កីឡាអន្តរជាតិ
អន្តរជាតិ
លីគបាល់ទាត់តួកគីផ្អាកដោយគ្មានកំណត់ ក្រោយប្រធានក្លិប ចូលដាល់អាជ្ញាកណ្តាលដល់ក្នុងទីលាន
12, Dec 2023 , 10:59 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់តួកគី (TFF) សម្រចផ្អាកការប្រកួតលីគទាំងអស់ក្នុងប្រទេស ដោយគ្មានកំណត់ បន្ទាប់ពីប្រធានក្លិប Ankaragucu លោក Faruk Koca ចូលទៅដាល់អាជ្ញាកណ្តាលចំមុខក្នុងទីលាន ក្រោយបញ្ចប់ការប្រកួតក្របខណ្ឌ Super Lig ទល់នឹងក្រុម Rizespor។ ប្រធានាធិបតីតួកគី Recep Tayyip Erdogan សរសេរលើបណ្តាញសង្គម X ដោយមិនអនុញ្ញាតឱ្យមានអំពើហិង្សាកើតឡើងនៅក្នុងកីឡាក្នុងប្រទេសបែបនេះឡើយ។



លោក Koca បានចូលទៅក្នុងទីលាន ហើយវាយអាជ្ញាកណ្តាល Halil Umut Meler នៅពេលដែលសំឡេងផ្លុំកញ្ចែចុងក្រោយបញ្ចប់ការប្រកួតរវាងក្រុមភ្ញៀវ Rizespor ដែលរកបានគ្រាប់បាល់តាមស្មើ Ankaragucu នៅនាទី ៩៧ ក្នុងលទ្ធផលស្មើ ១-១ នៅកីឡដ្ឋាន Eryama ថ្ងៃទី១១ ខែធ្នូ។
 
ក្រោយផ្លុំកញ្ចែបញ្ចប់ភ្លាម អ្នកគាំទ្រ Ankaragucu ក៏បានចូលអុកលុកពេញទីលាន ហើយលោកអាជ្ញាកណ្តាល Meler ក៏រងការទាត់បន្ថែមទៀត បន្ទាប់ពីដួលលើស្មៅ ក្រោយត្រូវកណ្តាប់ដៃប្រធានក្លិបលោក Koca។ អាជ្ញាកណ្តាលតួកគីវ័យ៣៧ឆ្នាំ ត្រូវបានសង្គ្រោះ ដោយបញ្ជូនទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ពីសំណាក់មន្ត្រីប៉ូលីស។
 
បើទោះមិនទាន់ដឹងច្បាស់មូលហេតុហិង្សានេះ ប៉ុន្តែហេតុការនេះកើតឡើង ទំនងដោយសារលោក Koca និងអ្នកគាំទ្រក្រុម​ Ankaragucu មិនពេញចិត្តនឹងការកាត់ក្តីរបស់លោក Meler។ 
 
ក្រោយហេតុការណេ៍នេះ TFF ​បាន​បង្ហោះ​លើ​បណ្តាញសង្គម X ដូច្នេះថា​៖ «​សហព័ន្ធ​បាល់ទាត់​ទួកគី​បាន​សម្រេច​ផ្អាក​រាល់​ការ​ប្រកួត​ក្នុង​លីគ​ទាំង​អស់​ដោយ​គ្មាន​កំណត់»។ ដោយឡែកក្លិបដែលពាក់ព័ន្ធ ប្រធានក្លិប មន្ត្រី និងអ្នកដែលមានកំហុសលើអាជ្ញាកណ្តាល Umut Meler នឹងត្រូវទទួលរងការដាក់ពិន័យធ្ងន់ធ្ងរបំផុត ស្របពេលមនុស្សពីរនាក់ត្រូវបានឃុំខ្លួនរួចហើយ ក្រោយមានការស៊ើបអង្កេតរបស់តុលាការលើឧប្បត្តិហេតុនេះ។
 
ប្រធានាធិបតីតួកគី Recep Tayyip Erdogan ក៏បានប្រត្តិកម្មនឹងហេតុការណ៍ដ៏អាម៉ាសក្នុងវិស័យកីឡាក្នុងប្រទេសរបស់ខ្លួនដែរ។ លោក បានសរសេរលើបណ្តាញសង្គម X ថា៖«កីឡាមានន័យថាសន្តិភាព។ កីឡា មិនត្រូវការអំពើហិង្សាឡើយ។ យើងនឹងមិនអនុញ្ញាតឱ្យមានអំពើហិង្សាកើតឡើងនៅក្នុងកីឡាក្នុងប្រទេសតួកគីឡើយ»។
 
Ankaragucu ស្ថិតនៅចំណាត់ថ្នាក់ទី១១ ក្នុងតារាងលីគកំពូលតួកគី ដោយរកបាន១៨ពិន្ទុ ស្របពេល Rizespor ស្ថិតនៅលេខរៀងទី៨ មាន២២ពិន្ទុ ពីការប្រកួត១៥លើកដូចគ្នានៅរដូវកាល ២០២៣-២៤នេះ៕

Tag:
 TFF
  Ankaragucu
  Faruk Koca
  Halil Umut Meler
© រក្សាសិទ្ធិដោយ thmeythmey.com