កីឡាជាតិ
ជាតិ
កីឡាករ-កីឡាការិនីចំបាប់ ២៧៦នាក់ មកពី៧ប្រទេស ចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣
07, Dec 2023 , 6:59 pm        
រូបភាព
លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា រូបពី វិដេអូ NOCC
លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា រូបពី វិដេអូ NOCC
ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ មានអត្តពលិក ២៧៦នាក់ មកពី៧ប្រទេសចូលរួម។ ៧ប្រទេសនោះ មាន ម្ចាស់ផ្ទះ កម្ពុជា, វៀតណាម, ឡាវ, ហ្វីលីពីន, ឥណ្ឌូណេស៊ី, ថៃ និង សិង្ហបុរី។ យោងតាមសមិទ្ធផលកន្លងមក លោក Casey Barnet អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ជឿថាកីឡាករ-កីឡាការិនីកម្ពុជា នឹងដណ្ដើមបានមេដាយច្រើន ក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ។ 


 
ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា ត្រូវបានចាប់ផ្ដើមកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ លោក Casey Barnett ជឿថាអត្ដពលិកកម្ពុជា នឹងដណ្ដើមបានមេដាយច្រើន ព្រោះសមិទ្ធផលកន្លងមក អ្នកទាំងនោះ ដណ្ដើមបានមេដាយជាច្រើន ដូចជាការដណ្ដើមបានមេដាយចំនួន២០ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និង ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ បានមេដាយចំនួន១៩។
 
អនុប្រធានរូបនេះ មានសុទិដ្ឋិនិយមថា ការប្រកួតនេះ គឺជាការពង្រឹងសមត្ថភាពអត្តពលិក ព្រោះបានហ្វឹកហាត់ និងប្រកួតជាក់ស្ដែង។ 
 
«យើង ចង់បន្ដអភិវឌ្ឍឲ្យកីឡាករ-កីឡាការិនីចំបាប់កម្ពុជា កើនគុណភាព។ កីឡាករ-កីឡាការិនីយើង បានហ្វឹកហាត់ ច្រើនឆ្នាំ សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំនេះ។ យើង ចង់រក្សាកម្លាំង រក្សាជំនាញ ឲ្យកើនឡើងរៀងរាល់ឆ្នាំ ហើយបន្ទាប់ពីស៊ីហ្គេម កីឡាករ-កីឡាការិនីយើង បានទៅហ្វឹកហាត់នៅប្រទេសចិន ហើយក៏ត្រៀមសម្រាប់ការប្រកួតនេះ។ ការប្រកួតនេះ យើង មានសង្ឃឹម ដណ្ដើមមេដាយជាច្រើន។ ឆ្នាំមុន យើង បានដណ្ដើមមេដាយ ចំនួន ១៩ ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ និងក្នុងស៊ីហ្គេម នៅកម្ពុជា យើង ដណ្ដើមបានមេដាយចំនួន ២០។»។ លោក Casey Barnett បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ធ្វើចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
 

Tag:
 ចំបាប់
  Casey Barnett
© រក្សាសិទ្ធិដោយ thmeythmey.com