ជាតិ
លោក ហ៊ុន ម៉ានី៖ ការងារកែទម្រង់ មិនមែនត្រឹមតែនិយាយទេ តែ​ត្រូវធ្វើឱ្យ​ចេញជាលទ្ធផល
23, Dec 2023 , 10:00 am        
រូបភាព
ដោយ: រួបរួម
ត្រូវរៀបផ្ទះ​ខ្លួនឯងឱ្យស្អាត! ត្រូវប្រែក្លាយទ្រឹស្តីទៅជាការអនុវត្តឱ្យមាន​លទ្ធផលជាផ្លែផ្កាជាក់ស្តែងលើ​ដី! សម្តេច នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កម្រ​ភ្លេចណាស់​ពី​ការ​លើក​ឡើង​ដដែល​ៗ​បែបនេះ ទៅ​កាន់មន្ត្រី​គ្រប់ជាន់ថ្នាក់។ កត្តា​មួយ​ដ៏សំខាន់​ដើម្បីធានាភាព​រលូន​នៃដំណើរ​ទៅ​មុខ​របស់​រដ្ឋាភិបាល គឺ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ។ ទាក់ទងនឹង​បញ្ហានេះ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួងមុខងារ​សាធារណៈ បាន​បញ្ជាក់ថា គ្រប់គ្នា​ពិតជាមាន​ឆន្ទៈ​ដើម្បី​សាង​សមិទ្ធផល​ទុក​ជូន​អ្នក​ជំនាន់ក្រោយ។

រដ្ឋាភិបាលអណត្តិទី​៧ បាន​បោះជំហាន​ចូលដល់​ខែ​ទី៤របស់ខ្លួន ហើយកាលពីថ្ងៃទី២០ ខែធ្នូ ក៏ជាជំនួប​សំណេះ សំណាល​លើកទី​៤​ផងដែរ រវាង​រដ្ឋមន្ត្រី​ក្រសួងមុខងារសាធារណៈជាមួយ​ថ្នាក់​ដឹកនាំ​ និងមន្ត្រី​បច្ចេកទេស។ ក្នុងជំនួប​ ក្រៅ​ពី​គោលបំណង​ឈ្វេងយល់ពីគ្នាទៅ​វិញទៅមក លោក ហ៊ុន ម៉ានី ស្តាប់របាយការណ៍ ការចែក​រំលែក​បទ​ពិសោធន៍ ព្រម​ទាំង​ការ​លើ​កឡងនូវបញ្ហា​ប្រឈមនានា​ដើម្បី​សិក្សា និង​រក​ដំណោះស្រាយ។ ទាំងនេះ គឺ​ជាឆ្លើយ​តប​ទៅ​នឹង​ការងារ​កំណែរទម្រង់​រដ្ឋបាល​សាធារណៈ។


 
«ការងារកែទម្រង់នៃប្រព័ន្ធរដ្ឋបាលសាធារណៈ យើងមិនមែនត្រឹមតែនិយាយទេ តែយើងត្រូវតែធ្វើ ហើយធ្វើឱ្យចេញជាលទ្ធផល»។ លោក​រដ្ឋមន្ត្រី ហ៊ុន ម៉ានី បាន​បញ្ជាក់យ៉ាង​ដូច្នេះទៅ​កាន់មន្ត្រី​ក្រោម​ឱវាទ​របស់ខ្លួន ដែលត្រូវបាន​ដក​ស្រង់ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​មុខងារសាធារណៈ។
 
