កីឡាជាតិ
ជាតិ
ពហុកីឡដ្ឋានថ្មី នឹងសង់នៅព្រះសីហនុ ដែលអាចផ្ទុកអ្នកទស្សនាជាង៣ម៉ឺននាក់
19, Dec 2023 , 4:29 pm        
រូបភាព
លោកសាយ សំអាល់ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋាន ខេត្តព្រះសីហនុ។ រូបភាព៖ ក្រសួងរៀបចំដែនដី
លោកសាយ សំអាល់ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋាន ខេត្តព្រះសីហនុ។ រូបភាព៖ ក្រសួងរៀបចំដែនដី
ពហុកីឡដ្ឋានថ្មី នឹងត្រូវសាងសង់នៅក្នុងខេត្តព្រះសីហនុ ដែលអាចផ្ទុកទស្សនិកជន ៣១៥០០នាក់។ នេះបើតាមការប្រកាសរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋាន ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែធ្នូ ដោយគម្រោងនេះ ស្របតាមតម្រូវការ អភិវឌ្ឍវិស័យកីឡា និងទេសចរណ៍ក្នុងខេត្ត។

 
ក្រសួងរៀបចំដែនដី ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡាកម្ពុជា និងទេសចរណ៍ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះឱ្យកាន់តែរីកចម្រើន។
 
ពិសេសជាងនេះទៅទៀតនោះ គម្រោងសាងសង់ពហុកីឡដ្ឋានថ្មីសន្លាងនេះទៀតសោត នឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនាកម្សាន្តក្នុងខេត្តដែលសម្បូរទៅដោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតនេះ។
 
តាមរយៈការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងរៀបចំដែនដី លោករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកគម្រោងសាងសង់ពហុកីឡាដ្ឋានដែលអាចផ្ទុកមនុស្សប្រមាណ ៣១៥០០នាក់ ជាសមិទ្ធផលដ៏ថ្មីសន្លាងមួយទៀត ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី។
 
ក្រៅពីទីលានប្រកួត ពហុកីឡាដ្ឋានថ្មីខេត្តព្រះសីហនុ ក៏មានអគារសារមន្ទីរ សួនទេសចរណ៍ សាលមហោស្រព ហាងកាហ្វេ កន្លែងបោះតង់ និងរចនាសម្ព័ន្ធជាច្រើនទៀត។ ពហុកីឡដ្ឋានខេត្តព្រះសីហនុ នឹងត្រូវសាងសង់បែបសហសម័យ ដោយមានបញ្ចូលអត្តសញ្ញាណជាតិ និងធានាគុណភាពយូរអង្វែងដូចអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ៕

Tag:
 ពហុកីឡដ្ឋានខេត្តព្រះសីហនុ
  សាយ សំអាល់
© រក្សាសិទ្ធិដោយ thmeythmey.com