ជាតិ
សុំទិដ្ឋាការទៅបារាំង និង​១២ប្រទេសផ្សេងទៀតនៅអឺរ៉ុប អាចធ្វើឡើង​នៅមជ្ឈមណ្ឌល TLScontact
20, Dec 2023 , 9:59 pm        
រូបភាព
ដោយ: រួបរួម
​ឯកអគ្គ​រដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ឺឡេ កាលពីល្ងាចថ្ងៃទី​១៩ ខែ​ធ្នូ បាន​បើក​សម្ពោធ​មជ្ឈមណ្ឌល TLScontact ដើម្បីស្វាគមន៍​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ទៅ​ប្រទេស​បារាំង និង​ប្រទេស​១២ទៀត​នៅអឺរ៉ុប (តំបន់ស៊ែនហ្គែន)។

 
ស្ថិតនៅជាន់ទី​៥ នៃអគារវឌ្ឍនៈ  TLScontact បាន​ដំណើរការ​ចាប់តាំងពីថ្ងៃទី១៣ ខែធ្នូ មក មុន​នឹងឈាន​ដល់ពិធីសម្ពោធផ្លូវការ។ មជ្ឈមណ្ឌលថ្មីនេះ ត្រូវបានជ្រើសរើសឱ្យទទួលសាធារណជន ផ្តល់ព័ត៌មាន រៀបចំការណាត់ ទទួលពាក្យសុំទិដ្ឋា​ការ និងប្រមូល​ថ្លៃ​សេវា។ ការដកលិខិតឆ្លងដែនក៏ធ្វើនៅ​មជ្ឈ​មណ្ឌល​​នេះ​ផង​ដែរ​។ 
 
តាម​សេចក្តីប្រកាសព័ត៌មាន​របស់ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ការ​ជ្រើស​រើស​មជ្ឈ​មណ្ឌលខាងលើឲ្យទទួល ពាក្យសុំទិដ្ឋាការគឺបានបង្ហាញពី​ឆន្ទៈ​របស់​ស្ថាន​​ទូ​ត​​បា​រំាង​ក្នុង​ការ​កែលម្អ​លក្ខខណ្ឌ​ទទួល​ស្វាគមន៍អ្នកស្នើ សុំទិដ្ឋាការដែលមានចំនួនកើន​ឡើងជាលំដាប់ ក៏ដូចជា​ជួយ​កាត់​បន្ថយ​ថិរវេលា​នៃការ​​ណាត់ និង​ផ្តល់​សេវា ផ្សេងៗបន្ថែម ដើម្បីធា​នា​ផាសុក​ភាព​ប្រសើរ​​​បំផុត​របស់​អ្នក​ស្នើ​សុំ​ទិដ្ឋាការ។
 


TLScontact ​​ស្វាគមន៍​អ្នកស្នើសុំទិដ្ឋាការពីថ្ងៃចន្ទដល់ថ្ងៃសុក្រ (ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល) ឬនៅម៉ោងណាមួយ​ក្រៅ​ពីនេះបើមានតម្រូវការ និងនៅ​ព្រឹក​ថ្ងៃ​សៅរ៍។​ មជ្ឈមណ្ឌលនេះក៏ផ្តល់ផងដែរនូវ​សេវាផ្សេងៗទៀត​ដូចជា​ការ​ជួយ​រៀបចំឯកសារ ឬការទៅយក​ស្នាម​ខ្ចៅដៃ​(ស្នាមម្រាមដៃ)ដល់គេហដ្ឋានអ្នកស្នើសុំទិដ្ឋាការ។ 
 
ទោះយ៉ាងណាក៏ដោយ​ ការប្រើប្រាស់សេវាបន្ថែម​ទាំងនេះមិ​ន​ធានា​នូវ​ការ​​ទទួល​បាន​ទិដ្ឋា​ការ ឬការណាត់ជួបឆាប់ រហ័ស ឬការពិនិត្យ​ពាក្យ​សុំលឿនជាងអ្នកផ្សេងដោយសា្ថនទូតបារាំងនោះទេ។ 
 
ពលរដ្ឋកម្ពុជាទាំងអស់ត្រូវស្នើសុំទិដ្ឋាការដើម្បីអាចធ្វើដំណើរទៅប្រទេសបារាំង មិនថារយៈ​ពេល​​ស្នាក់​នៅប៉ុន្មានថ្ងៃ ឬកាន់ឯកសារធ្វើដំណើរអ្វីនោះទេ (លិខិតឆ្លងដែនធម្មតា ផ្លូវការ ឬការទូត) លើក​លែង​តែករណី​ពួក​គេ​មាន​ប័ណ្ណស្នាក់នៅបារាំងដែលនៅមានសុពលភាព សម្រាប់ការស្នាក់នៅប្រទេស​បារំាង ឬ​​​ប្រទេស​ណា​​មួយ​​​នៃតំបន់ស៊ែនហ្គែន រួមមាន បែលហ្សិក អេស្ប៉ាញ អេស្តូនី ក្រិច ហុងគ្រី អ៊ីស្លង់ ឡេតូនី ម៉ាល់ត៍ ន័រវេស ព័រ​ទុយហ្កាល់ ស្លូវ៉េនី និងសាធារណរដ្ឋឆែក៕ 

© រក្សាសិទ្ធិដោយ thmeythmey.com