កីឡាជាតិ
ជាតិ
ម៉ាត់ នូរុណ កីឡាករក្នុងស្រុក នាំមុខគ្រាប់បាល់ច្រើនជាងគេនៅ CPL
23, Dec 2023 , 9:30 am        
រូបភាព
រូបភាព៖ CPL
រូបភាព៖ CPL
ម៉ាត់ នូរុណ ខ្សែប្រយុទ្ធក្រុមបឹងកេត ចំណោមកីឡាករកម្ពុជាដែលរកបានគ្រាប់បាល់ច្រើនជាងគេបណ្តោះអាសន្នចំនួន៧គ្រាប់ ក្នុងលីគកំពូលកម្ពុជាខេមបូឌៀព្រីមៀរលីគ (CPL) គិតត្រឹមសប្តាហ៍ទី១៤។ ធាន សុផេន និង ញាណ សុស៊ីដាន រកបាន៦គ្រាប់រៀងខ្លួន។

ការប្រកួតលីគ CPL រដូវកាល ២០២៣-២៤ ដែលមាន១០ក្រុមចូលរួម បានឆ្លងកាត់១៤ប្រកួតរួចហើយ ក្នុងនោះព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង តាមពីក្រោយដោយភ្នំពេញក្រោន វិសាខា និងអាយ អេស អាយដង្កោសែនជ័យ ខណៈគិរីវង់សុខសែនជ័យនៅបាតតារាង ប្រឈមកាត់ចោលទៅលីគកម្រិត២។ 
 
ដោយឡែក បឹងកេត និងព្រៃវែង ដែលស្ថិតនៅលេខ៥ និងលេខ៦ កំពុងប្រដេញគ្នាជាមួយដង្កោសែនជ័យ សម្រាប់តំណែង Top4 ដើម្បីបានកៅអីទៅវគ្គខ្វែង។
 
ឆ្លងកាត់១៤ប្រកួត មានកីឡាករក្នុងស្រុករបស់កម្ពុជា៧រូប ដែលរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីចាប់ពី៣គ្រាប់ ក្នុងលីគកំពូលកម្ពុជា ក្នុង ម៉ាត់ នូរុណ ស៊ុតចូលច្រើនជាងគេចំនួន៧គ្រាប់។ ធាន សុផេន ខ្សែប្រយុទ្ធព្រៃវែង និង ញាណ សុស៊ីដាន របស់ទ័ព រកបាន៦គ្រាប់ម្នាក់។ លឹម ពិសុទ្ធ ខ្សែប្រយុទ្ធភ្នំពេញក្រោន រកបាន៥គ្រាប់ តាមពីក្រោយដោយ ស៊ិន កក្កដា ស៊ិន សុផាណាត់ របស់វិសាខា និង ចាន់ វឌ្ឍនាកា របស់បឹងកេត សម្រចបាន៣គ្រាប់រៀងខ្លួន។
 
ចំពោះអ្នកស៊ុតបញ្ចូលទីច្រើនជាងគេដោយគិតទាំងកីឡាករបរទេស Marcus Haber ខ្សែប្រយុទ្ធឆ្នើមស្វាយរៀង ឈរកំពូលតារាងដោយរកបាន១៦គ្រាប់ដាច់គេ តាមពីក្រោយដោយ កីឡាករជប៉ុន Ryohei Yoshihama របស់បឹងកេតដែលបញ្ចប់ទីបាន១០គ្រាប់ និងកីឡាករជប៉ុនដូចគ្នា Shintaro Shimizu ខ្សែប្រយុទ្ធភ្នំពេញក្រោនរកបាន៩គ្រាប់។ Thiha Zaw ខ្សែប្រយុទ្ធមីយ៉ាន់ម៉ារបស់ព្រៃវែង រួមជាមួយ Stefan Golubović កីឡាករស៊ែប៊ី របស់បឹងកេត និង Andrés Nieto កីឡាករកូឡុំប៊ី របស់ភ្នំពេញក្រោន រកបាន៨គ្រាប់ដូចគ្នា។
 
សម្រាប់កីឡាករដែលបញ្ជូនបាល់ឱ្យដៃគូសម្រេចទី (Assists) ច្រើនជាងគេបណ្តោះអាសន្ន គឺ Thiha Zaw ខ្សែប្រយុទ្ធមីយ៉ាន់ម៉ារបស់ព្រៃវែង ចំនួន៦លើក និង ផាច សុជាវីឡារបស់ភ្នំពេញក្រោន ៤លើក៕

Tag:
 (CPL
  ម៉ាត់ នូរុណ)
© រក្សាសិទ្ធិដោយ thmeythmey.com