កីឡាជាតិ
ជាតិ
«អ្នកលេងគុន» នឹងប្រមូលស្ដេចតោ និងខ្លា មកជួបគ្នា ហើយបង្ហាញឱ្យពិភពលោកស្គាល់វប្បធម៌កម្ពុជា
11, Dec 2023 , 2:59 pm        
រូបភាព
«អ្នកលេងគុន» ប្រៀបដូចជាកន្លែងប្រមូលស្ដេចតោ និងខ្លា មកជួបគ្នា ដើម្បីសាកកម្លាំង និងអំណាចគ្នា។ នេះជាការលើកឡើងរបស់លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា ដែលបានបន្ថែមថា កម្មវិធី«អ្នកលេងគុន» លើកទី២ នេះ មានលក្ខណៈអស្ចារ្យជាងលើកមុន។




លើសពីការប្រយុទ្ធគ្នា «អ្នកលេងគុន» នឹងបង្ហាញឱ្យពិភពលោកស្គាល់វប្បធម៌កម្ពុជាផងដែរ។ បើតាមលោក អ៊ួ តារា ក្នុងកម្មវិធី«អ្នកលេងគុន» ក៏មានការរំឮក និងថ្វាយបង្គំគុណគ្រូ ដែលជាសិល្បៈ ប្រពៃណីវប្បធម៌របស់អ្នកហាត់គុនកម្ពុជា។ លោក តារា បានសង្កត់ធ្ងន់ថា ការរម្លឹកថ្វាយបង្គំគុណគ្រូនេះ គឺអនុវត្តតាមក្បួនខ្នាតត្រឹមត្រូវ មិនថាកីឡាករខ្មែរ ឬបរទេសនោះទេ។
 
ត្រង់ចំណុចនេះ លោក តារា បានបន្ថែមថា កីឡាករបរទេស ដែលមកប្រកួតនេះ ក៏ចេះក្បួនខ្នាតរម្លឹកគុណគ្រូដែរ ដោយសារពួកគេបានសិក្សា និងស្វែងយល់ពីសិល្បៈ វប្បធម៌ក្បាច់គុនល្បុក្កតោកម្ពុជា។
 
សម្រាប់លក្ខខណ្ឌប្រកួតក្បាច់គុនល្បុក្កតោនេះ មានភាពស្រដៀងគ្នា និងការប្រកួតក្បាច់គុនចម្រុះ MMA ដែរ ដោយអនុញ្ញាតឱ្យមានការប្រយុទ្ធដោយសេរី ហើយអាចចាប់កៀប ក្រៀក និងឃ្លេរ គូប្រកួតឱ្យសុំចុះចាញ់។ ប៉ុន្តែមិនអនុញ្ញាតឱ្យវាយ ឬទាត់ទៅលើគូប្រកួត ដែលកំពុងដួលនៅលើសង្វៀនឡើយ ព្រោះវាបង្ហាញពីរូបភាពហិង្សាជ្រុល។
កីឡាករ៥ប្រទេស ក្នុងតំបន់អាស៊ាន នឹងត្រូវប្រកួតគ្នាក្នុងកម្មវិធី«អ្នកលេងគុន» រួមមាន កម្ពុជា ឡាវ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី នាម៉ោង៦៖៣០នាទី ថ្ងៃទី១៥ ធ្នូ ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
 
១ អ្នកលេងគុនល្បុក្កតោកម្ពុជារន្ទះជើងព្យុះសមុទ្រ ពេជ្រ ពន្លឺ ត្រូវប៉ះជាមួយ អ្នកលេងគុនល្បុក្កតោឡាវកំដាប់ដៃតាន់ Honggvixay sivilay លើប្រភេទទម្ងន់៥៤គីឡូក្រាម ។ 
 
២ អ្នកលេងគុនល្បុក្កតោកម្ពុជាកណ្ដាប់ដៃដែក ពេជ្រ ខាំតៃ ជួបសួរសុខទុក្ខអ្នកលេងគុនល្បុក្កតោវៀតណាម ជើងរន្ទះ ដៃឥតស្រមោល Hoang Phuc Thuan ។ កីឡាករទាំងពីរប្រកួតលើប្រភេទទម្ងន់ ៥៣គីឡូក្រាម។
 
៣ ងាកមកទម្ងន់៦៣គីឡូក្រាមវិញ អ្នកលេងគុនល្បុក្កតោកម្ពុជាជង្គង់ទិព្វ ស៊ូ កក្កដា តតាំងជាមួយអ្នកលេងគុនល្បុក្កតោ ឥណ្ឌូណេស៊ី ខ្លាស្ទាវឃ្លានចំណី Muhammad yunus dhae atu ។ 
 
៤ អ្នកលេងគុនល្បុក្កតោកម្ពុជាដៃរន្ទះ កែងទារលោហិត ណាង សុវណ្ណ តទល់ជាមួយអ្នកលេងគុនល្បុក្កតោវៀតណាម កណ្ដុរស មានពិស Pham Van Giang លើទម្ងន់៥១គីឡូក្រាម។ 
 
៥ ដោយឡែកទម្ងន់៦០គីឡូក្រាមឯណោះវិញ អ្នកលេងគុនល្បុក្កតោកម្ពុជា ខ្លាខ្មៅកំណាចមុខតាន់ មាស រាជៈ ត្រូវប្រយុទ្ធជាមួយអ្នកលេងគុនឥណ្ឌូណេស៊ីនាគកំណាច SanJaya Hutagaol ។
 
៦ អ្នកលេងគុនល្បុក្កតោកម្ពុជាឥន្រ្ទីពិឃាតក្រញាំភ្លើង រិន សារ័ត្ន នឹងសាកក្បាច់គុនជាមួយអ្នកលេងគុនល្បុក្កតោហ្វីលីពីនស្ដេចពស់វែក Jiar Orlando Castillo លើប្រភេទទម្ងន់៦៥គីឡូក្រាម។ 
 
សម្រាប់គូចុងក្រោយ អ្នកលេងគុនល្បុក្កតោកម្ពុជា ស្ដេចតោ ចង្គោមពិឃាត ចាន់ រតនា ត្រូវបញ្ចេញស្នៀតជាមួយអ្នកលេងគុនល្បុក្កតោហ្វីលីពីន ក្របីឡើងករ ស្រេកឃ្លានជ័យជំនះ John Mc Leary Ornido។កីឡាករទាំងពីរប្រកួតប្រភេទទម្ងន់៦២គីឡូក្រាម។

© រក្សាសិទ្ធិដោយ thmeythmey.com