ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
បោះឆ្នោត
គ.ជ.ប. អាណត្តិថ្មី៖ លោក ប្រាជ្ញ ចន្ទ បន្តធ្វើប្រធាន លោក ជឺ ចំណាន ជាអនុប្រធាន និងសមាជិក៧រូបទៀត
13, Dec 2023 , 9:51 am        
រូបភាព
រូបថតពីរដ្ឋសភា
រូបថតពីរដ្ឋសភា
ដោយ: រួបរួម
រដ្ឋសភា នាព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ នេះ បានបោះឆ្នោតទុកចិត្តលើសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិថ្មី នៃនីតិកាលទី៧ រដ្ឋសភា ចំនួន៩រូប។ សមាសភាពទាំង៩រូប មាន៤រូបពីគណបក្សប្រជាជនកម្ពុជា ៤រូបពីគណបក្សហ៊្វុនស៊ិនប៉ិច និង១រូប ទទួលបាននូវការយល់ព្រមពីគណបក្សជាប់ឆ្នោតទាំងពីរ។

 
ក្នុងសម័យប្រជុំដែលដឹកនាំដោយសម្តេច ឃួន សុដារី សមាជិកសភា បានបោះឆ្នោតជូនលោក ប្រាជ្ញ ចន្ទ បន្តតំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) អាណត្តិថ្មី។ លោក ជឺ ចំណាន ជាអនុប្រធាន ជំនួស លោក នុត សុខុម។
 
សមាសភាព៣រូបទៀត ដែលផ្លាស់ប្តូរ រួមមាន លោកឌុច សុន, លោក ហ៊ីង ធីឫទ្ធិ និងលោក ឯម សូផាត ត្រូវជំនួសដោយលោក សោម សូរីដា, លោក ហេង ស៊ីឡេង និងលោក យិច សមិទ្ធិ ខណៈ លោក មាន សទិ, លោក ឌឹម សុវណ្ណារុំ, លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធ ស្ថិតនៅជាបេក្ខភាពសមាជិក គ.ជ.ប. ដដែល។
 
សូមបញ្ជាក់ថា សមាជិក គ.ជ.ប. ទាំង៩រូប មាន៤រូបពីគណបក្សប្រជាជនកម្ពុជា ៤រូបពីគណបក្សហ៊្វុនស៊ិនប៉ិច និង១រូប ជាបេក្ខជនដែលមានការយល់ស្របគ្នារវាងគណបក្សទាំងពីរ។ សមាសភាពពីគណបក្សប្រជាជនកម្ពុជា មានលោក ប្រាជ្ញ ចន្ទ, លោក មាន សទិ, លោក ឌឹម សុវណ្ណារុំ និងលោក សោម សូរីដា (អតីតអគ្គលេខាធិការរង)។
 
សមាសភាព៤រូបពីគណបក្សហ៊្វុនស៊ិនប៉ិច មានលោក ជឺ ចំណាន, លោក ហេង ស៊ីឡេង, លោក យិច សមិទ្ធិ និងលោក ហ៊ែល សារ៉ាត (អតីតពីគណបក្សសញ្ជាតិកម្ពុជា) ខណៈលោក ហង្ស ពុទ្ធា ជាសមាសភាពដែលមានការយល់ព្រមពីគណបក្សទាំងពីរក្នុងសភា។
 
 
សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនៃនីតិកាលទី៧រដ្ឋសភានេះ ត្រូវធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវំាងនារសៀលថ្ងៃដដែលនេះ មុននឹងចូលកាន់តំណែងផ្លូវការ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com