កីឡាជាតិ
ជាតិ
សំ ថារ័ត្ន អន្ទះសាចង់ប្រកួតក្នុងព្រឹត្តិការណ៍«អ្នកលេងគុន»លើកក្រោយ
09, Dec 2023 , 5:59 pm        
រូបភាព
កញ្ញា សំ ថារ័ត្ន ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
កញ្ញា សំ ថារ័ត្ន ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
ភ្នំពេញ៖ ព្រឹត្តិការណ៍ «អ្នកលេងគុន» បានធ្វើឱ្យចិត្តកីឡាការិនីគុនល្បុក្កតោ សំ ថារ័ត្ន នៅមិនសុខមិនស្ងៀម និងអន្ទះសាចង់ចូលរួមប្រកួតប្រសិនបើមានព្រឹត្តិការណ៍លើកក្រោយ។ សំ ថារ័ត្ន បញ្ជាក់ថា ខ្លួនមិនធ្លាប់បានប្រកួតលើវិញ្ញាសាប្រយុទ្ធគុនល្បុក្កតោសោះ ព្រោះមិនសូវមានកីឡាការិនីហាត់ និងម្យ៉ាងមិនសូវមានព្រឹត្តិការណ៍ប្រកួតគុនល្បុក្កតោអន្ដរជាតិផង។ ព្រឹត្តិការណ៍«អ្នកលេងគុន» នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០ យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។


 
កីឡាការិនី សំ ថារ័ត្ន ដែលធ្លាប់ប្រកួតលើវិញ្ញាសាកីឡាប្រយុទ្ធនានា ដូចជាចំបាប់ គុនខ្មែរ និងវ៉ូវីណាម ចង់មានវត្តមានប្រកួតលើសង្វៀនអ្នកលេងគុន នាឱកាសក្រោយ ដោយសារតែការប្រកួត នាថ្ងៃទី១៦ ខែធ្នូ ត្រូវបានរៀបចំសមាសភាពប្រកួតរួចរាល់។ ជាកីឡាការិនីមានឫសគល់ចេញពីអ្នកហាត់គុនល្បុក្កតោ កញ្ញា សំ ថារ័ត្ន មិនធ្លាប់មានបទពិសោធន៍ប្រកួតគុនល្បុក្កតោលើវិញ្ញាសាប្រយុទ្ធឡើយ។ នេះ ជាហេតុ ដែលរូបកញ្ញា បានចាប់ផ្ដើមដើរប្រកួតលើវិញ្ញាសាប្រយុទ្ធនានា។ 
 
កញ្ញា ថារ័ត្ន បានចូលហ្វឹកហាត់គុនល្បុក្កតោដំបូង នៅឆ្នាំ២០០៨។ ក្រោយហាត់បាន ៤ឆ្នាំ កីឡាការិនីរូបនេះ បានចូលទៅប្រកួតគុនខ្មែរ ព្រោះអំឡុងឆ្នាំនោះគុនល្បុក្កតោ មិនសូវមានកីឡាការិនីហ្វឹកហាត់ ហើយក៏មិនសូវមានការប្រកួតវិញ្ញាសាប្រយុទ្ធនារីដែរ។ ប្រឡូកក្នុងវិស័យប្រដាល់ និងកីឡាប្រយុទ្ធជាច្រើនឆ្នាំ សំ ថារ័ត្ន បានឈប់ប្រកួតមួយរយៈ បន្ទាប់ពីឆ្នាំ២០១៩។ ដោយឡែកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលមានវិញ្ញាសាគុនល្បុក្កតោ និងព្រឹត្តិការណ៍អ្នកលេងគុន បានទាញឲ្យកីឡាការិនីរូបនេះ ចង់ប្រកួតលើសង្វៀនដែលប្រើក្បាច់គុនល្បុក្កតោ។
 
«ខ្ញុំធ្លាប់ប្រកួតចំបាប់ គុនខ្មែរ វ៉ូវីណាម និងគុនចម្រុះ ប៉ុន្ដែមិនដែលប្រកួតលើវិញ្ញាសាប្រយុទ្ធកីឡាគុនល្បុក្កតោ។ កម្មវិធីអ្នកលេងគុន គឺអស្ចារ្យខ្លាំង ព្រោះខ្ញុំទន្ទឹងរង់ចាំជាយូមកហើយ សូម្បីតែមានការប្រកួតគុនល្បុក្កតោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក៏ខ្ញុំរំភើប ព្រោះមិននឹកស្មានថាយើងឈានដល់ដំណាក់កាលមួយ ឈានមកដល់ឆាកអន្ដរជាតិ។ ម្យ៉ាងវិញទៀត កាលពីមុន កម្រមានមនុស្សហាត់ និងកម្រមានមនុស្សចូលរួមប្រកួត ហើយកាលជំនាន់ខ្ញុំហាត់នោះ មិនទាន់មានវិញ្ញាសាប្រយុទ្ធប្រភេទស្ដ្រីទេ មានតែខាងបុរស។»។ កញ្ញា សំ ថារ័ត្ន បាននិយាយដូច្នេះ។ 
 
កីឡាការិនីរូបនេះ ស្ទើរតែមិនជឿថាខ្លួន បានក្លាយជាកីឡាការិនីប្រកួតកីឡាប្រយុទ្ធអាជីព ព្រោះពីដំបូងឡើយ កញ្ញា ថារ័ត្ន គ្រាន់តែហាត់ក្បាច់គុនដើម្បីការពារខ្លួន និងធ្វើឲ្យមានសុខភាពល្អ ជាពិសេសចង់ចូលរួមផ្សព្វផ្សាយគុនបុរាណខ្មែរ មួយនេះទៅកាន់អ្នកជំនាន់ក្រោយ៕

Tag:
 អ្នកលេងគុន
  សំ ថារ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com