ជាតិ
លោក កែវ រ៉េមី៖ អតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន វ័យ​៩២ឆ្នាំ មាន​សុខភាពធម្ម​តា
20, Dec 2023 , 5:59 pm        
រូបភាព
ដោយ: រួបរួម
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បាន​អះអាងថា សុខភាពអតីតមេដឹកនាំ​ខ្មែរក្រហម ខៀវ សំផន បច្ចុប្បន្ន​ឈាន​ចូល​ដល់​វ័យ​៩២ឆ្នាំ មាន​លក្ខណៈធម្មតាស្របតាម​វ័យ​របស់គាត់។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.) បានអះអាងយ៉ាងដូច្នេះ ក្រោយ​លោក​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះមើលស្ថានភាពសិទ្ធិមនុស្សរបស់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកណ្តាល នាព្រឹកថ្ងៃទី​២០ ខែធ្នូ។

 
លោក ខៀវ សំផន ដែលជាមេដឹកនាំខ្មែរក្រហម ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល កាលពីថ្ងៃទី៣០មករា ឆ្នាំ២០២៣។ លោក ខៀវ សំផន ត្រូវបានមន្ត្រីពន្ធនាគាររៀបចំឲ្យ ស្នាក់នៅផ្ទះមួយដាច់ដោយឡែកពីជន​ជាប់ឃុំឃាំងផ្សេងទៀត និង​ទទួលបាន​ការមើល​ថែដោយយក​ចិត្តទុកដាក់ពីសំណាក់​អ្នក​មើល​ថៃ គ្រូ​ពេទ្យ និងមន្ត្រីពន្ធនាគារ។
 
លោកមាន​សុខភាធម្មតា តាម​វ័យ​របស់គាត់។ នេះជាការបញ្ជាក់របស់​លោក កែវ រ៉េមី ក៏​ដូចជា​សេចក្តី​ប្រកាសព័ត៌មាន​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា។
 
លោក ខៀវ សំផន ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល ដើម្បីបន្តអនុវត្តទោសអស់មួយជីវិត ក្រោយការសម្រេចរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កាលពីថ្ងៃទី២២កញ្ញា ឆ្នាំ២០២២។ 
 


 លោក ខៀវ សំផន បានកាន់មុខតំណែងជាន់ខ្ពស់ក្នុងមុខនាទីជាច្រើនខុសៗគ្នានៅក្នុងបក្សកុម្មុយនីស្តកម្ពុជា (ប.ក.ក) ឬ «របបខ្មែរក្រហម» និងនៅក្នុងរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ មុខនាទីលេចធ្លោជាងគេ ក្នុងមុខនាទីជាគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានចាត់ទុកថាជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ។
 
លោក ខៀវ សំផន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ យកមកឃុំខ្លួនក្រោមសមត្ថកិច្ចនៃសហចៅក្រមស៊ើបអង្កេត ចំពោះបទចោទចូលរួមក្នុងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម។ 
 
សំណុំរឿងរបស់ លោក ខៀវ សំផន ដំណើរការអស់ជាង១៥ឆ្នាំ ហើយលោក ត្រូវបានចោទធ្វើឲ្យមានពិរុទ្ធភាពពីបទប្រល័យ ពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចំពោះសកម្មភាពនានា ក្នុងនោះរួមមានការធ្វើទុក្ខបុកម្នេញ ការដាក់ឱ្យទៅជាទាសករ ការឃុំឃាំង អំពើអមនុស្សធម៌ អាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការធ្វើទារុណកម្ម អំពើមនុស្សឃាត ការសម្លាប់រង្គាល និងការបាត់ខ្លួនដោយបង្ខំ៕

Tag:
 ខៀវ សំផន
© រក្សាសិទ្ធិដោយ thmeythmey.com