ជាតិ
សង្គមជាតិ
ស្លាប់៦នាក់ដោយសារក្រឡាប់រថយន្តពេលចុះពីលើភ្នំគូលែន
27, Nov 2023 , 8:08 pm        
រូបភាព
ជនរងគ្រោះនៃហេតុការណ៍ក្រឡាប់រថយន្តនៅភ្នំគូលែន។ រូបភាពពីអធិការដ្ឋាននគរបាលស្រុកស្វាយលើ។
ជនរងគ្រោះនៃហេតុការណ៍ក្រឡាប់រថយន្តនៅភ្នំគូលែន។ រូបភាពពីអធិការដ្ឋាននគរបាលស្រុកស្វាយលើ។
សៀមរាប៖ មនុស្ស៦នាក់បានស្លាប់នៅនឹងកន្លែង និង១៨នាក់ទៀត បានរងរបួសធ្ងន់ស្រាល ដោយសារករណីក្រឡាប់រថយន្តពេលចុះពីលើភ្នំគូលែន។

 
អធិការស្រុកស្វាយលើ លោក យឹប យ៉ុងឈាង បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា មនុស្ស៦នាក់បានស្លាប់នៅនឹងកន្លែង និង១៨នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសាររថយន្តចុះចំណតមិនប្រយ័ត្ន រអិលក្រឡាប់នៅលើផ្លូវឡើងចុះលើភ្នំគូលែន នៅចំណុចស្រុកស្វាយលើ។ លោកអធិការបញ្ជាក់ថា រថយន្តដែលក្រឡាប់ជាប្រភេទរថយន្តដឹក តាកូម៉ា របស់ក្រុមឆៃយុំា ដែលទើបចប់កម្មវិធីបុណ្យកឋិនទាននៅវត្តលើភ្នំគូលែន។ 
 
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៤រសៀលថ្ងៃទី២៧ ខែវិច្ឆិកា។ ភ្លាមៗ ជនរងគ្រោះបានដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យប្រតិបត្តិស្រុកសូទ្រនិគម។ នេះបើតាមការបញ្ជាក់ពីលោក យឹប យ៉ុងឈាង។ 
 
តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច រថយន្តខាងលើទំនងដឹកហួសទម្ងន់ គឺផ្ទុកមនុស្សសរុបជាង២០នាក់ និងខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យក្រឡាប់ដូច្នេះ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com