កីឡាជាតិ
ជាតិ
ក្រុមកីឡាជិះសេះកម្ពុជាដែលមានសែរាជវង្សចូលរួម ឈ្នះមេដាយមាស FEI SEA Youth Cup នៅបាងកក
22, Dec 2023 , 3:59 pm        
រូបភាព
កីឡាករ កីឡាការិនីជិះសេះកម្ពុជា ដែលមានសែរាជវង្ស អ្នកអង្គម្ចាស់ នរោត្តមអម្រីតា ដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍ FEI SEA Youth Cup ឆ្នាំ២០២៣ ដែលរៀបចំលើកដំបូងនៅក្រុងបាងកក ប្រទេសថៃ។



អត្តពលិកកម្ពុជា ដែលរួមមាន អ្នកអង្គម្ចាស់ នរោត្តម អម្រីតារួមជាមួយកីឡាករ គិរីចាន់ តុលា និង គង់ រតនៈ បានប្រជែងឈ្នះក្រុមហ្វីលីពីន និងថៃលើវិញ្ញាសាជិះសេះលោតផ្លោះរបាជាក្រុម៣ទល់៣ ដើម្បីក្រសោបបានមេដាយមាស។
 
FEI SEA Youth Cup​ លើកទី១​ដែលរៀបចំពីថ្ងៃទី៧ ដល់១៧ខែធ្នូ ជាព្រឹត្តិការណ៍កីឡាជិះសេះដែលទើបបង្កើតលើកដំបូងនៅប្រទេសថៃដោយត្រូវធ្វើឡើងដើម្បីជំនួសកីឡាស៊ុហ្គេមលើទី៣២នៅកម្ពុជា ដែលមិនបានបញ្ចូលកីឡានេះ។
  


កម្មវិធីនេះ មានការចូលរួមពីបណ្តាក្រុមតាមប្រទេសអាស៊ីអាគ្នេយ៍ចំនួន៦រួមមានម្ចាស់ផ្ទះថៃ កម្ពុជា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ីនិងមីយ៉ាន់ម៉ា ក្នុងគោលបំណងករសាងទំនាក់ទំនងល្អក្នុងចំណោមអត្តពលិកទាំងអស់និងលើកស្ទួយកីឡាជិះសេះឱ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។
 
អ្វីដែលពិសេសនោះ កម្មវិធីកីឡាជិះសេះ FEI SEA Youth Cup ដែលមាន៥វិញ្ញាសាដើម្បីប្រកួតប្រជែងនេះមានការចូលរួមពីអត្តពលិកដែលជាប់សែស្រឡាយរាជវង្សានុវង្សមួយចំនួនផង ក្នុងនោះកម្ពុជាមានអ្នកអង្គម្ចាស់ នរោត្តម អម្រីតា រួមជាមួយរាជវង្សថៃ និងម៉ាឡេស៊ី៕

Tag:
 កីឡាជិះសេះ
  FEI SEA Youth Cup
© រក្សាសិទ្ធិដោយ thmeythmey.com