ដូចគ្នា​ផងដែរ នៅចំពោះ​មុខថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេសអគ្គ​លេខាធិការ​នៃគណៈកម្មាធិការកែទម្រង់​រដ្ឋបាល​សាធារណៈនៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី​២១ ខែ​ធ្នូ រដ្ឋមន្ត្រី​រូបនេះ ​បាន​អះអាងថា៖ «យើងពិតជាមានឆន្ទៈ ក្នុងការកែទម្រង់ពិតប្រាកដ ហើយយើងសុទ្ធតែមានចំណែកស្មើៗគ្នា ក្នុងការជំរុញ និងធ្វើទំនើបកម្មប្រព័ន្ធមុខងារសាធារណៈ … កែប្រែចក្ខុវិស័យនៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់សម្តេចធិបតី ឱ្យក្លាយជាសមិទ្ធផល បន្សល់ទុកជូនដល់អ្នកជំនាន់ក្រោយ»។ 
 
លទ្ធផល​ផ្លែផ្កាជាក់​ស្តែងលើ​ដី! នេះជាអ្វីដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់​បាន ហើយ​ក៏ជាអ្វី​ដែល​លោក ហ៊ុន ម៉ានី តាំង​ចិត្ត​សម្រេចឱ្យបាន​ផងដែរ​ក្នុងនាមជា​រដ្ឋមន្ត្រី​ក្រសួងមុខងារសាធារណៈ។ 
 
តាមទំព័រ​ហ្វេសប៊ុក​ខ្លួន ក្រសួង​មុខ​ងារសាធារណៈ បាន​បង្ហាញពី​ការ​បំពេញ​មុខ​ងារ​របស់អគ្គាធិការដ្ឋាន​លើ​ផ្នែក​អធិការកិច្ច ការវាយតម្លៃគុណភាពនៃប្រព័ន្ធមុខងារសាធារណៈ និងការវាយតម្លៃគុណភាពនៃសេវាសាធារណៈ អនុលោមតាមលិខិតបទដ្ឋានគតិយុត្តផ្សេងៗ។
 
នា​ថ្ងៃទី​២២ ខែ​ធ្នូ នេះ ក្រសួងមុខងារសាធារណៈ បាន​ប្រកាស​លទ្ធផល​បេក្ខជន​ប្រឡង​ជ្រើសរើសមន្រ្តី​កសិកម្ម​ឃុំ​ ដោយមាន​អ្នក​​ជាប់ចំនួន ២៥០នាក់ ក្នុង​នោះ​មាន​ស្រ្តីចំនួន ៩៤នាក់។ ក្នុងដំណើរ​ការ​រៀបចំ​ប្រកាស​លទ្ធផល​នៅ​ លោក ហ៊ុន ម៉ានី បាន​វាយ​តម្លៃថា បេក្ខជន​ដែល​ប្រឡងជាប់ សុទ្ធសឹងតែ​ជា​បេក្ខជន​មាន​សមត្ថភាព​ពិតប្រាកដ ទាំង​ចំណេះដឹង​ទូទៅ ជំនាញ និង​ភាសា​។ 
 
ក្រោយ​ប្រឡង​ជាប់ មន្រ្តី​កសិកម្មឃុំទាំង២៥០នាក់ នឹងត្រូវ​ចូលរួម​វគ្គបណ្ដុះ​បណ្ដាលរយៈពេល ១ឆ្នាំជាមុនសិន នៅ​ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។ តាមរយៈ​ការ​ប្រឡងនេះ ក្រសួង​មុខងារសាធារណៈ និ​ង​ក្រសួង​កសិកម្ម ក៏​បាន​រៀបចំបេក្ខជន​បម្រុងចំនួន ១០នាក់ក្នុង​មួយស្រុក ដើម្បី​ត្រៀម​ក្នុងករណី​បេក្ខជន​ឈប់​ដោយ​ប្រការណាមួយ។
 
ការដាក់ពង្រាយ​មន្ត្រី​បច្ចេក​ទេស​កសិកម្ម​ទៅគ្រប់ឃុំ-សង្កាត់ ស្ថិតក្នុងចំណោម​គោលនយោបាយ​អាទិភាពទាំង​៦នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​ ដំណាក់កាលទី១​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បី​ជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕

Tag:
 (ហ៊ុន ម៉ានី)
© រក្សាសិទ្ធិដោយ thmeythmey.com