កីឡាជាតិ
ជាតិ
«អ្នកលេងគុន» នឹងរួមចំណែករុញគុនល្បុក្កតោកាន់តែរឹងមាំ ដល់កម្រិតអាជីព
08, Dec 2023 , 5:15 pm        
រូបភាព
«អ្នកលេងគុន» ជាព្រឹត្តិការណ៍មួយក្នុងការរួមចំណែករុញគុនល្បុក្កតោ ទៅកាន់កម្រិតអាជីព និងផ្សព្វផ្សាយក្បាច់គុនដូនតានេះ ទៅកាន់ពិភពលោក។ នេះជាការអះអាងរបស់លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ព្រឹត្តិការណ៍អ្នកលេងគុន នៅថ្ងៃទី៨ ខែធ្នូ។



ព្រឹត្តិការណ៍ការប្រកួត «អ្នកលេងគុន» នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍ដែលមានអ្នកគុននិយមកម្ពុជា ឡាវ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ីចូលរួម រៀបចំឡើងក្នុងគោលដៅ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងកាន់តែទូលំទូលាយអំពីក្បាច់គុនល្បុក្កតោ ទៅកាន់ពលរដ្ឋកម្ពុជាដែលជាម្ចាស់ក្បាច់គុន និងជនបរទេសផ្សេងៗទៀត។
 

មិនត្រឹមតែផ្សព្វផ្សាយនោះឡើយ «អ្នកលេងគុន» ដែលជាការប្រកួតគុនល្បុក្កតោកម្រិតអាជីពដំបូងគេ នៅកម្ពុជាក៏ជាព្រឹត្តិកាណ៍ដើម្បីរួមចំណែកក្នុងការរុញគុនល្បុក្តតោទៅកាន់កម្រិតអាជីពអន្តរជាតិថែមទៀតផង។ លោកអគ្គលេខាធិកា អ៊ួ តារា លើកឡើងថា ដើម្បីសម្រេចបានគោលដៅនេះ មិនត្រឹមតែមានការចូលរួមពីសហព័ន្ធតែមួយនោះទេ ប្រជាជនកម្ពុជាដែលជាម្ចាស់ក្បាច់គុនដូនតារាប់ពាន់ឆ្នាំនេះ ក៏ត្រូវរួមចំណែកលើកស្ទួយ និងផ្សព្វផ្សាយផងដែរ។
 
«អ្នកលេងគុន ជាសេនិធិការមួយដើម្បីជំរុញបន្ថែមឱ្យមានការប្រកួតកីឡាគុនល្បុក្កតោ។ សហព័ន្ធបានដើរតួក្នុងការអភិវឌ្ឍវិស័យកីឡាគុនល្បុក្កតោ​ ប៉ុន្តែល្បុក្កតោមិនមានជាបន្ទុកផ្តាច់មុខរបស់សហព័ន្ធគុនល្បុក្កតតោតែម្នាក់ទេ ពោលដើម្បីរុញគុនល្បុក្កតោពីមួយកម្រិតទៅមួយកម្រិត ក៏ជាតួនាទីរបស់ពលរដ្ឋខ្មែរទាំងអស់»។ នេះជាការបញ្ជាក់របស់លោក តារាង ដោយសង្កត់ធ្ងន់ថា បើសិនជាក្បាច់គុននេះមិនផុសផុលក្នុងស្រុកទេ នោះនៅក្រៅស្រុកក៏មិនមានឥទ្ធិពលអ្វីក្នុងការគាំទ្រនោះដែរ។ នេះមានន័យថា ត្រូវធ្វើយ៉ាងណាឱ្យគុនអត្តសញ្ជាណខ្មែរមួយនេះ មានភាពរឹងមាំជាមុនសិន ដើម្បីទាក់ទាញប្រទេសផ្សេងទៀតចូលរួមដោយភាពជឿជាក់។
 
កីឡាករទាំង៥ប្រទេស ដែលត្រូវប្រកួតគ្នា នៅថ្ងៃទី១៦ ធ្នូ៖
 
១- (៥៤គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជារន្ទះជើងព្យុះសមុទ្រ ពេជ្រ ពន្លឺ ត្រូវប៉ះជាមួយ អ្នកលេងគុនល្បុក្កតោឡាវកំដាប់ដៃតាន់ Honggvixay sivilay ។

២- (៥៣គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជាកណ្ដាប់ដៃដែក ពេជ្រ ខាំតៃ ជួបសួរសុខទុក្ខជាមួយនឹងអ្នកលេងគុនល្បុក្កតោវៀតណាម កម្លោះសង្ហារជើងរន្ទះ ដៃឥតស្រមោល Hoang Phuc Thuan ។
 
៣- (៦៣គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជាជង្គង់ទិព្វរាងសង្ហារ ស៊ូ កក្កដា តតាំងជាមួយអ្នកលេងគុនល្បុក្កតោកឥណ្ឌូណេស៊ី ខ្លាស្ទាវឃ្លានចំណី Muhammad yunus dhae atu ។
 
៤- (៥១គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជាដៃរន្ទះ កែងទារលោហិត ណាង សុវណ្ណ ជួបជាមួយនឹង អ្នកលេងគុនល្បុក្កតោវៀតណាម កណ្ដុរស មានពិស Pham Van Giang ។

៥- (៦០គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជា ខ្លាខ្មៅកំណាចមុខតាន មាស រាជៈ ប៉ះ ជាមួយនឹងអ្នកលេងគុនឥណ្ឌូណេស៊ីនាគកំណាច SanJaya Hutagaol ។
 
៦- (៦៥គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជាឥន្រ្ទីពិឃាតក្រញាំភ្លើង រិន សារ័ត្ន នឹងសាកក្បាច់គុនជាមួយអ្នកលេងគុនល្បុក្កតោហ្វីលីពីនស្ដេចពស់វែក Jiar Orlando Castillo ។
 
៧- (៦២គីឡូក្រាម) អ្នកលេងគុនល្បុក្កតោកម្ពុជា ស្ដេចតោ ចង្គោមពិឃាត ចាន់ រតនា ស្កាតជួបគ្នាជាមួយអ្នកលេងគុនល្បុក្កតោហ្វីលីពីន ក្របីឡើងករ ស្រេកឃ្លានជ័យជំនះ John Mc Leary Ornido៕
 

Tag:
 អ្នកលេងគុន
  ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com