កីឡាជាតិ
ជាតិ
គ្រូភ្នំពេញក្រោន ត្រៀមខ្លួនរួចស្រេច ឡើងទៅជុំបន្ទាប់ AFC Cup
14, Dec 2023 , 2:49 pm        
រូបភាព
ភ្នំពេញក្រោន ត្រូវតទល់នឹង Shan United FC របស់មីយ៉ាន់ម៉ា ក្នុងការប្រកួត AFC Cup វគ្គសន្សំពិន្ទុចុងក្រោយពូល F នៅថ្ងៃទី១៤ ខែធ្នូ វេលាម៉ោង៧យប់ [ម៉ោងនៅកម្ពុជា] ក្នុងកីឡដ្ឋាន Thuwunna។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន មិនបារម្ភចំពោះជំនួបនេះឡើយ ស្របពេលលោកបានត្រៀមខ្លួនរួចស្រេចដើម្បីឆ្លងទៅវគ្គបន្ត (Zonal semi-finals)។


«នេះជាការប្រកួតចុងក្រោយ វាពិតជាសំខាន់ ហើយក៏ជារឿងរំភើបផងដែរសម្រាប់យើងក្នុងការត្រៀមខ្លួនទៅជុំបន្ទាប់»។ នេះជាការអះអាងរបស់លោក Oleg ក្នុងសន្និសីទមុនការប្រកួត ខណៈគ្រូសញ្ចាតិអ៊ុយក្រែនរូបនេះ គ្មានសម្ពាធអ្វីសោះឡើយ ដែលថា Shan United នឹងអាចរារាំងភ្នំពេញក្រោនឆ្លងផុតវគ្គចែកពូល AFC Cup នេះ។
 
លោក Oleg មើលឃើញថាបើទោះ Shan United ទើបក្លាយជាម្ចាស់ជើងឯកលីគកំពូលមីយ៉ាន់ម៉ា ប៉ុន្តែក្រុមដែលមានលោក Han Win Aung ជាគ្រូបង្វឹកមិនផ្តល់ក្តីបារម្ភដល់ខ្លួនឡើយ ស្របពួកគេក៏អស់ឱកាសឡើងទៅវគ្គបន្តដូចគ្នា។
  


បើទោះ ភ្នំពេញក្រោនមានភាគរយខ្ពស់ក្នុងការក្លាយជាក្រុមលេខ២ល្អបំផុតក៏ដោយ ប៉ុនុ្តគោលដៅរបស់ក្រុមម្ចាស់ការពារតំណែងជើងឯកលីគកំពូលកម្ពុជា មិនត្រឹមតែឈានទៅវគ្គបន្តនោះទេ ពោលគឺប្រជែងយកពិន្ទុបន្ថែម ដើម្បីប្រជែងពានរង្វាន់ AFC CUP នៅឆ្នាំនេះ និងនៅឆ្នាំក្រោយៗទៀត។
 
កាលពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះ Shan United ៤-០ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋានជាតិអូឡាំពិក។ សម្រាប់ជំនួបជើងទី២នេះ ភ្នំពេញក្រោន ត្រូវការត្រឹមស្មើប៉ុណ្ណោះនឹងបានកៅអីវគ្គបន្ត។
 
ដោយឡែកមួយគូទៀតក្នុងពូល F នេះ ក្រុម Macarthur FC ត្រូវជួប DH Cebu នៅម៉ោងដំណាលគ្នានេះដែរ។ ឆ្លងកាត់ការប្រកួត៥លើក Macarthur FC ឈរលេខ១ពូល F មាន១២ពិន្ទុ ស្មើភ្នំពេញក្រោនដែលនៅលេខ២។​ DH Cebu និង Shan United ដែលនៅលេខ៣ និងលេខ៤​ អស់ឱកាសទៅវគ្គបន្តរៀងខ្លួន៕

Tag:
 AFC Cup
  ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com