កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន ទៅពិនិត្យអត្តពលិកកម្ពុជានៅចិន និងបន្តចុះ MOU ជាមួយចិន ក្នុងគម្រោងជួយវិស័យកីឡាខ្មែរ
12, Dec 2023 , 5:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី១១ ខែធ្នូ ទៅកាន់ប្រទេសចិន ដើម្បីពិនិត្យការហ្វឹកហាត់របស់ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា។

 
តបតាមការអញ្ជើញរបស់គណៈកម្មការកីឡាអូឡាំពិកចិន (COS Industry Co..,Ltd) នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញចុះពិនិត្យការហ្វឹកហាត់របស់ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន។ 
 
តាមរយៈការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការ អគ្គនាយកដ្ឋានកីឡា នៅថ្ងៃទី១២ ខែធ្នូ លោក ប៉ុន សុខ បានបញ្ជាក់ថា ការទៅកាន់ប្រទេសចិននេះផ្តោតសំខាន់លើការតាមដានការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីកម្ពុជា និងបន្តអនុស្សរណៈយោគយល់គ្នា MOU រវាងកម្ពុជា និងចិន បន្ថែមទៀតក្នុងការគាំទ្ររបស់ចិន ក្នុងវិស័យកីឡាកម្ពុជា។
 


ប្រតិភូ ដែលដឹកនាំដោយលោក វ៉ាត់​ ចំរើន រួមជាមួយលោក ប៉ុន សុខ និងលោក អៀង អូនទូច អនុប្រធាននាយកដ្ឋានហិរញ្ញកិច្ច នៃក្រសួងហិរញ្ញវត្ថុ នឹងត្រូវចុះពិនិត្យតាមទីលានកីឡាករ-កីឡាការិនីកម្ពុជា ដែលបានបញ្ជូនទៅហាត់ហ្វឹកហ្វឺននៅចិន ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១១ ដល់ទី១៨ ខែធ្នូ។
 
ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាល និងប្រជាជនចិន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជូនកីឡាករ-កីឡាការិនីកម្ពុជា ១៦១រូប ទៅហ្វឹកហាត់នៅចិនក្នុងរយៈពេលវែង។ ក្រោយបញ្ចប់ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ីលើកទី១៩ នៅចិន អត្តពលិកកម្ពុជា នៅតែបន្តការហ្វឹកហាត់ និងបញ្ជូនទៅហ្វឹកហាត់បន្ថែមទៀតនៅប្រទេសចិន៕



Tag:
 លោក វ៉ាត់ ចំរើន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com