កីឡាជាតិ
ជាតិ
CPL៖ ស្វាយរៀង រក្សាកំពូលតារាង តាមពីក្រោយប្រកៀកដោយម្ចាស់ការពារជើងឯកភ្នំពេញក្រោន
12, Dec 2023 , 7:39 pm        
រូបភាព
ការប្រកួតរវាងភ្នំពេញក្រោន និងណាហ្គាវើលដ៍ ក្នុងសប្ដាហ៍ទី១៣ រូបពី Cambodian Premier League
ការប្រកួតរវាងភ្នំពេញក្រោន និងណាហ្គាវើលដ៍ ក្នុងសប្ដាហ៍ទី១៣ រូបពី Cambodian Premier League
ព្រះខ័នរាជស្វាយរៀង ដែលឈរចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្ន ចាញ់ពីសប្ដាហ៍ជាប់គ្នា មាន៣១ពិន្ទុ ជាហេតុធ្វើឲ្យភ្នំពេញក្រោនដែលជាក្រុមការពារតំណែងជើងេកលីគកំពូលកម្ពុជាខេមបូឌាព្រីមៀរលីគ តាមពីក្រោយប្រកៀកប្រកិត ជាមួយ២៧ពិន្ទុ និងលេខ៣ វិសាខា មាន ២៦ពិន្ទុ។ នេះ ជាលទ្ធផល ដែលគិតត្រឹមសប្ដាហ៍ទី១៣។



គិតត្រឹមសប្ដាហ៍ទី១៣ គម្លាត់ពិន្ទុ ព្រះខ័នរាជស្វាយរៀង លេខ១, ភ្នំពេញក្រោន លេខ២ និងវិសាខា លេខ៣ កាន់តែប្រកៀកប្រកិតគ្នា។ ព្រះខ័នរាជស្វាយរៀង ចាញ់ពីសប្ដាហ៍ជាប់គ្នា ដោយចាញ់ ណាហ្គាវើលដ៍ ១-០ ក្នុងសប្ដាហ៍ទី១២ និងចាញ់ អាយ អេស អាយ ដង្កោសែនជ័យ លទ្ធផល ២-១ នៅសប្ដាហ៍ទី១៣។ ទន្ទឹមនិងការបរាជ័យរបស់ព្រះខ័នរាជស្វាយរៀង ២ប្រកួតនេះ ភ្នំពេញក្រោន បានឈ្នះ កងយោធពលខេមរភូមិន្ទ សប្ដាហ៍ទី១២ លទ្ធផល ៣-០ និងស្មើជាមួយ ណាហ្គាវើលដ៍ ១-១ ក្នុងសប្ដាហ៍ទី១៣ ដែលជាហេតុមានពិន្ទុ ប្រដេញគ្នាជាមួយ ព្រះខ័នរាជស្វាយរៀង។ ដោយឡែក វិសាខា ក្រុមចំណាត់ថ្នាក់លេខ៣ មាន ២៦ពិន្ទុប្រដេញគ្នា ជាមួយក្លិបទាំង២ ខាងលើដែរ។
 
ក្នុងសប្ដាហ៍ទី១៣ ដដែរនោះ នាថ្ងៃទី៨ ខែធ្នូ ណាហ្គាវើលដ៍ ស្មើជាមួយ ភ្នំពេញក្រោន លទ្ធផល ១-១ នៅកីឡដ្ឋាន Smart RSN។ ចំណែក ព្រះខ័នរាជស្វាយរៀង ចាញ់ អាយ អេស អាយ ដង្កោសែនជ័យ ២-១ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ចូលមកដល់ថ្ងៃទី១០ ខែធ្នូ  ព្រៃវែង ប្រកួតស្មើជាមួយ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តព្រៃវែង។ រីឯ វិសាខា ឈ្នះ បឹងកេត ២-០ នៅកីឡដ្ឋានព្រីនស៍ ស្របពេល កងយោធពលខេមរភូមិន្ទ យកជ័យជម្នះលើ អង្គរថាយហ្គឺរ ៣-១ នៅកីឡដ្ឋានស្តាតចាស់។
 
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី១៣ ព្រះខ័នរាជស្វាយរៀង ឈរចំណាត់ថ្នាក់លេខ១ (បណ្ដោះអាសន្ន) មាន៣១ពិន្ទុ តាមពីក្រោយដោយ ភ្នំពេញក្រោន លេខ២ មាន ២៧ពិន្ទុ។ ចំណាត់ថ្នាក់លេខ៣ ក្រុមវិសាខា មាន ២៦ ពិន្ទុ និងលេខ៤ អាយ អេស អាយ ដង្កោសែនជ័យ មាន ២០ពិន្ទុ។ រីឯ បឹងកេត លេខ៥ និង កងយោធពលខេមរភូមិន្ទ លេខ៦ មាន ១៦ ពិន្ទុ តាមពីក្រោយដោយ ព្រៃវែង លេខ៧ មាន ១៥ពិន្ទុ។ ណាហ្គាវើលដ៍ លេខ៨ មាន ១៤ពិន្ទុ។ ចំណែក អង្គរថាយហ្គឺរ លេខ៩ មាន១១ ពិន្ទុ និងគិរីវង់សុខសែនជ័យ មាន ៦ពិន្ទុ រក្សាចំណាត់ថ្នាក់លេខ១០៕

Tag:
 Cambodian Premier League
  លីគ
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com