ជាតិ
សេដ្ឋកិច្ច
គ្រឹះស្ថានអង្គរ រំពឹងទទួលបានទេសចរ៨០ម៉ឺននាក់ ក្នុងដំណាច់ឆ្នាំ២០២៣
29, Nov 2023 , 9:29 am        
រូបភាព
សៀមរាប៖ ការចាប់ផ្តើមងើបឡើងវិញបន្ដិចម្ដងៗរបស់ភ្ញៀវទេសចរនៅខេត្តសៀមរាប ធ្វើឱ្យលេចឡើងនូវសញ្ញាកាន់តែល្អប្រសើរ។ គ្រឹះស្ថានអង្គរដែលជាស្ថាប័នលក់សំបុត្រ​ចូលទស្សនារមណីយដ្ឋានអង្គរ បានប៉ាន់ប្រមាណថា ប្រសិនបើសន្ទុះនៃការចាប់ផ្តើមងើបឡើងវិញនៅតែល្អនោះ ខេត្តសៀមរាបនឹងទទួលបានទេសចរប្រមាណ៨០ម៉ឺននាក់ ក្នុងដំណាច់ឆ្នាំ២០២៣នេះ។

 

អគ្គនាយកគ្រឹះស្ថានអង្គរ លោក លី សែ បានបញ្ជាក់ថា ក្នុងរដូវសម្បូរភ្ញៀវដែលចាប់ផ្ដើមពីខែតុលា មកនេះ សន្ទុះភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សម្គាល់។ លោកបន្ថែម បរិមាណភ្ញៀវបានងើបឡើងវិញប្រមាណ៤០ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មុនមានវិបត្តិជំងឺកូវីដ១៩។ 
 
ជាមួយគ្នានេះលោក លី សែ បានបញ្ជាក់ថា ក្នុងខែតុលា ជាមធ្យមមានទេសចរចូលទិញសំបុត្រទស្សនា រមណីយដ្ឋានអង្គរពី១ពាន់ទៅជាង២ពាន់នាក់ ហើយក្នុងខែវិច្ឆិកានេះ កើនជាង៣ពាន់នាក់ជាប្រចាំថ្ងៃ។ 
 


ក្នុងចំនួននោះ ទេសចរអឺរ៉ុបមានចំនួនច្រើនជាងគេ គឺក្នុងបរិមាណ៦៥ទៅ៧០ភាគរយ។ លោក លី សែ បន្តថា ប្រសិនបើសកម្មភាពដូចនេះនៅតែល្អប្រសើរ នោះខេត្តសៀមរាបនឹងទទួលបានទេសចរក្នុងរង្វង់ ៨០ម៉ឺននាក់នៅដំណាច់ឆ្នាំ២០២៣នេះ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗនៅបញ្ជរលក់សំបុត្រ លោក លី សែ បានបញ្ជាក់ថា ទេសចដែលឈរលំដាប់ទីមួយដែលមកកម្សាន្តខេត្តសៀមរាប ទី១អាមេរិក ទី២ អង់គ្លេស ទី៣បារាំង បន្ទាប់មកមានកូរ៉េ ជប៉ុន។ល។ ចំណែកទេសចរចិន ដែលធ្លាប់ឈរកំពូលតារាងមុនកូវីដ១៩ មានប្រមាណ៦ភាគរយប៉ុណ្ណោះ។ អគ្គនាយកគ្រឹះស្ថានអង្គរបានទាញសេចក្ដីសន្និដ្ឋានថា ដោយសារស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសចិនមិនទាន់ល្អប្រសើរ ទើបធ្វើឱ្យជនជាតិនេះ​មិនទាន់ចេញដើរច្រើន។ 
 
ក្រៅពីការទិញសំបុត្រដោយផ្ទាល់នៅគ្រឹះស្ថានអង្គរ ក្នុងនោះស្ថាប័ននេះក៏សម្រួលដល់ទេសចរ​ដើម្បីអាចទិញតាមប្រព័ន្ធឌីជីថលផងដែរ។ លោក លី សែ បញ្ជាក់ថា បច្ចុប្បន្នមានទេសចរប្រមាណ ១៥ភាគរយបានទិញតាមប្រព័ន្ធឌីជីថល ហើយក្នុងនោះគ្រឹះស្ថានអង្គរកំពុងពង្រឹងប្រព័ន្ធនេះ​ឱ្យកាន់តែល្អប្រសើរ ដើម្បីជំរុញឱ្យមានការទិញសំបុត្រឬបណ្ណពីចម្ងាយ ដែលកាត់បន្ថយពេលវេលាមួយផ្នែករបស់ភ្ញៀវទេសចរផងដែរ៕


Tag:
 គ្រឹះស្ថានអង្គរ
  លី សែ
© រក្សាសិទ្ធិដោយ thmeythmey.com