ជាតិ
សម្តេច ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុននៅតូក្យូ
15, Dec 2023 , 8:39 am        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត និង​ភរិយា ទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ានជប៉ុន នៅទីក្រុងតូក្យូ ពីថ្ងៃទី ១៦-១៨ ខែធ្នូ
សម្តេច ហ៊ុន ម៉ាណែត និង​ភរិយា ទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ានជប៉ុន នៅទីក្រុងតូក្យូ ពីថ្ងៃទី ១៦-១៨ ខែធ្នូ
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៥ ខែធ្នូ នេះ បានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ពីថ្ងៃទី ១៦-១៨ ខែធ្នូ។

 
កិច្ចប្រជុំកំពូលនៅតូក្យូ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតក្នុងការជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន តាមរយៈការចេញនូវសេចក្តីប្រកាសចក្ខុវិស័យរួមនានា។ នាឱកាសនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងមានជំនួបទ្វេភាគីជាមួយសមភាគីជប៉ុន លោក គីស៊ីដា ហ៊្វូមីអូ លើការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងចំនួនបី ពាក់ព័ន្ធនឹងធារាសាស្រ្ត ការផ្គត់ផ្គង់ទឹកស្អាត និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀត លើវិស័យឌីជីថល ធនាគារ និងថាមពល។
 
នៅក្រុងតូក្យូ សម្តេច ហ៊ុន ម៉ាណែត ក៏នឹងចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) ផងដែរ។ សម្តេចនឹងមានជំនួបអាហារការងារពេលព្រឹក ជាមួយសមភាគីឡាវ លោក សនសៃ ស៊ីផាន់ដន សមភាគីវៀតណាមលោក ផាម មិញជិញ រួមទាំងជំនួបទ្វេភាគីជាមួយសមភាគីថៃ លោក សេដ្ឋា ថាវីស៊ីន។
 
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងរដ្ឋាភិបាល និងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ក៏បានចូលរួមអមដំណើរប្រមុខរដ្ឋាភិបាលផងដែរ។
 
ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត និងភរិយា រួមទាំងសមាជិកប្រតិភូកម្ពុជា នឹងមានកម្មវិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរដែលរស់នៅប្រទេសជប៉ុន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com