កីឡាជាតិ
ជាតិ
គោព្រៃកម្ពុជា ត្រូវប៉ះកាតា ក្នុងជំនួបមិត្តភាព ថ្ងៃទី៣១ ធ្នូ មុន Asian Cup
21, Dec 2023 , 4:17 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកាតា នឹងត្រូវទទួលជម្រើសជាតិកម្ពុជា និងហ្សកដានី ក្នុងការប្រកួតមិត្តភាព ដើម្បីត្រៀមខ្លួនមុនព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០២៣។



ជំនួបរវាងកាតា និងកម្ពុជា នឹងធ្វើនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មុនបន្តជួបហ្សកដានីនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ មិត្តភាពទាំងពីរប្រកួតនេះ ធ្វើឡើងដើម្បីជាការកំដៅសាច់ដុំរបស់កាតា ក្នុងការត្រៀមខ្លួនការពារតំណែងជើងឯក Asian Cup របស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់កាតា (QFA) នៅលើបណ្តាញសង្គម X ផ្លូវការរបស់ខ្លួន ដោយមិនបញ្ជាក់ទីតាំងប្រកួតនៅឡើយ។
 
យ៉ាងណាក៏ដោយ កាលពីខែតុលា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅលើទំព័រហ្វេសប៊ុកផ្លូវការ បានផ្សាយថា QFA អញ្ជើញក្រុមគោព្រៃកម្ពុជាទៅប្រកូតមិត្តភាពទល់ក្រុមជម្រើសជាតិពួកគេ នៅក្រុងដូហា នៅថ្ងៃទី៣១ ខែធ្នូ ដោយជំនួបនេះ ធ្វើឡើងដើម្បីចែករំលែកបច្ចេកទេសរវាងក្រុមទាំងពីរ។
 
កាតា ដែលទើបតែងតាំងគ្រូបង្វឹកថ្មីលោក Marquez Lopez ជំនួសគ្រូចាស់លោក Carlos Queiroz នៅខែធ្នូនេះ នឹងត្រូវដឹកនាំធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំ២០២៣ ដែលចាប់ផ្តើមពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។ ម្ចាស់ការពារជើងឯកនេះ ស្ថិតនៅក្នុងពូល A ជាមួយ ចិន លីបង់ និងតាហ្ស៊ីគីស្ថាន។ កាតា នឹងប្រើប្រាសកីឡដ្ឋានចំនួន៩ រៀបចំព្រឹត្តិការណ៍តំបន់អាស៊ីមួយនេះ។ 
 
សម្រាប់ជំនួបមិត្តភាពនេះ លោកគ្រូបង្វឹក Felix Dalmas បានកោះហៅកីឡាករ២៤នាក់ ក្នុងនោះអ្នកចាំទី អ៊ុំ វិចិត្រ ខ្សែការពារ ទេស សម្បត្តិ និងម៉ាត់ នូរុណ សុទ្ធតែមានឈ្មោះក្នុងបញ្ជីសារជាថ្មី។
  


កាតា សព្វថ្ងៃស្ថិតនៅចំណាត់ថ្នាក់ទី៥៩ ពិភពលោក ក្នុងតារាង FIFA Ranking និងទើបទទួលការរៀបចំធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២២ ផងដែរ។ ដោយឡែកកម្ពុជា ដែលមិនអាចឆ្លងផុតវគ្គជម្រុះកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២៦ តំបន់អាស៊ី ស្ថិតនៅចំណាត់ថ្នាក់ទី១៧៩៕
 

Tag:
 ជម្រើសជាតិកម្ពុជា
  កាតា
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com