កីឡាជាតិ
ជាតិ
កីឡារាំ៖ លោកស្រី ហ៊ុន ស៊ីណាត ផ្តាំគណៈកម្មការរៀបចំ ដាក់ពិន្ទុឱ្យត្រឹមត្រូវ គ្មានបក្ខពួក
11, Dec 2023 , 1:59 pm        
រូបភាព
ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ធ្វើឡើងនៅសាលដំបូលទូក នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១១ ខែធ្នូ។ លោកស្រី ហ៊ុន ស៊ីណាត ផ្តាំគណៈកម្មការ រៀបចំការប្រកួត គណៈកម្មការបច្ចេកទេស និងចៅក្រម ត្រូវឈរលើស្មារតីទទួលខុសត្រូវ ដាក់ពន្ទុដោយយុត្តិធ៌ម សុក្រិត្យ មិនលំអៀង និងមិនប្រកាន់បក្ខពួក។



បង្ហាញវត្តមានលើកដំបូងក្នុងនាមអ្នកបើកកម្មវិធីការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ លោកស្រី ហ៊ុន ស៊ីណាត បង្ហាញក្តីរីករាយ និងអរគុណក្រសួងអប់រំ យុវជន និង កីឡា ដែលផ្តល់ឱ្យសហព័ន្ធកីឡារាំកម្ពុជា រៀបចំព្រឹត្តិការណ៍នេះឡើង។ លោកស្រី ចាត់ទុកព្រឹត្តិការណ៍នេះ ជាការឆ្លុះបញ្ចាំងសមត្ថភាព បទពិសោធន៍ បច្ចេកទេសថ្មី និងទេពកោសល្យរបស់កីឡាករ-កីឡាការិនី ក្រោយទទួលការហ្វឹកហាត់ច្រើនឆ្នាំ មុនចូលរួមប្រកួតប្រជែងនៅពេលនេះ។
 
នៅចំពោះមុខអ្នកចូលរួម ដែលមានក្រុមគ្រូបង្វឹក អត្តពលិកកីឡារាំទាំងអស់ លោកស្រី ឧកញ៉ា បានផ្តែផ្តាំគណៈកម្មការរៀបចំការប្រកួត បច្ចេកទេស និងចៅក្រម ត្រូវផ្តល់ពិន្ទុដល់កីឡាករកីឡាការិនីដោយឈរលើភាពយុត្តិធ៌ម សុក្រិត្យ មិនលំអៀង និងមិនប្រកាន់បក្ខពួក ដើម្បីឱ្យវិស័យកីឡានេះកាន់តែមានការអភិវឌ្ឍន៍ប្រកបដោយសមត្ថភាព។
  

លើសពីនេះ លោកស្រី ហ៊ុន ស៊ីណាត ក៏បានណែនាំកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់គោរបទបញ្ជាការប្រកួតនានាដែលសហព័ន្ធកីឡារាំកម្ពុជា ក៏ដូចជាគណៈកម្មាធិការអូឡាំពិកបានកំណត់ ដើម្បីជាផ្លូវទៅចូលរួមប្រកួតកីឡារាំអន្តរជាតិនានានៅពេលខាងមុខ។
 
ដោយឡែកលោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានសូមណូមពរ មន្ត្រីថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិ គ្រូបង្វឹក និងកីឡាករ កីឡាការិនី រក្សាឱ្យបានសាមគ្គីភាពផ្ទៃក្នុង និងបង្កើនការសហការគ្នា ដើម្បីឱ្យវិស័យកីឡានេះឆ្ពោះទៅមុខ និងទទួលបានការគាំទ្រកាន់តែច្រើន។ 
  


ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ មានក្លិបចូលរួមចំនួន៥ ក្នុងនោះមានអត្តពលិកសរុប ៤៤រូប ដោយប្រកួតប្រជែងលើ ២០វិញ្ញាសា។ ទាំង៥ក្លិប រូមមាន ក្លិបសាលាវេស្ទឡាញន៍ ខេត្តកណ្តាល ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្លិបខេត្តកំពង់ចាម។ 
 

វិញ្ញាសាទាំង២០ ដោយចែកចេញជាពីរប្រភេទ (Latin Dance និង Standard Dance) ដែលសហព័ន្ធកីឡារាំកម្ពុជាដាក់ឱ្យប្រកួតប្រជែងមាន៖
 
Latin Dance (Ball room)
១. Latin-Single dance-Couple-1 Dances: Samba (Junior)
២. Latin-Single dance-Couple-1 Dances: Cha Cha Cha
៣.Latin-Single dance-Couple-1 Dances: Rumba
៤.Latin-Single dance-Couple-1 Dances: Paso Doble
៥.Latin-Single dance-Couple- 1 Dances: Jive
៦.Latin New Star Grade D: S.J
៧.Latin New Star Grade D: C.R
៨.Latin New Star Grade B-4 Dance
៩.Latin Rising Star Grade E: Cha Cha Cha
១០. Latin Grade A-Couple-5 Dance: S.C.R.P.J
១១. Latin Grade A 5 Dance: S.C.R.P.J
១២. Latin-Single dance 1 Dances: Samba
១៣.Latin-Single dance 1 Dances: Cha Cha
១៤.Latin-Single dance 1 Dances: Rumba
១៥.Latin-Single dance 1 Dances: Paso Double
១៦.Latin-Single dance 1 Dances: Jive
 
Standard Dance
១៧.Standard-Single dance-1 Dance: Waltz
១៨. Standard-Single dance-1 Dance: Tango
១៩. Standard-Single dance-1 Dance: Viennese Waltz
២០. Standard Garde A 3Dance: W.T.V៕


Tag:
 កីឡារាំ
  ហ៊ុន ស៊ីណាត
  ញ៉ែម មរកត
© រក្សាសិទ្ធិដោយ thmeythmey.com