កីឡាជាតិ
ជាតិ
កាន់តំណែងថ្មី លោក នូ សុផល នឹងកែទម្រង់ផ្ទៃក្នុងសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា
07, Dec 2023 , 5:09 pm        
រូបភាព
កាន់តំណែងជាអគ្គលេខាធិការសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា ថ្មី លោក នូ សុផល ប្តេជ្ញាពង្រឹងសាមគ្គីភាពផ្ទៃក្នុងសហព័ន្ធឱ្យបានល្អជាងមុន។ លោក សុផល សង្កត់ធ្ងន់ថា ប្រសិនបើសហព័ន្ធគ្មានការរួបរួម នោះកីឡាករក៏មិនអាចប្រកួតដណ្តើមបានជ័យជម្នះនោះដែរ។


 
លោក នូ សុផល ត្រូវបានតែងតាំងជាអគ្គលេខាធិការសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា ជំនួសលោក ញឹម សុភ័ន្ត ដែលលាលែងពីតំណែងនេះ។ នេះជាការប្រកាសរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា នាមហាសន្និបាតវិសាមញ្ញ សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា នៅទីស្នាក់ការ NOCC ព្រឹកថ្ងៃទី៧ ខែធ្នូ។
 
«កាលណាសហព័ន្ធគ្មានសាមគ្គីភាព ដូច្នេះកីឡាករក៏មិនអាចទទួលបានជ័យជម្នះឡើយ ដ្បិតកីឡាគ្រិកឃីត ប្រកួតជាក្រុម»។ នេះជាការអះអាងរបស់ លោក នូ សុផល បន្ទាប់ពីលោកបានប្តេជ្ញា កែទម្រង់ និងបង្រួបបង្រួមផ្ទៃក្នុងសហព័ន្ធកីឡាគ្រិកឃីតកម្ពុជាឱ្យប្រសើរជាងមុន។
 
សម្រាប់តំណែងជាអគ្គលេខាធិការថ្មី ជំនួសលោក ញឹម សុភ័ន្ត ក្នុងអាណត្តិ ឆ្នាំ២០២២-២០២៦ លោក សុផល ដែលរួមចំណែករៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នឹងចូលរួមអនុវត្តន៍តាមការណែរនាំរបស់ប្រធានសហព័ន្ធគ្រិកឃីតកម្ពុជា ក្រសួងអប់រំ និង NOCC ជាដើម ក្នុងគោលដៅនាំវិស័យកីឡាដែលល្បីល្បាញមួយលំដាប់ពិភពលោកមួយនេះកាន់តែរីកចម្រើននៅកម្ពុជា។


 
ដោយឡែកលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បានជំរុញសមាជិកសហព័ន្ធត្រូវយល់ដឹងអំពីបច្ចេកវិទ្យា ធ្វើយ៉ាងឱ្យគេស្គាល់វិស័យកីឡាមួយនេះតាមរយៈការផ្សព្វផ្សាយលើបណ្តាញសង្គមផ្សេងៗ ដូចជាហ្វេសប៊ុក អ៊ីនស្តាក្រាម និងតិកតុក ជាដើម។ អគ្គលេខាធិការ NOCC លើកឡើងថា៖«យើងត្រូវធ្វើឱ្យគេស្គាល់ ហើយកាលណាគេស្គាល់យើង គេពេញចិត្តយើងនោះ គេនឹងផ្តល់ការគាំទ្រដល់យើង។ ដូច្នេះបណ្តាចសង្គម ជាកន្លែងផ្សព្វផ្សាយដ៏សំខាន់មួយ»៕ 
 




Tag:
 កីឡាគ្រិកឃីត
© រក្សាសិទ្ធិដោយ thmeythmey.com