កីឡាជាតិ
ជាតិ
មាស ម៉ើ ចង់ជួប ធឿន ធារ៉ា ឬ ព្រំ សំណាង ក្នុងសង្វៀន«អ្នកលេងគុន» នាឱកាសក្រោយ
12, Dec 2023 , 10:11 am        
រូបភាព
កីឡាករ មាស ម៉ើ ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
កីឡាករ មាស ម៉ើ ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
លោក មាស ម៉ើ កីឡាករយុទ្ធគុនចម្រុះ (MMA) និងជាប្រធានក្លិបមហិទ្ធិរិទ្ធគុនខ្មែរ សោកស្ដាយចំពោះការខកខានប្រកួតព្រឹត្តិការណ៍«អ្នកលេងគុន» លើកទី២ ព្រោះទើបតែវះកាត់ក្រួសតម្រងនោម និងយកខ្លាញ់ចេញពីខ្លួន។ ប្រធានក្លិបរូបនេះ សង្ឃឹមថា ខ្លួន នឹងមានឱកាសប្រកួតលើកក្រោយ នៃកម្មវិធី«អ្នកលេងគុន» ។ ប្រសិនជាមានឱកាស លោក មាស ម៉ើ ចង់ប្រកួតជាមួយ ធឿន ធារ៉ា ឬ ព្រំ សំណាង នៅលើសង្វៀន«អ្នកលេងគុន» ដែលប្រើប្រាស់ក្បាច់គុនល្បុក្កតោ ប្រកួតបែបអាជីព។




ព្រឹត្តិការណ៍«អ្នកលេងគុន» នឹងត្រូវធ្វើនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ អ្នករៀបចំកម្មវិធី«អ្នកលេងគុន» ក៏បានអញ្ជើញឱ្យលោក មាស ម៉ើ ចូលរួមក្នុងការប្រកួតនេះដែរ។ ប៉ុន្តែលោក មាស ម៉ើ មិនអាចចូលរួមប្រកួតបាន ដោយសារតែបញ្ហាសុខភាព។ លោក ក៏សោកស្ដាយយ៉ាងខ្លាំងចំពោះអវត្តមានក្នុងការប្រកួតនេះ។ 
 
«កម្មវិធីអ្នកលេងគុនរៀបនេះ គឺល្អ ហើយខ្ញុំ ស្ដាយមែនទែន ដោយសារខ្ញុំ ចង់ចូលរួមប្រកួត នៅថ្ងៃទី១៥ ខែធ្នូនេះ ប៉ុន្ដែ ខ្ញុំ មានបញ្ហាសុខភាព ហើយមានបញ្ហាវះកាត់ក្រួសក្នុងតម្រងនោម និងយកជាតិខ្លាញ់ចេញពីក្នុងខ្លួនផង និងបញ្ហារវល់និងការងារ ក្នុងការរៀបចំក្លិបមហិទ្ធិរិទ្ធគុនខ្មែរ។ ដូច្នេះ មានតែរងចាំការប្រកួតលើកក្រោយទៀត។ កម្មវិធីអ្នកលេងគុន ដូចជារំលឹកក្បាច់គុនបុព្វបុរសរបស់យើង ពីដើមមក។ សូមកុំបែងចែកថាគុនចម្រុះរបស់គេ (MMA) ឬថាយើងយករបស់គេមកប្រើ។ យើង ត្រូវដឹងថាក្បាច់ឃ្លេរ បោក ខ្មែរយើង មានតាំងពីយូលុងណាស់មកហើយ។ យើង កុំលុបបំបាត់របស់ខ្លួនឯងមាន។ »។ លោក មាស ម៉ើ បាននិយាយដូច្នេះ។
 
កីឡាករយុទ្ធគុនចម្រុះរូបនេះ ចាប់អារម្មណ៍យ៉ាងខ្លាំងលើការប្រកួតនេះ ដែលអាចឱ្យកីឡាករប្រើប្រាស់គុនបុរាណខ្មែរ ទាំងស្នៀតល្បុក្កតោ ឃ្លេរ និងចំបាប់ ដើម្បីយកឈ្នះគូប្រកួត។
 
លោក មាស ម៉ើ ជឿថា ព្រឹត្តិការណ៍«អ្នកលេងគុន» លើកក្រោយៗទៀត នឹងមានប្រជាប្រិយភាព ព្រោះជាការបង្ហាញក្បាច់ល្បុក្កតោ ដែលជាក្បាច់ប្រយុទ្ធបែបបុរាណខ្មែរ។ ប្រធានក្លិបមហិទ្ធិរិទ្ធគុនខ្មែរ រូបនេះ បានព្រលយសម្តីថា ប្រសិនជាមានឱកាសប្រកួតនាព្រឹត្តិការណ៍ក្រោយនោះ លោកចង់ជួប ធឿន ធារ៉ា ឬ ព្រំ សំណាង ក្នុងសង្វៀនគុនល្បុក្កតោអាជីព។ 
 
«ប្រសិនជាកម្មវិធីអ្នកលេងគុន ផ្ដល់ឱកាសឲ្យខ្ញុំ ប៉ះ ធឿន ធារ៉ា ឬ ព្រំ សំណាង មិនថាក្នុងគីឡូប្រភេទណាក៏ដោយ វៃបែបលក្ខណៈគុនបុរាណខ្មែរ ព្រោះកម្មវិធីអ្នកលេងគុននេះ បង្កើតឡើង ដើម្បីក្រើនរំលឹកក្បាច់គុនបុព្វបុរសខ្មែរពីមុនមកចឹង។ អត់មាននរណាខ្លាំងគុនខ្មែរ ឬក៏ខ្លាំងឃ្លេរអីចូលមកប្រកួតកម្មវិធីនេះ ត្រូវតែអស្ចារ្យនោះទេ។ អ្នកលេងគុននេះ គឺជាកន្លែង ដែលបញ្ចេញក្បាច់បុរាណ ដែលបងប្អូន ត្រូវស្គាល់ និងត្រូវដឹង។»។
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍«អ្នកលេងគុន» នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៦:៣០យប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតនេះ មាន ៧គូ៖ ពេជ្រ ពន្លឺ ប្រកួតជាមួយ Honggvixay sivilay កីឡាករមកពីឡាវ លើទម្ងន់ ៥៤គីឡូក្រាម, ពេជ្រ ខាំតៃ ប៉ះជាមួយ Hoang Phuc Thuan កីឡាករវៀតណាម លើទម្ងន់ ៥៣គីឡូក្រាម, ស៊ូ កក្កដា ត្រូវតតាំងជាមួយ Muhammad yunus dhae atu កីឡាករឥណ្ឌូណេស៊ី លើទម្ងន់ ៦៣គីឡូក្រាម។ ចំណែក ណាង សុវណ្ណ ប្រកួតជាមួយ Pham Van Giang លើទម្ងន់ ៥១គីឡូក្រាម, កីឡាករ មាស រាជៈ ជួបជាមួយ SanJaya Hutagaol កីឡាករឥណ្ឌូណេស៊ី លើទម្ងន់ ៦០គីឡូក្រាម។ រីឯ រិន សារ័ត្ន ត្រូវស្វាគមន៍ Jiar Orlando Castillo លើទម្ងន់ ៦៥គីឡូក្រាម។ គូចុងក្រោយ កីឡាករ ចាន់ រតនា ត្រូវប្រកួតជាមួយ John Mc Leary Ornido កីឡាករហ្វីលីពីន លើទម្ងន់ ៦២គីឡូក្រាម៕

Tag:
 មាស ម៉ើ
  អ្នកលេងគុន
  ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com