កីឡាជាតិ
ជាតិ
បឹងកេត រកបានជ័យជម្នះដំបូង ក្រោមការដឹកនាំរបស់គ្រូបណ្តោះអាសន្ន ហុង ផេង
18, Dec 2023 , 11:49 am        
រូបភាព
រូបភាព៖-CPL
រូបភាព៖-CPL
ឡើងជាគ្រូបបង្គោលណ្តោះអាសន្នភ្លាម លោក ហុង ផេង ដឹកនាំ បឹងកេត រកបាន៣ពិន្ទុតែម្តង តាមរយៈជ័យជម្នះ ៦-០ លើក្រុមគិរីវង់សុនសែនជ័យ នៅជំនួបលីគកំពូលកម្ពុជា CPL។ ជ័យជម្នះនេះ ជួយបឹងកេតប្រដេញតំណែង Top4 ដើម្បីប្រជែងកៅអីទៅវគ្គ៤ក្រុមចុងក្រោយ។



ចំណោម ៥ប្រកួតចុងក្រោយ បឹងកេតទើបស្គាល់ឈ្នះមួយលើកនេះ នៅជំនួបលីគសប្តាហ៍ទី១៤ ដែលធ្វើឡើងនៅកីឡដ្ឋានគិរីវង់នៅថ្ងៃទី១៧ ខែធ្នូ។ ទាំង៦គ្រាប់របស់បឹងកេត ធ្វើបានដោយកីឡាករជប៉ុន Ryohei Yoshihama ៣គ្រាប់ម្នាក់ឯង និង Gulubovic Stefan ជា វេសលី និង Tachibana Yusike ម្នាក់១គ្រាប់។
 
៣ពិន្ទុពីក្រុមបាតតារាងគិរីវង់ បានជួយបឹងកេត ដែលទើបតែងតាំងលោក ហុង ផេង ជាគ្រូបង្គោលបណ្តោះអាសន្ន ជំនួសលោក Clement Teo ដែលត្រូវប្តូរទៅកាន់តួនាទីជានាយកបច្ចេកទេសវិញនោះ កើនឱកាសប្រជែងយកចំណាត់ថ្នាក់ Top4 ពីក្រុម អាយ អេស អាយ ដង្កោសែនជ័យ។
 
បឹងកេត ស្ថិតនៅចំណាត់ថ្នាក់ទី៥ មាន ១៩ពិន្ទុ តាមពីក្រោយ ដង្កោសែនជ័យដែលនៅលេខ៤ ចំនួន ៤ពិន្ទុ។ នៅជំនួបសប្តាហ៍ទី១៤ ដង្កោសែនជ័យ បានវាយបកយកឈ្នះម្ចាស់ផ្ទះណាហ្គាវើលដ៍ ៣-២ នៅកីឡដ្ឋានកំពង់ស្ពឺ។
 
ដោយឡែក ព្រៃវែងអេហ្វស៊ី ដែលយកឈ្នះ កងយោធពលខេមរភូមិន្ទ ៤-២ ស្ថិតនៅចំណាត់ថ្នាក់ទី៦បណ្តោះអាសន្ន ដោយតាមពីក្រោយបឹងកេតតែ១ពិន្ទុប៉ុណ្ណោះ និងជាក្រុមប្រជែង Top 4 ដើម្បីកៅអីវគ្គ៤ក្រុមចុងក្រោយផងដែរ។
 
ព្រះខ័នរាជស្វាយរៀង រក្សាចំណាត់ថ្នាក់កំពូលតារាងមាន៣៤ពិន្ទុ ក្រោយបន្តឈ្នះ អង្គរថាយហ្គឺរ ៧-១។ គិរីវង់សុខសែនជ័យ ស្ថិតនៅបាតរាងប្រឈមធ្លាក់ទៅលីគ២រដូវកាលក្រោយ ដោយរកបានតែ៦ពិន្ទុប៉ុណ្ណោះពីការប្រកួត១៤លើក តាមពីក្រោយអង្គរថាយហ្គឺរ ដែលឈរលេខ៩ ចំនួន ៥ពិន្ទុ។
 
ក្រុមលេខ៣ ភ្នំពេញក្រោន និងលេខ៣ វិសាខា ត្រូវប៉ះគ្នានៅល្ងាចថ្ងៃទី១៨នេះ សម្រាប់ជំនួបសប្តាហ៍ទី១៤ នៅកីឡដ្ឋាន Smart RSN៕

Tag:
 CPL
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com