អន្តរជាតិ
សមាជិកព្រឹទ្ធសភាអាម៉េរិក៥នាក់ ស្នើរដ្ឋបាលលោក បៃឌិន ចេញបម្រាមធ្វើដំណើរជាមួយចិន
02, Dec 2023 , 4:59 pm        
រូបភាព
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ៥នាក់ ដែលដឹកនាំដោយលោក Marco Rubio បានស្នើឱ្យរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ហាមឃាត់ការធ្វើដំណើររវាងអាម៉េរិក និងចិន ទីដែលជំងឺផ្លូវដង្ហើមកំពុងកើនឡើង។

ភាគខាងជើងចិនដែលរួមបញ្ចូលទាំងរដ្ឋធានីប៉េកាំងផង កំពុងរងការឆ្លងជំងឺផ្លូវដង្ហើមយ៉ាងខ្លាំងស្របគ្នានឹងដូវរងា ប៉ុន្តែរដ្ឋាភិបាលចិនអះអាងថា មិនមែនជាប្រភេទមេរោគថ្មីឡើយ ហើយខ្លួនក៏អាចគ្រប់គ្រងស្ថានការណ៍បានដែរ។
 
យ៉ាងណាមិញ អ្នកនយោបាយអាម៉េរិកឯណោះ បង្ហាញក្ដីបារម្ភ។ សមាជិកព្រឹទ្ធសភាអាម៉េរិក៥នាក់ ស្នើឱ្យប្រធានាធិបតី ចូ បៃឌិន ចាត់វិធានការឆ្លើយតប។
 
ក្នុងលិខិតដែលចុះហត្ថលេខាដោយលោក Marco Rubio មន្រ្តីបក្សសាធារណរដ្ឋក្នុងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភា សមាជិកព្រឹទ្ធសភាអាម៉េរិកលើកឡើងពីដាក់កម្រិតភ្លាមៗការធ្វើដំណើររវាងអាម៉េរិក និងចិនរហូតដល់ទទួលបានព័ត៌មានបន្ថែមអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយជំងឺថ្មីនេះ។
 
ការផ្ទុះករណីជំងឺផ្លូវដង្ហើមនៅចិន បានបង្កជាការព្រួយបារម្ភខ្លាំងនៅពេលដែលអង្គការសុខភាពពិភពលោក ស្នើចិនផ្ដល់ព័ត៌មានបន្ថែម ក្រោយកត់ត្រាចង្កោមនៃជំងឺរលាកសួត ពិសេសក្នុងចំណោមកុមារ។
 
លោកស្រី Maria Van Kerkhove ប្រធានស្តីទីការប្រយុទ្ធនឹងជំងឺឆ្លង និងបង្ការជំងឺរាលដាលរបស់អង្គការសុខភាពពិភពលោក បាននិយាយនៅដើមសប្តាហ៍នេះថា ការកើនឡើងនេះហាក់ដូចជាត្រូវបានជំរុញដោយការកើនឡើងនៃករណីថ្មីក្នុងចំណោមកុមារ។ 
 
យ៉ាងណាមិញ ចិនបញ្ជាក់ហើយថា ការឆ្លងថ្មីៗនេះ បណ្ដាលពីមេរោគដែលមានស្រាប់ ស្របពេលការចុះត្រជាក់៕
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com