ជាតិ
សម្តេច ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចផ្លូវការ២ថ្ងៃនៅវៀតណាម
11, Dec 2023 , 8:30 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ នេះ បានចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម តាមការអញ្ជើញរបស់សមភាគីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh)។

 
ក្នុងទស្សនកិច្ចផ្លូវការ២ថ្ងៃនៅប្រទេសជិតខាងមួយនេះ ប្រតិភូដែលអមដំណើរប្រមុខរដ្ឋាភិបាល រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។
 
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស សម្ដេច ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី ផាម មិញជិញ នឹងជួបប្រជុំទ្វេភាគីលើការបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ចការព្រំដែន។
 
មេដឹកនាំទាំងពីរ ក៏នឹងពិភាក្សាគ្នាផងដែរអំពីបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ មុននឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងមួយចំនួន និងធ្វើជាសហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាម ស្ដីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគ។
 
ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត ដែលទើបទទួលបានការតែងតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នឹងចូលជួបសម្តែងការគួរសមជាមួយ លោក ង្វៀន ហ្វ៊ូចុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម និងលោក រឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភាវៀតណាម។
 
សម្ដេចក៏នឹងអនុញ្ញាតឱ្យលោកស្រី ង្វៀន ធីថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងថ្នាក់ដឹកនាំសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត នឹងថ្លែងសុន្ទរកថាគន្លឹះស្តីពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្ដរជាតិ នៅទីក្រុងហាណូយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com