FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Club World Cup ដែលមាន៣២ក្រុមលើកដំបូង នឹងធ្វើនៅទឹកដីអាម៉េរិក ឆ្នាំ២០២៥
18, Dec 2023 , 5:59 pm        
រូបភាព
ការប្រកួត FIFA Club World Cup ដែលមាន ៣២ ក្រុមជាលើកដំបូងឆ្នាំ ២០២៥ នឹងរៀបចំនៅទឹកដីអាម៉េរិក ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី១៨ ខែធ្នូ។



ព្រឹត្តិការណ៍ Club World Cup នឹងមានក្លិបមកពីសហព័ន្ធចំនូន ៦ ក្នុងនោះទ្វីបអឺរ៉ុប (UEFA) មាន១២ក្រុមច្រើនជាងគេ។ Chelsea, Real Madrid និង Manchester City មានកៅអីស្វ័យប្រវត្តិ ដ្បិតឈ្នះ UEFA Champions League នៅរយៈពេល ៤ ឆ្នាំចុងក្រោយ។ Arsenal នឹងត្រូវចូលដែរ ប្រសិនបើពួកគេឈ្នះ Champions League នៅរដូវកាលនេះ។
 
Bayern Munich, Paris St-Germain, Inter Milan, Porto និង Benfica ក៏ទទួលបានកៅអីនៅក្នុងការប្រកួតឆ្នាំ ២០២៥ ផងដែរ។
 
ប្រធាន FIFA លោក Gianni Infantino បាន​បញ្ជាក់​ពី​ព័ត៌មាន​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ក្នុង​ទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៨ ខែធ្នូ។
 
FIFA Club World Cup ដែលបង្កើតដំបូងនៅឆ្នាំ២០០០ ដោយរៀបចំរៀងរាល់ឆ្នាំ មានក្រុមចូលរួមចន្លោះពី៦ ទៅ១២ក្រុមប៉ុណ្ណោះ រហូតដល់ឆ្នាំ២០២៣។ ឆ្នាំ២០២៣​ ដែលអារ៉ាប៊ីសាអូឌីតនឹងធ្វើម្ចាស់ផ្ទះ មាន៧ក្រុមចូលរួម។ ចាប់ពីឆ្នាំ២០២៥ តទៅនឹងមាន៣២ក្រុមចូលរួម ហើយធ្វើរៀងរាល់២ឆ្នាំម្តង។
 
Real Madrid ជាក្រុមម្ចាស់ការពារតំណែងជើងឯក និងជាក្រុមជោគជ័យជាងគេសម្រាប់ពានរង្វាន់នេះ ដោយគ្រងជើងឯក៥សម័យរួចមកហើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com