ជាតិ
សុខភាព
កម្ពុជារកឃើញករណីជំងឺអុតស្វាលើបុរសអាយុ២៨ឆ្នាំម្នាក់នៅភ្នំពេញ
13, Dec 2023 , 11:30 am        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ: រួបរួម
ក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែធ្នូ នេះ បានប្រកាសពីការរកឃើញករណីជំងឺអុតស្វាលើបុរសអាយុ២៨ឆ្នាំម្នាក់ ដែលរស់នៅភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



បើតាមក្រសួង បុរសនេះ ចាប់ផ្តើមមានរោគសញ្ញានៅប្រដាប់ភេទ បន្ទាប់មករាលដាលដល់កខាងស្តាំ ថ្ពាល់ កំភួនដៃ និងជើង ហើយត្រូវបញ្ជូនទៅធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ នាថ្ងៃទី១១ ខែធ្នូ។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានវីរុសអុតស្វា អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលដាច់ដោយឡែក។

បច្ចុប្បន្ន ក្រុម​ឆ្លើយ​តបបន្ទាន់​របស់​ក្រសួងសុខាភិបាល កំពុង​អង្កេត​ស្រាវជ្រាវ​រក​ប្រភព​ចម្លង និង​ស្វែង​រក​ករណី​សង្ស័យ និងអ្នក​ប៉ះពាល់ដើម្បីទប់ស្កាត់​ការចម្លងនៅ​ក្នុង​សហគមន៍។

វីរុស​អុត​ស្វា ឆ្លងពីមនុស្សម្នាក់ទៅ​មនុស្សម្នាក់ តាមរយៈការរួមភេទ​គ្រប់ទម្រង់​ជាមួយអ្នក​ជំងឺអុតស្វា និង​ការប៉ះពាល់​ដោយផ្ទាល់​នឹងកន្លែងមាន​ដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ ដំណក់​តូចៗ តាមផ្លូវ​ដង្ហើម និង​សម្ភារ​ប្រើ​ប្រាស់​ដែល​ប្រឡាក់ជាមួយនឹងវីរុស រួមមាន​សម្លៀក​បំពាក់​ ពូក កន្សែង ស្លាបព្រា ចាន កែវទឹក ជាដើម។

ជាមួយគ្នានេះ វីរុស​អុត​ស្វា ក៏អាចឆ្លងពីម្តាយ​ទៅកូន​តាមរយៈទង​សុក ក្នុងអំឡុង ឬក្រោយពេល​សម្រាល​តាម​រយៈការប៉ះផ្ទាល់ ក្នុងករណីស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា៕





© រក្សាសិទ្ធិដោយ thmeythmey.com