលើកតម្កើងអាទិទេព កាលណាមានអាទិទេពផ្សេងគ្នាហើយចង់ដឹងអាទិទេពមួយណាខ្លាំងជាង ក៏អាចបង្កជាចម្បាំង។ ទី២កត្តាសេដ្ឋកិច្ច។ ជួនកាលគេច្បាំងដើម្បីប្លន់យកទ្រព្យសម្បត្តិ មានភោគផលធម្មជាតិ ដើម្បីត្រួតត្រា ដើម្បីចំណេញទឹកដី ចំណេញអំណាចទើបកើតជាចម្បាំង។ 
 
ដោយសារចាមចូលមកលុកលុយនៅឆ្នាំ១១៧៧ ទើបព្រះបាទជ័យវរ្ម័នទី៧ បានកទ័ពយ៉ាងស្ងៀមស្ងាត់ ប្រកបដោយភាពវៃឆ្លាតរង់ចាំឱកាសល្អដើម្បីវាយលុកទៅចាមវិញ។ ចម្បាំងនេះកើតឡើងដោយសារ ការឈ្លានពានរបស់ចាមដែលមកតាមផ្លូវទូក។ ហើយនៅបាយ័ននេះខ្ញុំនឹងបង្ហាញជូនការមកដល់​នៃទ័ពចាម មកតាមផ្លូវទូក។
 
អ៊ីសា រ៉ហានី៖ សម្រាប់លោកគ្រូ តើព្រះរាជពិធីបុណ្យអុំទូកនេះវាមានអត្ថន័យបែបណាដែរសម្រាប់​ប្រជាពលរដ្ឋខ្មែរដែលគួរតែរំឭក និងរក្សាឱ្យបានខ្ជាប់ខ្ជួន?
 
យូ ខេមរៈ៖ ព្រះរាជពិធីបុណ្យអុំទូកនេះ វាភ្ជាប់ទៅនឹងពិធីអកអំបុក និងសំពះព្រះខែ។ ក្នុងនេះខ្ញុំអាចចែកជា៣ ទី១ទាក់ទងទៅលើកត្តាប្រវត្តិសាស្រ្ត គឺជ័យជំនះចម្បាំងផ្លូវទឹករបស់ដូនតាយើង។ ទី២ ទាក់ទងទៅលើកត្តាសាសនា ការយល់ដឹងពីបាតុភូតធម្មជាតិ ព្រោះទាក់ទងនឹងព្រះច័ន្ទ។ ហើយទី៣ ទាក់ទងទៅលើសេដ្ឋកិច្ច កសិកម្ម ពីព្រោះទាក់ទងនឹងអកអំបុក មានការដាំស្រូវ។ ដំបូងខ្ញុំសុំលើកឡើង ផលប្រយោជន៍ដែលប្រជាជនយើងត្រូវស្វែងយល់ពីខ្លឹមសារនៃព្រះរាជពិធីបុណ្យអុំទូក គឺថាដូនតាយើង បានយល់ពីធម្មជាតិ ទើបអាចបង្កើតវប្បធម៌។ ព្រះច័ន្ទ ហើយនិងផែនដី គឺជាធម្មជាតិ។ តាមច្បាប់ធម្មជាតិនេះ ដោយសារព្រះច័ន្ទវិលជុំវិញផែនដីទើបបង្កើតជារដូវ ហើយជាក់ស្ដែងនៅស្រុកយើង មានរដូវប្រាំង និងរដូវវស្សា។ អ៊ីចឹងតាមរយៈរដូវវស្សាដែលជះឥទ្ធិពលដោយព្រះច័ន្ទ មានទឹកឡើង ទឹកស្រក ទើបយើងមានទឹកដើម្បីបង្កបង្កើនដំណាំកសិកម្ម ជាពិសេសដំណាំស្រូវ។ ហើយដោយសារមានទឹក​​​ទើបមានស្រូវ ដោយសារស្រូវទើបមានបាយ ដោយសារមានបាយទើប​មានកម្លាំង​​​​កសាងអង្គរបាន។ ហើយតាមរយៈទឹក បានជួយឱ្យយើងមានផ្លូវគមនាគមន៍តាមផ្លូវទូក ដូចបាននិយាយមិញ បើគ្មានបឹងទន្លេសាបដែលជាទ្រនាប់ការពារក្រុង ម្ល៉េះយើងមិនអាចយកទ័ពជើងទឹក​ទៅដាក់ទីណា (មិនដឹងដាក់ទីកន្លែងណា)។ អ៊ីចឹងការជ្រើសរើសអង្គរនេះនៅក្បែរបឹងទន្លេសាប ដើម្បីធ្វើកំពង់ផែទ័ពជើងទឹកនៅបឹងទន្លេសាប ការពារទីក្រុងអង្គរ។ អ៊ីចឹងដោយសារទឹកហ្នឹងហើយ ទើបយើងបានការការពារ អំណោយផលពីធម្មជាតិ ដើម្បីបង្វឹកហាត់ទ័ពជើងទឹក រហូតបានជ័យជំនះ ទៅលើទ័ពចាម។ ដោយសារតែព្រះច័ន្ទផ្តល់ទឹក ដោយសារទឹកទើបយើងឈ្នះសត្រូវ។ ដោយសារទឹកទើបយើងមានភោគផលកសិកម្មដំណាំស្រូវ ទើបយើងត្រូវអរគុណព្រះច័ន្ទ ហើយក៏បង្កើតកម្មវិធីសំពះព្រះខែ គឺជាព្រះច័ន្ទ ហើយយកអីទៅសែនព្រះខែ គឺយកភោគផលកសិកម្ម មានស្រូវ ដាល់ជាអំបុក ទើបបង្កើតអកអំបុក សំពះព្រះខែ។ យកអំបុកដែលជានិមន្តរូប​នៃភោគផលកសិកម្មទៅសែនព្រះខែ ត្រូវអរគុណព្រះច័ន្ទ ដោយសារព្រះច័ន្ទនាំទឹកមកឱ្យយើង ទើបយើងមានស្រូវ។ ហើយក្រោយមកទាំងអស់ហ្នឹងបានបង្កើតឡើងដោយសារដូនតា។ អ៊ីចឹងដើម្បីអរគុណដូនតា គេក៏រៀបចំជាដង្វាយ ជាខ្ទងដើម្បីបណ្ដែតតាមទឹក ដែលវានឹងស្រកទៅវិញ នៅពេលរដូវមូសង់ចប់។ កាលណារដូវចប់ ទឹកចាប់ផ្តើមស្រក ពេលវេលាដែលយើងបណ្ដែតខ្ទង បណ្ដែតដង្វាយ បណ្ដែតសំណែនដើម្បីរំឭកទៅដល់វិញ្ញាណដូនតា ដែលមួយរយៈពេល៦ខែនៅរដូវវស្សា បានផ្តល់ទឹកមកឱ្យយើងធ្វើដំណាំកសិកម្មស្រូវ មានត្រីនៅក្នុងទឹក។ អ៊ីចឹងតាមរយៈទឹក​ដែលនាំដោយព្រះច័ន្ទ គឺធ្វើឱ្យយើងមានអ្វីៗទាំងអស់៕

Tag:
 ចម្បាំងខ្មែរចាម
  ចម្លាក់បាយ័ន
  អុំទូក
  ប្រវត្តិអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com