កីឡាអន្តរជាតិ
អន្តរជាតិ
Newcastle ក្រុមអង់គ្លេសទី២ ធ្លាក់វគ្គចែកពូល UCL ឯអេស្ប៉ាញឡើងទាំង៤ក្រុម
14, Dec 2023 , 10:00 am        
រូបភាព
រកឃើញ១៦ក្រុមឡើងទៅវគ្គខ្វែង UEFA Champions League ក្រោយប្រកួត៦លើករៀងខ្លួនក្នុងវគ្គចែកពូល។ Newcastle United ដែលទើបបង្ហាញខ្លួនដំបូងក្នុងក្របខណ្ឌអឺរ៉ុប ខកឱកាសឡើងទៅវគ្គបន្ត ក្រោយចាញ់ AC Milan ២-១ នៅជំនួបចុងក្រោយ។ មានតែក្រុមអង់គ្លេសពីរប៉ុណ្ណោះឈានទៅវគ្គ១៦ក្រុម ឯអេស្ប៉ាញមានដល់ទៅ៤ក្រុម។


Newcastle ជាក្រុមទី២បន្ទាប់ពី Manchester United ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាងក្នុងពូល ដោយសូម្បីកៅអី Europa League ក៏គ្មាន។ សារិកាព្រៃ ដែលដឹកនាំដោយលោក Eddie Howe បង្ហាញទម្រង់លេងល្អហើយនៅជំនួបចុងក្រោយទល់ AC Milan ប៉ុន្តែពួកគេគ្មានសំណាងក្នុងការសម្រេចទីបន្តបន្ទាប់។ ១គ្រាប់របស់ Newcastle ធ្វើបានដោយ Joelinton មុនពេល Christian Pulisic និង Samuel Chukwueze រកបានម្នាក់១គ្រាប់តាមពីក្រោយ ដើម្បីជួយ AC Milan ឈ្នះ ២-១ វិញ។
 
តាមរយៈជ័យជម្នះនេះ បានជួយក្រុមអ៊ីតាលី AC Milan បញ្ចប់ចំណាត់ថ្នាក់ទី៣ពូល F សល់កៅអី Europa League ស្របពេល Borussia Dortmund និង Paris Saint-Germain ចាប់ដដៃគ្នាឡើងទៅវគ្គបន្ត បន្ទាប់ពីក្រុមទាំងពីរស្មើគ្នា ១-១ នៅជំនួបចុងក្រោយ ។ Dortmund បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាង ឯនៅលេខ២ PSG។

ក្នុងចំណោមក្រុមទាំង១៦ ដែលបន្តទៅវគ្គខ្វែង មានតែក្រុមមកពីលីគ La Liga របស់អេស្ប៉ាញប៉ុណ្ណោះដែលមាន៤ក្រុមឆ្លងផុតវគ្គចែកពូល ហើយបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងថែមទៀត។ អ៊ីតាលី Serie A មាន៣ក្រុម អង់គ្លេស Premier League មាន២ក្រុម និងអាល្លឺម៉ង់ Bundesliga មាន២ក្រុម។
 
ខាងក្រោមនេះជាក្រុមទាំង១៦ ដែលឆ្លងផុតវគ្គចែកពូល UCL រដូវកាល២០២៣-២៤៖
 
ក្រុមម្ចាស់ការពារជើងឯក Man City, Arsenal, Barcelona, Real Madrid, AT-Madrid, Real Sociedad, Bayern Munich និង Dortmund ឈរកំពូលតារាងតាមពូល និង Inter Milan, Napoli, Lazio, FC Copenhagen, PSV Eindhoven, PSG, RB Leipzig និង FC Porto បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២តាមពូលរៀងខ្លួន។
 
៨ក្រុមទទួលបានចំណាត់ថ្នាក់ទី៣ ដែលសល់កៅអី Europa League មាន Shakhtar Donetsk, Young Boys, AC Milan, Feyenoord, Benfica, Sporting Braga, Lens និង Galatasaray៕





Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com