ជាតិ
សាសនា / ធម៌
សម្តេចសង្ឃ យ៉ន សេងយៀត៖ កុំយកភាពជោគជ័យខ្លួនទៅប្រមាថអ្នកដទៃ ព្រោះពៀរអាក្រក់ណាស់
20, Dec 2023 , 9:36 am        
រូបភាព
ដោយ: រួបរួម
«ពៀរអាក្រក់ណាស់អស់លោក ពៀរ ចាំមុខ ចាំល្អណាស់»។ សម្តេចសង្ឃ យ៉ន សេងយៀត មានព្រះដីការបែបនេះ ដើម្បីអប់រំមនុស្សទូទៅកុំឱ្យយកភាពជោគជ័យធ្វើជាឧបករណ៍ប្រមាថ មើលងាយមើលថោកអ្នកដទៃ។ សារព័ត៌មានឌីជីថលថ្មីៗ ដកស្រង់សង្ឃដីការបស់ព្រះសាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពីធម្មទេសនារបស់ព្រះអង្គនៅសាលាអង់គ្លេស-ចិន Cam-Asean កាលពីអំឡុងខែកក្កដា កន្លងមក ពោលគឺមុនពេលដែលព្រះអង្គឡើងគោរមងារជា «សម្តេចព្រះមហាអរិយវង្ស» គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។



សម្តេចសង្ឃ យ៉ន សេងយៀត មានព្រះដីកាថា រាល់ការជោគជ័យរបស់បុគ្គលម្នាក់ៗ គឺជារបស់មួយដាច់ដោយឡែក ដោយមិនទាក់ទងនឹងជីវិតអ្នកដទៃទាល់តែសោះ ដូច្នេះមនុស្សគ្រប់រូប មិនគួរប្រើប្រាស់របស់ដែលខ្លួនមាន ទៅប្រមាថអ្នកដទៃនោះឡើយ។

ព្រះអង្គលើកឡើងថា៖ «អស់លោកមានទ្រព្យក៏ត្រេកអរ ល្អហើយ។ អស់លោកចេះដឹងល្អហើយ។ អស់លោកមានសញ្ញាបត្រធំល្អហើយ។ អស់លោកពាក់អាវធំ ល្អហើយ តែកុំប្រមាថអ្នកដើររើសអេតចាយ អ្នកលក់លៀសអី មិនបានទេ អានោះពៀរអាក្រក់ណាស់ ពៀរអាក្រក់ណាស់អស់លោក ពៀរ ហើយចាំមុខ ចាំល្អណាស់»។

ព្រះសាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានពន្យល់ថា ជីវិតធម្មជាតិវិវត្តអត់ឈប់ ដោយថ្ងៃនេះ គេឃើញព្រះអង្គ ក៏ដូចជាព្រះតេជគុណ គូ សុភាព ទេសនាអំពីជីវិត តែ១០ឆ្នាំទៅមុខទៀត ព្រះអង្គអាចនៅទីកន្លែងផ្សេង ហើយក៏អាចក្លាយជាអ្នករត់ម៉ូតូបានដែរ។ រីឯពុទ្ធបរិស័ទដែលពាក់អាវធំចូលរួមស្តាប់ធម្មទេសនារបស់ព្រះអង្គ ក៏អាចជួបវិបិត្តក្នុងជីវិតផ្សេងៗផងដែរ។

«យោបល់អាត្មាជូនថា អ្វីដែលជោគជ័យក្នុងជីវិត គួរណាស់ក្លាយទៅជាទ្រព្យមួយសម្រាប់ជួយសង្គមច្រើនជាជាងទ្រព្យមួយបង្កើតវិបត្តិសង្គម ជាការចែករំលែកមួយដ៏ប្រសើរបំផុត»។ នេះជាដីកាណែនាំរបស់សម្តេចសង្ឃ យ៉ន សេងយៀត ដោយព្រះអង្គលើកទឹកចិត្តឱ្យរួមគ្នាជួយបណ្តុះអ្នកក្រ អ្នកល្ងង់ឱ្យមានចំណេះដឹង ជាជាងការប្រមាថមាក់ងាយ។

 ព្រះអង្គបានបន្ថែមថា៖ «ជោគជ័យអ្វីដែលមាន គួរក្លាយជាទៅជាមរតកមួយសម្រាប់ប្រើប្រាស់ជួយសង្គមច្រើន ជាជាងការប្រមាថកាតទានអ្នកណាម្នាក់ក្នុងសង្គម សូម្បីតែអ្នកណាម្នាក់ក៏កុំដែរ ព្រោះពៀរ ពូជនេះ បើដាំគឺដុះហើយ ពូជពៀរ ពូជប្រមាថ ពូជមើលងាយនេះ តែដាំ ដុះតែម្តង តែដុះហើយ មិនងាយងាប់ទេ»។

សម្តេចសង្ឃ យ៉ន សេងយៀត ត្រូវបានគេស្គាល់ថា ជាបញ្ញវន្តសង្ឃដំបូងបំផុត ដែលបានបញ្ចប់ការសិក្សាថ្នាក់ក្រោយបណ្ឌិតពីសាកលវិទ្យាល័យ Harvard ដ៏ល្បីល្បាញនៅសហរដ្ឋអាម៉េរិក និងទូទាំងពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះអង្គបានបញ្ជាក់ថា ព្រះអង្គហាក់ដូចជាអៀនខ្លួននៅពេលដែលឮការផ្សារភ្ជាប់ព្រះអង្គ ទៅនឹងសាកលវិទ្យាល័យ Harvard ដែលមិនមានអ្វីអស្ចារ្យដូចជាការគិតនោះឡើយ។

ក្រៅពីតួនាទីជាព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះអង្គក៏ជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ព្រះបាឡាត់គណរាជធានីភ្នំពេញ និងជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ព្រះអង្គ យ៉ត សេងយៀត បានឡើងគោរមងារពីព្រះមុនីកោសល (សីលសំវរោ) ជា «សម្តេចព្រះមហាអរិយវង្ស» គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជក្រឹត្យចុះហត្ថលេខាដោយ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៦ ខែកញ្ញា៕



© រក្សាសិទ្ធិដោយ thmeythmey.com