កីឡាជាតិ
ជាតិ
FFC បង្ហាញគំរូប្លង់កៅអីស្តាតអូឡាំពិកដ៏ស្រស់ស្អាតទាំង១០២ មុនចម្រាញ់យកស្នាដៃល្អបំផុត
08, Dec 2023 , 10:53 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បង្ហាញស្នាដៃរចនាបថប្លង់កៅអីថ្មីរបស់ពហុកីឡដ្ឋានជាតិអូឡាំពិកចំនួន១០២ប្លង់ផ្សេងគ្នា។ ស្នាដៃដែលសុទ្ធសឹងស្រស់ស្អាតទាំង១០២ ពីសាធារណៈជន ដែលចូលរួមរចនាប្លង់កៅអី ធ្វើឡើងដើម្បីជ្រើសយកស្នា១ដែលល្អបំផុត ដើម្បីយកធ្វើជាគំរូប្លង់ ផ្លាស់ប្តូរកៅអីកីឡដ្ឋានថ្មី ឱ្យស្របតាមលក្ខខណ្ឌរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងអាស៊ី (AFC)។


AFC និង FIFA តម្រូវឱ្យ FFC ដកកៅអីចាស់ដែលទើបបំពាក់អំឡុងស៊ីហ្គេម ហើយបញ្ចូលកៅអីដែលមានបង្អែកវិញ ដើម្បីអាចរៀបចំប្រកួតកម្រិតអន្តរជាតិ។ FFC ប្រកាសរកអ្នកចង់បញ្ចេញស្នាដៃ រចនាប្លង់កៅអីពហុកីឡដ្ឋានជាតិអូឡាំពិកនេះកាលពីសប្តាហ៍មុន ហើយនៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់កម្ពុជា ក៏បានបង្ហាញស្នាដៃរចនារបស់អ្នកចូលរួមចំនួន១០២។
 
ក្នុងចំណោមស្នាដៃទាំង១០២នេះ FFC ត្រូវបន្តចម្រាញ់យក១០ស្នាដៃ Top10 ដែលមានរចនាមានសោភណភា និងអត្ថន័យល្អជាងគេ តាមរយៈការបោះឆ្នោតគាំទ្រលើបណ្តាញសង្គមហ្វេសប៊ុក ដោយស្នាដៃណាមួយដែលទទួលបានការចុចចូលចិត្ត ច្រើនជាងគេ។
 
ស្នាដៃទាំង១០ ដែលត្រូវបានជ្រើសរើស នឹងបន្តទៅជុំទី២ ប្រជែងគ្នាបន្តទៀត ដើម្បីជ្រើសរើសយកស្នាដៃល្អជាងគេ ដើម្បី FFC យកទៅធ្វើជាគំរូផ្លាស់ប្តូរកីឡាកីឡដ្ឋានឡើងវិញ។
FFC ក៏បានជូនដំណឹងដល់ម្ចាស់ស្នាដៃទាំង១០២ ឱ្យពិនិត្យលើការរចនារបស់ខ្លួនឡើងវិញ ត្រង់ចំណុចពណ៌លើកៅអី។ FFC តម្រូវឱ្យអ្នករចនាប្រើប្រាស់តែបីពណ៌ប៉ុណ្ណោះលើកៅអីនីមួយ ក្នុងនោះមានពណ៌ស ខៀវ និងក្រហម។ ថ្ងៃផុតកំណត់ត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៩ ខែធ្នូ។
 
តាមលក្ខខណ្ឌរបស់ AFC និង FIFA ដើម្បីអាចឱ្យពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតអន្តរជាតិបាន តម្រូវឱ្យកីឡដ្ឋាននេះ មានកៅអីដែលមានបង្អែក ដោយរុះរើកៅអីដែលមានសព្វថ្ងៃចេញវិញ។ ដំណើរការបំពាក់កៅអីថ្មី FFC បានស្នើទៅសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដើម្បីសុំកញ្ចប់ថវិកាឧបត្ថម្ភ។
 
កៅអីដែលគ្មានបង្អែកសព្វថ្ងៃ​ ត្រូវបានបំពាក់នៅមុនការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។​ បើទោះកន្លងមក អាចទទួលរៀបចំស៊ីហ្គេមបាន និងការប្រកួតអន្តរជាតិមួយចំនួនក្តី នោះក៏ដោយសារ FFC ទទួលបានការអនុគ្រោះពី AFC ប៉ុណ្ណោះ។ បើមានកៅអីផ្អែក FFC មិនបាច់ស្នើសុំ AFC ទៀតឡើយ នៅពេលរៀបចំប្រកួតអន្តរជាតិ៕
 

Tag:
 FFC
  ពហុកីឡដ្ឋានជាតិអូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com