ជាតិ
ស្ត្រីម្នាក់ចាប់ព្រាបមុខវាំង១គូយកលក់ឱ្យម៉ូយក្នុងតម្លៃ២ម៉ឺនរៀល តែពេលនេះស្បថឈប់ប្រព្រឹត្ត
08, Dec 2023 , 7:41 pm        
រូបភាព
ដោយ: រួបរួម
ឃ្លីបវីដេអូខ្លីមួយ បានបង្ហាញពីសកម្មភាពស្ត្រីម្នាក់ ចាប់សត្វព្រាបមួយគូនៅសួនច្បារមាត់ទន្លេ មុខព្រះបរមរាជវាំង ដើម្បីយកទៅលក់ឱ្យម៉ូយរបស់ខ្លួន ដែលបានបញ្ជាទិញ ក្នុងតម្លៃ២ម៉ឺនរៀល រួមចាប២០ក្បាលទៀតក្នុងតម្លៃ៣ម៉ឺនរៀល។

«ខ្ញុំខុសមែន ខុសរឿងចាប់ព្រាបពីរហ្នឹងដើម្បីចង់បានលុយ២ម៉ឺនរៀល ហើយនឹងចាប២០តែ៣ម៉ឺនរៀល។ ខុស ខុសធ្ងន់ធ្ងរ»។ ស្ត្រីរូបនោះ បានសារភាពពីកំហុសរបស់ខ្លួននៅចំពោះមុខសមត្ថកិច្ចនៃរដ្ឋបាលខណ្ឌដូនពេញ ហើយសន្យាលែងប្រព្រឹត្តបែបនេះជារៀងរហូត។



ស្រ្តីដែលប្រកបរបរលក់ចាបប្រមាណ៣០ឆ្នាំមកហើយនោះ បានបញ្ជាក់ថា ទទួលបានការបញ្ជាទិញព្រាបពីអតិថិជន ហើយជាលើកដំបូងបំផុតដែលហ៊ានចាប់ព្រាបពីមុខវាំង ខណៈកន្លែងមក គាត់ទៅទិញបន្តពីអ្នកលក់នៅម្តុំវត្តកោះ។

បើតាមរដ្ឋបាលខណ្ឌដូនពេញ បន្ទាប់ពីបានសាកសួរ និងណែនាំ នៅថ្ងៃទី៨ ខែធ្នូ រដ្ឋបាលខណ្ឌបានអនុញ្ញាតឱ្យគាត់ត្រឡប់ទៅផ្ទះវិញ និងហាមមិនឱ្យគាត់ប្រព្រឹត្តនូវទង្វើអសកម្មផ្សេងៗដែលប៉ះពាល់ដល់សង្គមទៀតឡើយ ។

«សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តនៅតាមសួរច្បារមាត់ទន្លេ ហើយបានជួបប្រទះនៅករណីខាងលើនេះ សូមរាយការណ៍ដល់អាជ្ញាធរដែលនៅនឹងគោលដៅនោះភ្លាមៗ ដើម្បីមានវិធានការហាមឃាត់ជាបន្ទាន់»។ នេះជាការបញ្ជាក់របស់រដ្ឋបាលខណ្ឌដូនពេញ៕








© រក្សាសិទ្ធិដោយ thmeythmey.com