ជាតិ
ត្រៀមកន្ទេលអង្គុយមើលការសម្ដែងសិល្បៈចម្រុះក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ និងរាត្រីចងចាំ
06, Dec 2023 , 4:42 pm        
រូបភាព
ពលរដ្ឋទស្សនាការសម្ដែងសិល្បៈនៅក្នុងកម្មវិធីរាត្រីចងចាំនៅប្រាសាទអង្គរវត្ត ឆ្នាំ២០២២។ រូបភាព៖ រដ្ឋ ផល្លីន
ពលរដ្ឋទស្សនាការសម្ដែងសិល្បៈនៅក្នុងកម្មវិធីរាត្រីចងចាំនៅប្រាសាទអង្គរវត្ត ឆ្នាំ២០២២។ រូបភាព៖ រដ្ឋ ផល្លីន
សៀមរាប៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសរៀបចំព្រឹត្តិការណ៍រាត្រីចងចាំដំណាលគ្នាជាមួយព្រឹត្តិការណ៍រំលឹកគុណអង្គរ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា។ ដូច្នេះសាធារណជនដែលចូលចិត្តវិស័យសិល្បៈចម្រុះ ដូចជាការរសម្ដែងល្ខោនបុរាណ យីកេជាដើមកុំភ្លេចដាក់កន្ទេលត្រៀមអង្គុយទស្សនានូវផ្ទាំងទស្សនីយភាពពិសេសប្រចាំឆ្នាំនេះ។

 
ព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៦ ខែធ្នូ។ ពិធីបើកព្រឹត្តិការណ៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី៧ នៅបរិវេណខាងមុខស្ពានហាលអង្គរវត្ត ដោយាមានការចូលរួមពីភរិយានាយករដ្ឋមន្រ្តី គឺលោកស្រី ពេជ ចន្ទមុន្នី និងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ 
 
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឱ្យដឹងថា ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៦ នឹងមានការតាំងពិព័រណ៍សមិទ្ធផលការងារតាមស្ដង់នាយកដ្ឋានជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលសាធារណអាចទស្សនា និងស្វែងយល់បាន។ ក្រៅពីនេះក៏មានការរៀបចំជាដំណើរទស្សនកិច្ចសិក្សា នៅតាមការដ្ឋានជួសជុលប្រាសាទ និងការទស្សនាសារមន្ទីរផងដែរ ដែលសាធារណជនអាចចុះឈ្មោះ ជាមួយក្រុមការងារនៅទីតាំងពិព័រណ៍។ 
 
ដោយឡែកកម្មវិធីសំខាន់មួយទៀត នៅព្រឹកថ្ងៃទី១០ ធ្នូ នឹងមានការហែក្បួនព្យុះហយាត្រារបស់សិស្សានុសិស្ស និងមហាជន ក្រោមពាក្យស្លោកអរគុណអង្គរ និងអរគុណសន្ដិភាព។ លោក ឡុង កុសល ពន្យល់ថា ក្បួនព្យុះហយាត្រានេះ នឹងមានអ្នកចូលរួមប្រមាណ ១២០០នាក់ ដែលចេញដំណើរពីប្រាសាទអង្គរវត្ត ឆ្ពោះទៅក្រុងសៀមរាប។ 
 
ចំណែកល្ងាចថ្ងៃទី១៣ កម្មវិធីរាត្រីស្រមោលស សម្ដែងសិល្បៈ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា នៅប្រាសាទបាភួន រីឯល្ងាចថ្ងៃទី១៤ ដល់១៦ មានការសម្ដែងសិល្បៈនៅបរិវេណមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរី ដែលសាធារណជន អាចចូលរួមទស្សនាបានដោយសេរី។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បន្ថែមថា រាត្រីទាំងនោះមានការសម្ដែងសិល្បៈចម្រុះដូចជា ល្ខោនយីកេមហាជន ការសម្ដែងសិល្បៈស្បែកធំ ល្ខោនបុរាណពោលស្រ្តី និងការសម្ដែងសិល្បៈផ្សេងៗទៀត។ល។
 
នេះជាឆ្នាំទី៣ហើយដែលអាជ្ញាធរជាតិអប្សរារៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ ហើយឆ្នាំ២០២៣នេះ រៀងខុសពីឆ្នាំមុនៗបន្ដិច ដោយបូកបញ្ចូលជាមួយព្រឹត្តិការណ៍រាត្រីចងចាំ។ ព្រឹត្តិការណ៍រំលឹកគុណអង្គរ ធ្វើឡើងក្នុងបំណងបំផុសសា្មរតីការគោរពដឹងគុណដល់បុព្វបុរសជំនាន់មុនៗ និងថ្នាក់ដឹកនាំប្រទេស មន្រ្តីរាជការ សាមញ្ញជន ដែលបានខិតខំទាំងកម្លាំងកាយចិត្ត ក្នុងបុព្វហេតុថែរក្សាអង្គរ។ «បំណងទី២ គឺចង់រំលេចពីតម្លៃអង្គរឱ្យកាន់តែទូលំទូលាយបន្ថែមទៀតក្នុងបរិបទសាកលភាវូបនីយកម្ម ឱ្យគេស្គាល់ថា អង្គរជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិខ្មែរ អង្គរសមជាទីសក្ការៈនៃជាតិខ្មែរ មនុស្សខ្មែរមិនមែនមកអង្គរសម្រាប់តែការទស្សនាទេ តែជាកន្លែងសុំសេចក្ដីសុខ ជាទីកន្លែងចែករំលែករឿងរ៉ាវក្នុងចិត្តផ្សេងៗ»។ នេះជាការលើកឡើងរបស់លោក ឡុង កុសល។
 
ចំណែកផ្នែកទេសចរណ៍វិញ អាជ្ញាធរជាតិអប្សរាក៏រំពឹងថា ព្រឹត្តិការណ៍នេះនឹងទាក់ទាញទេសចរ ដោយបំផុសចលនាមួយឆ្នាំមកទស្សនាអង្គរម្ដង ឬមកទស្សនាហើយមកទស្សនាទៀត។ នៅឆ្នាំទី៣នៃព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាជឿជាក់ថា នឹងមានសាធារណជនចូលរួមច្រើនជាងឆ្នាំមុនៗ ស្របពេលដែលជំងឺរាតត្បាតសឹងតែលែងមកយីយា រីឯសេដ្ឋកិច្ចជាតិ និងអន្ដរជាតិកាន់តែល្អប្រសើរ ដែលជាលក្ខខណ្ឌសមស្របបើកចំហសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី៕

Tag:
 រំលឹកគុណអង្គរ
  រាត្រីចងចាំ
© រក្សាសិទ្ធិដោយ thmeythmey.com