ជាតិ
លោកស្រី ពេជ ចន្ទមុន្នី ក្លាយជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា
16, Dec 2023 , 4:21 pm        
រូបភាព
ដោយ: រួបរួម
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយាប្រមុខរដ្ឋាភិបាល បានក្លាយជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី១៥ ខែធ្នូ ស្តីពីការទទួលស្គាល់គណៈកម្មាធិការកណ្តាល និងអគ្គលេខាធិការ អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា អាណត្តិទី៧។

 
មហាសន្និបាទនាថ្ងៃទី១៥ ខែធ្នូ បន្តជ្រើសតាំងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់តំណែងជាប្រធានក្នុងអាណត្តិទី៧ ដោយសម្តេចដឹកនាំចាប់តាំងពីឆ្នាំ១៩៩៨មក។ សម្តេច គង់ សំអុល ដែលកន្លងមកជាអនុប្រធានអចិន្ត្រៃយ៍ ក្លាយជាអនុប្រធាន រួមជាមួយលោកស្រី អាន្នី សុខអាន និងលោកស្រី ជឹង សុភាព។
 
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្លាយជាអនុប្រធានអចិន្ត្រៃយ៍ ជំនួសសម្តេច គង់ សំអុល។ សម្តេច ឃួន សុដារី ដែលបច្ចុប្បន្នជាប្រធានរដ្ឋសភា មិនមានតួនាទីជាអនុប្រធាននៅក្នុងគណៈកម្មាធិការកណ្តាលកាកបាទក្រហម នាអាណត្តិថ្មីនេះទៀតឡើយ។
 
លោកស្រី អ៊ុក ម៉ាលី បន្តតួនាទីជាអគ្គហេរញ្ញិក។ សមាជិកផ្សេងទៀតនៃកាកបាទក្រហម រួមមាន លោក ពិត ចំណាន, លោក លី យ៉ុងផាត់, លោក ម៉ុង ឫទ្ធី, លោក គិត ម៉េង, លោក ឃួង ស្រេង, លោក គឹម វីរៈ និងលោក មាន ចាន់យ៉ាដា។
 
លោកស្រី ពុំ ចន្ទីនី បានកាន់តំណែងជាអគ្គលេខាធិការ ដូចគ្នាផងដែរ សម្រាប់លោកស្រី ម៉ែន នារីសោភ័គ និងលោក យូ ឡាណា សម្រាប់តំណែងជាអគ្គលេខាធិការរងទី១ និងអគ្គលេខាធិការរងទី២ នៃកាកបាទក្រហមកម្ពុជា។
 
កាកបាទក្រហម ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស ត្រូវបានបង្កើតឡើងនៅថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងត្រូវបាន ទទួលស្គាល់ជាផ្លូវការពី រដ្ឋា ភិបាលកម្ពុជាថា ជាសមាគមស្ម័គ្រចិត្តផ្ដល់ ជំនួយ ជាជំនួយការឲ្យជ្ញាធរសាធារណៈ នៅក្នុងវិស័យមនុស្សធម៌។ ស្របតាមសន្ធិសញ្ញាក្រុងហ្សឺណែវ គឺជា សមាគមជាតិកាកបាទក្រហមតែមួយគត់ ដែលអាចធ្វើសកម្មភាពពាស ពេញប្រទេសបាន។
  
គណៈកម្មាធិការអន្ដរជាតិកាកបាទក្រហម បានទទួលស្គាល់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ១៩៦០ និងត្រូវបញ្ចូលជាសមាជិកទី ៨៥ នៃសហព័ន្ធអន្ដរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម នៅថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ១៩៦០៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com