កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន​ សាងប្រវត្តិសាស្ត្រជាក្រុមកម្ពុជាដំបូង ឡើងវគ្គ១/២ផ្តាច់ព្រ័ត្រ AFC Cup
15, Dec 2023 , 10:03 am        
រូបភាព
ភ្នំពេញក្រោន ឆ្លងផុតវគ្គចែកពូល ចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup តំបន់អាស៊ាន (Zonal finals) លើកដំបូងក្នុងប្រវត្តិសាស្ត្រ បើទោះចាញ់ Shan United FC ២-១ នៅជំនួបចុងក្រោយពូល F ក៏ដោយ។ ភ្នំពេញក្រោន ដែលទទួលបានលេខពីរល្អបំផុតនៅវគ្គចែកពូល ត្រូវបន្តជួបក្រុមអូស្ត្រាលី Central Coast Mariners វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។



នៅជំនួបចុងក្រោយពូល F នៅយប់ថ្ងៃទី១៤ ខែធ្នូ នាកីឡដ្ឋាន Thuwunna ក្នុងក្រុងយ៉ុងហ្គូន ប្រទេសមីយ៉ាន់ម៉ា ខ្សែបម្រើ Andres Nieto បានជួយក្រុមភ្ញៀវភ្នំពេញក្រោននាំមុខមុននៅនាទី៣១។ យ៉ាងណាក៏ដោយ ក្រុមម្ចាស់ផ្ទះ Shan United បានរកគ្រាប់តាមស្មើ និងគ្រាប់ជ័យជម្នះនៅមុនបញ្ចប់វគ្គទី២តែម្តង តាមរយៈកីឡាករ Racheen Bello នាទី៤២ និង Ye Yint Aung នាទី៤+១។
 
ឈ្នះភ្នំពេញក្រោនមែន ប៉ុន្តែ Shan United នៅតែមិនអាចបន្តទៅវគ្គបន្ទាប់ ពោលគឺបញ្ចប់នៅបាតតាងពូល F ដោយទទួលបាន៤ពិន្ទុ ស្មើក្រុម DH Cebu ដែលនៅលេខ៣។
 
ភ្នំពេញក្រោន បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ មាន១២ពិន្ទុ ស្របពេល Macarthur FC ដែលបន្តឈ្នះ DH Cebu ៣-០ បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងមាន១៥ពិន្ទុ។ ទាំងភ្នំពេញក្រោន និងក្រុមអូស្ត្រាលី Macarthur ចាប់ដៃគ្នាទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តំបន់អាស៊ាន។ ភ្នំពេញក្រោន ជាប់ជាក្រុមលេខ២ល្អបំផុតនៅវគ្គសន្សំពិន្ទុ ដោយរកបាន១២ពិន្ទុ និងសំណល់គ្រាប់បាល់៨គ្រាប់ មានប្រៀបលើក្រុមម៉ាឡេស៊ី Terengganu ដែលមាន១២ពិន្ទុ តែមានសំណល់គ្រាប់បាល់តែ៤គ្រាប់។
 
ឆ្លងផុតវគ្គចែកពូល AFC Cup ឆ្នាំ២០២៣ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្រុមពីលីគកំពូលកម្ពុជា ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Oleg Starynskyi ត្រូវបន្តជួបក្រុមពីលីគកំពូលអូស្ត្រាលី Central Coast Mariners។ ដោយឡែក Macarthur FC ត្រូវប៉ះ Sabah របស់ម៉ាឡេស៊ី។ ជើងទី១ នឹងចាប់ផ្តើមនៅថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០២៤ និងជើងទី២ នៅថ្ងៃទី១៩-២០ ខែមករា។ 
 
នៅវគ្គនេះ ក្លិបភ្នំពេញក្រោន នឹងទទួលបានថ្លៃនឿយហត់៤ម៉ឺនដុល្លារក្នុងមួយប្រកួតពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ហើយប្រសិនបើក្រុមកម្ពុជាមួយនេះអាចឆ្លងផុតវគ្គនេះទៀត នឹងទទូលបានប្រាក់រង្វាន់ចំនួន១០ម៉ឺនដុល្លារបន្ថែមទៀត។
 
សម្រាប់កីឡាករដែលរកគ្រាប់ស៊ុតបញ្ចូលទីបានច្រើនជាងគេ រួមមាន Marco Túlio ខ្សែប្រយុទ្ធប្រេស៊ីលរបស់ក្រុម Central Coast Mariners FC ចំនួន៨គ្រាប់ តាមពីក្រោយដោយ ខ្សែប្រយុទ្ធជប៉ុន Shintaro Shimizu របស់ភ្នំពេញក្រោន ដែលរកបាន៧គ្រាប់។ Darren Lok ខ្សែប្រយុទ្ធម៉ាឡេស៊ីរបស់ក្រុម Sabah រកបាន៦គ្រាប់៕ 

Tag:
 ភ្នំពេញក្រោន
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com