ដោយ៖ ម៉ម ពិសី
ការគំរាមកំញើញពីសំណាក់ របបផ្តាច់ការកូរ៉េខាងជើង ហាក់បានស្ទុះឡើងវិញខ្លាំង នៅសប្តាហ៍នេះ ស្របពេលដែលនាវាមុជទឹកបាតសមុទ្រមួយគ្រឿងរបស់អាមេរិក បានចូលទៅចតនៅកំពង់ផែក្រុងប៊ូសាន របស់កូរ៉េខាងត្បូង។ បន្ទាប់ពីបាញ់មីស៊ីលអន្តរទ្វីប ដ៏មានកម្លាំងខ្លាំងបំផុតរបស់ខ្លួន កាលពីថ្ងៃចន្ទ កូរ៉េខាងជើងបានគំរាមនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីឆ្លើយតបចំពោះ “សកម្មភាពបង្ករឿង” ដែលសត្រូវបានប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានផ្លូវការកូរ៉េខាងជើង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ធ្នូ មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន បានចេញបញ្ជា ប្រាប់ទៅការិយាល័យកម្លាំងសព្វាវុធយុទ្ធសាស្ត្រា នៃកងទ័ពកូរ៉េខាងជើង ថាមិនត្រូវរារែកឡើយ ក្នុងការប្រើប្រាស់គ្រឿងសព្វាវុធនុយក្លេអ៊ែរ ឆ្លើយតបចំពោះសត្រូវ ប្រសិនបើសត្រូវបានធ្វើ “សកម្មភាពរងរឿង” ដោយប្រើសព្វាវុធនុយក្លេអ៊ែរដែរ។
ភ្លាមៗក្រោយការគំរាមនេះ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចេញលិខិតប្រកាសរួមគ្នា ដោយបានហៅឲ្យកូរ៉េខាងជើង ត្រូវតែឈប់ជាបន្ទាប់ នូវសកម្មភាពគំរាមកំញើញបង្កបញ្ហា ហើយត្រូវងាកមកចូលតុចរចា និយាយគ្នាវិញ ដោយគ្មានកំណត់លក្ខខណ្ឌអ្វីជាបឋមទេ។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ នៅក្នុងការប្រជុំ រវាងមន្ត្រីជាន់ខ្ពស់តំណាងសម្ព័ន្ធមិត្តទាំង៣បាន សហរដ្ឋអាមេរិកបានបញ្ជាក់ជំហរថា អាមេរិកសន្យាថានឹងប្រើប្រាស់គ្រឿងសព្វាវុធយុទ្ធសាស្ត្រ ដោយរាប់ទាំងអាវុធនុយក្លេអ៊ែរផង ដើម្បីប្រាប់ឲ្យកូរ៉េខាងជើងខ្លាចរអា។ វ៉ាស៊ីនតោន បានអះអាងថា ប្រសិនបើកូរ៉េខាងជើងហ៊ានតែប្រើអាវុធនុយក្លេអ៊ែរ មកលើសហរដ្ឋអាមេរិក ឬមកលើប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក នោះមានន័យថា របបផ្តាច់ការកូរ៉េខាងជើង នឹងត្រូវតែដួលរំលំចប់ជាស្ថាពរ។ កាលពីសប្តាហ៍កន្លងទៅដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយគំរាមខ្លាំងៗមិនធ្លាប់មាន ថាប្រសិនបើកូរ៉េខាងជើង ហ៊ានតែធ្វើរឿងដោយគ្មានការពិចារណាប្រុងប្រយ័ត្ន នោះកូរ៉េខាងជើងនឹងរងការកម្ទេចខ្លាយជាផេះ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ នាវាមុជទឹកបាតសមុទ្រមួយគ្រឿងរបស់អាមេរិក ឈ្មោះ USS Missouri បានទៅចូលចតនៅកំពង់ផែក្រុងប៊ូសាន។ ដោយចាត់ទុកថានេះជាសកម្មភាពរករឿង កូរ៉េខាងជើង បានបាញ់សាកមីស៊ីលបាលីស្ទីកអន្តរទ្វីប Hwasong-18 មួយគ្រាប់ កាលពីថ្ងៃចន្ទ។
យោងតាមក្រុមអ្នកជំនាញ មីស៊ីល Hwasong-18 ជាមីស៊ីលមានកម្លាំងខ្លាំងបំផុត របស់កូរ៉េខាងជើង អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចហោះទៅដល់ គ្រប់កន្លែងទាំងអស់នៃទឹកដីសហរដ្ឋអាមេរិក។
១ថ្ងៃបន្ទាប់ពីការបាញ់មីស៊ីលគំរាមរបស់កូរ៉េខាងជើងនេះ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានចាប់ផ្តើមដាក់ឲ្យដំណើរការ នូវប្រព័ន្ធចែករំលែកព័ត៌មានគ្នាភ្លាមៗ ស្តីពីសកម្មភាពបាញ់បង្ហោះគ្រឿងសព្វាវុធ របស់កូរ៉េខាងជើង។ ហើយកាលពីថ្ងៃពុធ កងទ័ពសម្ព័ន្ធមិត្តទាំង៣ បានធ្វើសមយុទ្ធយោធារួមគ្នា ដោយមានទាំងការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់របស់អាមេរិកថែមទៀត។
គួរកត់សំគាល់ថា សំណុំរឿងកូរ៉េខាងជើង ហាក់បានកក្រើកឡើងវិញ គួរឲ្យព្រួយបារម្ភ បន្ទាប់ពីភាគីទាំងសងខាងគំរាមគ្នាខ្លាំងឡើងៗ។ លោក Yang Moon-Jin សាស្ត្រាចារ្យនៅសកលវិទ្យាល័យ សិក្សាកូរ៉េខាងជើង នៅក្រុងសេអ៊ូល បានលើកឡើងថា ស្ថានការណ៍បច្ចុប្បន្ននេះធ្ងន់ធ្ងរខ្លាំងណាស់ ព្រោះភាគីជម្លោះ ប្រើពាក្យសំដីគម្រាមគ្នាខ្លាំងឡើងៗ ថានឹងវាយកំទេចគ្នា ដើម្បីបង្ការ ឬកំញើញ។
នៅថ្ងៃព្រហស្បតិ៍ទិ២១ធ្នូដែរ ប្អូនស្រីគីម ជុងអ៊ុន ឈ្មោះគីម យូជុង បានចេញសារមួយទៀត ថ្កោលទោសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលប្រជុំគ្នានិយាយរឿងកូរ៉េខាងជើង។ គីម យូជុង បានលើកឡើងថាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ មានសិទ្ធិស្របច្បាប់ការពារខ្លួន ព្រោះថា គឺសហរដ្ឋអាមេរិកទេ ដែលជាអ្នកនាំរឿងមុន តាមរយៈការបញ្ចេញគ្រឿងសព្វាវុធនុយក្លេអ៊ែរគំរាម៕