ជាតិ
អត្ថបទពាណិជ្ជកម្ម
រកឃើញម្ចាស់ជ័យលាភីពានរង្វាន់គីណាល់លើកទី១១ ក្រោយខកខានអស់រយៈពេល ៣ឆ្នាំអំឡុងកូវីដ ១៩
18, Dec 2023 , 9:39 am        
រូបភាព
ពានរង្វាន់គីណាល់ ត្រូវបានប្រគល់ជូននិស្សិតសុខាភិបាល ដែលមានស្នាដៃស្រាវជ្រាវល្អបំផុត កាលពីថ្ងៃទី១៦ ខែធ្នូក្នុងឱកាសនៃកម្មវិធីប្រគល់ពានរង្វាន់គីណាល់ ឆ្នាំ២០២៣។ នេះជាលើកទី១១ហើយ ដែលមូលនិធិគីណាល់ត្រូវបានរៀបចំកម្មវិធីនេះឡើង បើគិតចាប់ពីឆ្នាំ២០១៣ ជាលើកដំបូង និងក្រោយរៀបចំអំឡុងកូវីដ-១៩។

កម្មវិធីនេះ បានប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដែលមានការចូលរួមពី លោកស្រី វ៉ា ពុធនាថ រដ្ផលេខាធិកាប្រសួងសុខាភិបាល, លោក ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ ប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេល, លោកស្រី ទេព រង្ស៊ី អតីតព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត និងភ្ញៀវកិត្តិយស ព្រមទាំងនិស្សិតជាច្រើននាក់ទៀតផងដែរ។ ពានរង្វាន់គីណាល់ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ ក្នុងគោលបំណងជំរុញនិស្សិតសុខាភិបាលកម្ពុជា ឱ្យរៀនស្រាវជ្រាវទៅតាមបែបបត់អន្តរជាតិ ដើម្បីឱ្យពួកគេមានឱកាសពង្រីកសក្តានុពលក្នុងវិស័យនេះ ត្រៀមខ្លួនប្រឡូកក្នុងវិស័យការងារ និងចូលរួមចំណែកដល់​អភិវឌ្ឍវិស័យសិក្សា​ស្រាវជ្រាវនៅកម្ពុជា។ 
 
ក្នុងចំណោមនិស្សិតដែលបានចូលរួមប្រកួតចំនួន ១៥ក្រុម គណៈកម្មការជ្រើសរើស ១០ក្រុម ដើម្បីចូលរួមវគ្គផ្តាច់ព្រ័ត្រ។ ការជ្រើសរើសនេះ ផ្តោតទៅលើការវាយតម្លៃ​លើស្នាដៃសរសេរគម្រោងស្រាវជ្រាវក្រោមប្រធានបទ “ការឈឺចាប់ទាក់ទងនឹងភាពតានតឹង”។​ 
  


ក្រុមបេក្ខជនដែលត្រូវបានជ្រើសរើសជានិស្សិតផ្នែកឱសថសាស្ត្រ ទន្តសាស្ត្រ និងវេជ្ជសាស្ត្រ ដែលមកពីសាកលវិទ្យាល័យ ចំនួន ៤គឺ សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល, សាកលវិទ្យាល័យពុទ្ធិសាស្ត្រ, សាកលវិទ្យាល័យអន្តរជាតិ និង​វិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាលកងយុទ្ធពលខេមរភូមិន្ទ។  
 
គណៈកម្មការវាយតម្លៃការប្រកួតពានរង្វាន់គីណាល់ ដឹកនាំដោយលោក ឈា ឆវ័ន្ត នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងផ្តល់ពិន្ទុដល់ក្រុមបេក្ខជនប្រឡងទាំង១០ ក្រុមនៅពេលព្រឹក ដើម្បីចម្រាញ់យកក្រុមលេខ១ លេខ២ និងលេខ៣ ដែលជាបេក្ខជនជ័យលាភី ដែលនឹងត្រូវប្រកាស និងផ្តល់ពានរង្វាន់នាពេលរសៀលក្នុងថ្ងៃដដែលនេះ។
 
ពានរង្វាន់គីណាល់រៀបចំឡើងដោយមូលនិធិគីណាល់ ដោយមានការឧបត្ថម្ភពីសហគ្រាសផលិតឱសថប៉េប៉េអឹម ដែលជាសហគ្រាសឈានមុខគេនៅកម្ពុជា និង​ក្រុមហ៊ុន​ខនហ្វីរេល៕ 

ព័ត៌មានបន្ថែមៈ 089 89 57 57







(អត្ថបទពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com